ស្ថិតក្នុងក្រុមសិល្បៈកងអង្គរក្សដែលមានមូលដ្ឋាននៅទួលក្រសាំង ក្រុងតាខ្មៅ នាយ ស្មាញ ត្រូវមេដឹកនាំរបស់ខ្លួនយករថយន្តដឹកទៅសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា បន្ទាប់ពីនាយក្អកធ្លាក់ឈាម ។
ក្រោយពេលសម្រាកព្យាបាលអស់រយៈពេលមួយសប្តាហ៍មក អាការរបស់នាយនៅមិនទាន់ធូរស្រាលនៅឡើយទេ ពោលគឺនៅតែមានឈាមធ្លាក់ជាបន្តបន្ទាប់ ខណៈពេលដែលក្រុមគ្រូពេទ្យកំពុងបន្តតាមដានជំងឺរបស់នាយ ។
តាមទូរស័ព្ទតារាកំប្លែងវ័យជាង៧០ឆ្នាំនាយ ស្មាញ ប្រាប់កោះសន្តិភាពថា នាយមានការព្រួយបារម្ភខ្លាំងពីជំងឺរបស់ខ្លួន ។ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយសប្តាហ៍កន្លងមកនេះឈាម នៅតែបន្តធ្លាក់ដដែល ។ នៅពេលយប់នាយស្មាញមានអាការក្តៅខ្លួនខ្លាំង ហើយខាកចេញមកមានធ្លាក់ឈាមក្រហមថ្លា ។ រយៈពេលមានជំងឺនេះ នាយស្មាញមិនបានទទួលទានបាយឡើយ គឺបានតែទឹក ព្រោះអាការជំងឺនេះហាក់មិនធ្វើគាត់ហូបអ្វីបានឡើយ ប៉ុន្តែគាត់នៅតែមានអារម្មណ៍ឃ្លាន តែហូបមិនកើត ។
រយៈពេលមួយសប្តាហ៍ហើយនាយស្មាញមិនបានបត់ជើងធំម្តងឡើយ ព្រោះមិនបានហូបអី ជាហេតុធ្វើឲ្យហេវហត់ អស់កម្លាំង ខណៈពេលឈាមនៅតែបន្តធ្លាក់គ្មានស្រាក ។
ក្រុមគ្រូពេទ្យប្រាប់ នាយស្មាញថា គាត់មានជំងឺសួតជាហេតុធ្វើឲ្យធ្លាក់ឈាមតាមមាត់ ប៉ុន្តែគាត់ស្ទើរមិនជឿថាខ្លួនឯងមានជំងឺបែបនេះឡើយ។
នាយស្មាញនៅចាំថា គាត់ធ្លាប់មានជំងឺបែបនេះម្តងដែរកាលពីជំនាន់ប៉ុលពត ក្នុងពេលកំពុងតែរែកដី ហើយដួលបុកជាមួយនឹងដងរែក ក៏ធ្លាក់ឈាមតាមមាត់ ប៉ុន្តែអាការនោះមិនបានរើឡើងទៀតឡើយ ទើបតែពេលនេះប៉ុណ្ណោះ។
នាយស្មាញនៅតែបន្តព្យាបាលតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យដដែល ។ មិនទាន់មានគំរោងប្តូរកន្លែងព្យាបាលទេ ព្រោះនៅមន្ទីរពេទ្យនោះនាយស្មាញគ្រាន់តែចំណាយទៅលើការទិញថ្នាំ ព្យាបាលប៉ុណ្ណោះ ចំណែកការស្នាក់នៅគឺមិនបង់ថ្លៃឡើយ។
ស្ថិតក្នុងស្ថានភាពដ៏លំបាកតារាកំប្លែងដែលមានដើមកំណើតពីស្រុក បាទី ខេត្តតាកែវ រូបនេះបានលើកដៃសូមការសន្តោសប្រណៃពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ឱ្យជួយដល់រូបគាត់ផង ដ្បិតការព្យាបាលអាការជំងឺអាចអូសបន្លាយពេលយូរទៀត ។
នាយស្មាញបានថ្លែងអំណរគុណដល់លោកនាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង ជាមេរបស់លោកដែលបានជួយឧបត្ថម្ភប្រាក់ចំនួន២០០ដុល្លារ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ។ មិនតែប៉ុណ្ណោះនាយស្មាញថ្លែងអំណរគុណប្រធានសមាគមសិល្បករខ្មែរលោកសុះ ម៉ាច និងសប្បុរសជនមួយចំនួនទៀតដែលបានជួយប្រាក់ចំនួន១០០ដុល្លារ ។ ប្រាក់នោះផ្តល់តាមរយៈលោកសុះ ម៉ាច ដោយបាននាំយកទៅប្រគល់កាលពីថ្ងៃទី២៧មេសានៅក្នុងមន្ទីរពេទ្យ ៕
ប្រភព៖everyday
loading...
0 comments:
Post a Comment