រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់អន្តរជាតិ៤គូនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី១៥ ឧសភា ត្រូវគេកត់សម្គាល់ថា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកស្នេហាកីឡាប្រដាល់ ។ កីឡាករកម្ពុជា២រូបទទួលបានជោគជ័យ ខណៈ២រូបទៀត ក៏ត្រូវបានកីឡាករថៃវាយបំបាក់ឱ្យរងការអាម៉ាស់វិញដែរ ។
សម្រាប់ព្រឹត្តិការណ៍«Ganzburg Top Fighter» ដែលចាប់ផ្ដើមនៅវេលាម៉ោង៨ព្រឹក កីឡាករ ហ៊ឹម សារ៉ាន់ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប៉ះគ្នាជាមួយកីឡាករថៃឈ្មោះPhech Nam Ek និងកីឡាករសូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែក ប៉ះគ្នាជាមួយកីឡាករថៃឈ្មោះNam Satoek ។ ប៉ុន្តែក្រោយការប្រកួតយ៉ាងស្វិតស្វាញ គឺមានតែម្នាក់ប៉ុណ្ណោះក្នុងចំណោមពួកគេទទួលបានជោគជ័យ ឯម្នាក់ទៀតបានត្រឹមតែកំដរកីឡាករថៃដល់ទីបញ្ចប់ប៉ុណ្ណោះ ។ កីឡាករ សូត្រ ប៊ុនធី ដែលធ្លាប់ប្រកួត៧៤លើក ឈ្នះ៦៤លើក ចាញ់៩លើក និងស្មើ១លើក គឺជាបេក្ខភាពដែលមានសំណាងមួយរូប បន្ទាប់ពីបានយកឈ្នះលើកីឡាករថៃ ហើយវាយឱ្យចុះចាញ់នៅវិនាទីចុងក្រោយ ។ យ៉ាងណាក៏ដោយ ជ័យជម្នះរបស់គេស្ថិតក្នុងសភាពប្រផិតប្រផើយបំផុត ដោយសារតែកីឡាករថៃក៏មិនណយ ហើយបញ្ចេញថ្វីដៃមិនធម្មតា ។ នៅទឹកទី១ និងទី២ កីឡាករទាំងពីរមានប្រៀបប្រហែលគ្នា ដោយក្នុងពេលនោះកីឡាករថៃNum Satoek មានសមត្ថភាពអាចគ្រប់គ្រងស្ថានការណ៍បានច្រើនជាងទៀតផង ។ ការប្រកួតរបស់ពួកគេកាន់តែក្ដៅខ្លាំងឡើង ក្នុងទឹកទី៣ និងទី៤ ដោយទាំងសូត្រ ប៊ុនធី និងកីឡាករថៃសុទ្ធតែធ្វើបានល្អ ។ កីឡាករកម្ពុជាប៊ិះនឹងភ្លាត់ឱ្យកីឡាករថៃវាយសន្លប់ ដោយសារតែពេលប្រទាញប្រទង់ខ្លាំង កីឡាករថៃមានសំណាងវ័ធត្រូវមួយកែងពេញទំហឹង ។ ប៉ុន្តែដោយសារតែឱកាសក្នុងទឹកទី៤ និងទឹកទី៥ ទើបធ្វើឱ្យកីឡាករសូត្រ ប៊ុនធី មានសំណាងនាំមុខវិញ ដែលនាំឱ្យកីឡាកររូបនេះឈ្នះពិន្ទុកីឡាករថៃដោយលទ្ធផល៣ទល់នឹង២ពីគណៈកម្មការផ្ដល់ពិន្ទុ ដោយអ្នករៀបចំការប្រដាល់បានអះអាងថា ហេតុផលដែលសូត្រ ប៊ុនធី បានឈ្នះ គឺដោយសារតែអាចវាយត្រូវគោលដៅបានល្អក្នុងទឹកទី៥នាំមុខជាងបន្តិចប៉ុណ្ណោះ ។ បើកុំដូច្នោះ គឺមានន័យថា កីឡាករថៃឯណោះវិញទេ ដែលមានសំណាងគ្រប់គ្រងលទ្ធផលឈ្នះ។ អ៊ីចឹងហើយទើបជ័យជម្នះរបស់កីឡាកររូបនេះត្រូវគេទះដៃច្រើន ដោយសារទម្រាំបានឈ្នះគឺចំណាយទុនខ្ពស់ ខណៈដែលកីឡាករថៃប្រកួតបានដល់ទៅ៨១លើក ឈ្នះ៦៣លើក ចាញ់១៤លើក និងស្មើ១លើក ដែលមានន័យថាមានបទពិសោធន៍ខ្ពស់ជាងកីឡាករកម្ពុជា។ គូនេះអ្នកឃ្លាំមើលដក-ចំហមាត់ស្ទើរមិនហ៊ានដកដង្ហើមឡើយ ដោយសារតែការប្រកួតរបស់ពួកគេ ល្អ និងរស់រវើក ។
សម្រាប់កីឡាករមួយរូបទៀតដែលត្រូវឡើងប្រកួតនៅក្នុងព្រឹត្តិការណ៍នេះដែរ មិនមានលទ្ធផលដូចគ្នានោះទេ ។ សំអាងលើប្រវត្តិប្រកួតបាន៨០លើក ឈ្នះ៥៩លើក ចាញ់១៨លើក និងស្មើ៣លើក កីឡាករ ហ៊ឹម សារ៉ាន់ ដែលត្រូវគេទស្សន៍ទាយថា នឹងមានទុនខ្ពស់ជាងគូប្រកួតនោះ បែរជាចាញ់កីឡាករថៃផ្ទុយពីការគ្រោងទុកក្នុងពេលដែលកីឡាករថៃឆ្លងកាត់ការប្រកួតបានតែ៧៨លើក ឈ្នះ៦៣លើក ចាញ់១៤លើក និងស្មើ១លើក ។ កីឡាករ Phach Nam Ek បានក្លាយជាកីឡាករដែលមានសមត្ថភាពមិនគួរឱ្យជឿក្នុងពេលប៉ះប្រកួតជាមួយកីឡាករ ហ៊ឹម សារ៉ាន់ ដែលជាជើងខ្លាំង និងល្បីឈ្មោះម្នាក់នៅក្នុងពិភពប្រដាល់ ។ ទាំងដៃទាំងជើងកីឡាកររូបនេះវាយចេញបានល្អយ៉ាងខ្លាំង ដោយកីឡាករកម្ពុជាសឹងនឹងទប់មិនបាននោះឡើយ ជាពិសេសចាប់ពីទឹកទី៣មក គឺកម្រិតវាយចេញរបស់កីឡាកររូបនេះកាន់តែមានចំណុចស្វាហាប់ និងពិបាកទប់ជាប់ ។ គាប់ជួនជាហ៊ឹម សារ៉ាន់ អន់កម្លាំង និងមើលទៅដូចជាពិបាកទប់នោះផង ក៏ត្រូវបរាជ័យយ៉ាងអាម៉ាស់ដោយពិន្ទុ ។
សម្រាប់ព្រឹត្តិការណ៍អន្តរជាតិ៤រូបផ្សេងទៀតនៅថ្ងៃអាទិត្យពេលរសៀលវិញ កីឡាករ មាស ច័ន្ទមាន មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដែលប្រកួតជាមួយកីឡាករថៃឈ្មោះ Pha Yaknoy និងកីឡាករកម្ពុជាឈ្មោះ ផង់ សុភាព មកពីក្លិបរាជសីហ៍ខេត្តរតនៈគីរី ប្រកួតជាមួយកីឡាករអង់គ្លេសឈ្មោះ Kieron Jessop ក៏មានលទ្ធផលឈ្នះមួយចាញ់មួយដូចគ្នានឹងព្រឹត្តិការណ៍«Ganzburg Top Fighter» ។ អ្នកទាំង៤ប៉ះគ្នានៅក្នុងព្រឹត្តិការណ៍ប្រដាល់ជើងឯកអន្តរជាតិស្រាបៀរកម្ពុជាលើកទី២ ដោយក្រៅពីត្រូវការឈ្នះចាញ់ ក៏ត្រូវការដណ្ដើមពិន្ទុដើម្បីឆ្ពោះទៅយកជើងឯកក្នុងពេលខាងមុខផងដែរ ។ កីឡាករមាស ច័ន្ទមាន គឺជាម្ចាស់ខ្សែក្រវាត់ក្នុងព្រឹត្តិការណ៍មួយរួចហើយរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ប៉ុន្តែនៅពេលប៉ះប្រកួតជាមួយកីឡាករថៃ ក៏ត្រូវកីឡាករថៃវាយឱ្យចាញ់ដោយពិន្ទុ ។ មានការភ្ញាក់ផ្អើលមិនតិចទេដែលអ្នកឆ្លងកាត់ការប្រកួត១០៩លើក ឈ្នះ៨៥លើក និងចាញ់២៤លើក ត្រូវចាញ់កីឡាករថៃដែលប្រកួតបានតែ៨០លើក ឈ្នះ៦៨លើក ចាញ់១១លើក និងស្មើ១លើក ។ សម្រាប់កីឡាករ ផង់ សុភាពដែលប្រកួតបាន៧០លើក ឈ្នះ៥៧លើក ចាញ់១១លើក និងស្មើ២លើក បានឈ្នះកីឡាករអង់គ្លេស ដែលប្រកួតបាន៣៦លើក ឈ្នះ៣០លើក ចាញ់៦លើក និងស្មើ២លើក ដូចការគ្រោងទុក ៕
ប្រភព៖everyday
loading...
0 comments:
Post a Comment