រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់នៅលើសង្វៀនស៊ីអិនស៊ីកាលពីថ្ងៃអាទិត្យទី១៥ ឧសភា កន្លងមកនេះ កីឡាករឆោម ប៊ុនឡុង មកពីមជ្ឈមណ្ឌលកីឡា ខ ភ ម បានធ្វើឱ្យកីឡាករ ភិន សុទី មកពីក្លិបកងពលតូចអន្តរាគមន៍លេខ៨ភ្នំទ្រព្យ ចាញ់ការប្រកួតដោយពិន្ទុទាំងមិនអស់ចិត្ត ។
ការជួបគ្នារវាងគូនេះបានធ្វើឱ្យអ្នកទស្សនាផ្ទាល់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះពួកគេទាំង២ បានបង្កើនការវាយលុកដាក់គ្នាយ៉ាងសាហាវតាំងពីនៅក្នុងទឹកទី១មកម្ល៉េះ ។ ភិន សុទី ហាក់បីដូចជាមើលស្រាលឆោម ប៊ុនឡុង បន្តិច ព្រោះឃើញគេដើរចូលវាយហាក់គ្មានក្រែងអ្វីបន្តិចណាឡើយ ប៉ុន្តែឆោម ប៊ុនឡុង ជាអ្នកប្រដាល់ដែលមានបទពិសោធន៍ប្រកួតនៅលើសង្វៀនក្រាស់គួរសម ក្រោយពីគេចចេញពីការវាយលុករបស់គូប្រកួត គេបានវាយបកសងវិញភ្លាមៗដោយប្រើគ្រប់ស្នៀតទាំងអស់ទាំងដៃ-ជើង-កែង-ជង្គង់បានបញ្ចេញព្រមគ្នាជាហេតុធ្វើឱ្យភិន សុទី ខ្លាចរអារលែងហ៊ានចូលវាយផ្ដេសផ្ដាសដូចមុនទៀត ។ ទោះបីយ៉ាងណា ចាប់ពីទឹកទី៣រហូតទៅ គូនេះអត់មានអ្នកណាអន់ជាងអ្នកណាឡើយ ដោយគេឃើញទាំងសងខាងបានច្រាសកែងនិងជង្គង់ដាក់គ្នាកាន់តែសាហាវលើសដើម ។ កម្លាំងភិន សុទី ហាក់បីដូចស្រុតចុះខ្លាំងនៅចុងទឹកទី៤និងទឹកទី៥ ជាហេតុផ្ដល់ឱកាសឱ្យឆោម ប៊ុនឡុង វាយសម្រុកយកឈ្នះពិន្ទុទាំងវេទនា ។
ចំណែកសូត្រ ខេវិន មកពីក្លិបបក្សីស្លាបដែក មុននឹងយកឈ្នះពិន្ទុ ឡុង វ៉ាន់តរ មកពីក្លិបសាលវ័ន្តកីឡា ក៏មិនសូវស្រួលខ្លួនប៉ុន្មានដែរ ។ រវាងគូនេះ ឡុង វ៉ាន់តរ មានប្រៀបជាងសម្រាប់ការប្រកួត២ទឹកដំបូង ប៉ុន្តែដោយសារតែចាញ់ប្រៀបកម្ពស់នោះ ធ្វើឱ្យកីឡាកររូបនេះពិបាកវាយគូប្រកួតឱ្យចំគោលដៅខ្លាំងណាស់ ។ ស្នៀតជើងរបស់សូត្រ ខេវិន ពេលទាត់ចេញម្ដងៗពិតជាមានទម្ងន់ធ្ងន់ពេលខ្លះធ្វើឱ្យឡុង វ៉ាន់តរ ដួលច្រងាប់ច្រងិលស្ទើរតែមិនអាចតស៊ូប្រកួតឱ្យដល់ទឹកទី៥បានទៀតផង។ ប៉ុន្តែដោយសារលោក ឡុង សាលវ័ន្ត ដែលជាគ្រូបង្វឹកជំរុញខ្លាំងពេក ឡុង វ៉ាន់តរ ចេះតែតស៊ូប្រកួតរហូតដល់ចប់ទឹកទី៥ និងចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ ។
នៅលើសង្វៀនដដែល កីឡាករផន ផឿត មកពីក្លិបឃ្លាំងមឿងកីឡា ឈ្នះពិន្ទុកីឡាករផាន រះ មកពីក្លិបតាព្រហ្មមានជ័យ ។ កីឡាករ ជឹម សារ៉ាត់ មកពីក្លិបតាព្រហ្មមានជ័យ បានប្រើស្នៀតកែងវាយផ្ដួលកីឡាករសេក កំសត់ មកពីក្លិបគីសែមានរិទ្ធ ឱ្យសន្លប់នៅមុនស្នូរជួងបញ្ចប់ទឹកទី៥ និងគូចុងក្រោយកីឡាករឡុង សុទី មកពីក្លិបខ្លារខិនមានរិទ្ធ ផ្ដួលកីឡាករសៅ ចេក មកពីក្លិបសុភានូមានជ័យ ឱ្យសន្លប់នៅក្នុងទឹកទី៣ ៕
ប្រភព៖everyday
loading...
0 comments:
Post a Comment