រាជធានីភ្នំពេញ ៖ ជំងឺទឹកនោមផ្អែមកើតមានជាយូរលង់ណាស់មកហើយ មិនមែនជាជំងឺថ្មីឡើយ ហើយក៏ជាជំងឺដែលគេរកឃើញជាង២០០០ឆ្នាំមុនគ្រិស្តសករាជទៅទៀត។ ដូច្នេះជាជំងឺដែលគេអាចនិយាយបានថា កើតឡើងមកជាមួយនឹងប្រវត្តិនៃកំណើតមនុស្សជាតិយើងនេះ ហើយបច្ចុប្បន្នគេឃើញការកើនឡើងនៃជំងឺទឹកនោមផ្អែមនេះកើនឡើងខ្លាំងនៅគ្រប់បណ្តាប្រទេសនៅលើសកលលោក ។ ដោយឡែកកម្ពុជាយើងក៏មិនមានការលើកលែងដែរពីព្រោះថា ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ដូច្នេះហើយអត្រានៃការកើតជំងឺទឹកនោមផ្អែមក៏មានលក្ខណៈខ្ពស់ដូចដែលយើងបានឃើញស្រាប់ហើយ ។
ខាងលើនេះជាប្រសាសន៍របស់លោកវេជ្ជបណ្ឌិត កុយ វ៉ាន់នី ឯកទេសជំងឺទឹកនោមផ្អែមនិងក្រពេញ និងជាប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យកាល់ម៉ែតក្នុងឱកាសធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត ។ លោកវេជ្ជបណ្ឌិត បានថ្លែងបន្តទៀតថា ជំងឺទឹកផ្អែមនេះតែងតែឮគេនិយាយថា មានប្រភេទទី១ ទី២ តែមែនទែនទៅនិយាយឲ្យស្រួលស្តាប់ ទឹកនោមផ្អែមប្រភេទទី១ យើងឃើញនៅលើកុមារមានន័យថា ក្មេងក្រោមអាយុ១០ឆ្នាំ ជាទូទៅយើងឃើញពី៥ទៅ៦ឆ្នាំ ប៉ុន្តែយើងក៏ធ្លាប់ឃើញក្មេងដែលកើតជំងឺនេះមានអាយុជាង១០ឆ្នាំ ដែរ(១៣-១៤ឆ្នាំ) ។
ជាទូទៅប្រភេទទី១នេះ កើតលើក្មេងក្រោមអាយុ១០ឆ្នាំ ហើយអត្រាស្លាប់ស្ទើរតែលើសពី៩០ភាគរយ បើសិនជាយើងឃើញហើយមិនបានប្រញាប់ក្នុងការព្យាបាល ប៉ុន្តែជាសំណាងល្អប្រភេទជំងឺទី១នេះយើងមានប្រហាក់ប្រហែលត្រឹមតែ១០ភាគរយប៉ុណ្ណោះក្នុងចំណោមជំងឺទឹកនោមផ្អែមទូទៅហើយនៅសល់ប៉ុន្មានលើសពី៩០ភាគរយ គឺជាជំងឺទឹកនោមផ្អែមប្រភេទទី២ ។
ប្រភេទទី២នេះ គឺចង់សំដៅការកើតជំងឺទឹកនោមផ្អែមទៅលើមនុស្សពេញវ័យ គឺរាប់ពីវ័យជំទង់ឡើងមកចាស់ជរា ។ ប្រភេទទី២នេះ យើងមានច្រើនលើសលុបឃើញថា ស្ថិតិពិភពលោកចុងក្រោយ គឺមានរហូតទៅដល់ជិត៦០០លាននាក់នៅឆ្នាំ២០៣៥ ហើយបើគិតត្រឹមឆ្នាំ២០១៣កន្លងទៅនោះ មានត្រឹមតែជាង៣៨០លាននាក់ ដូច្នេះការកើនឡើងនេះគឺកើតមានគ្រប់ទីកន្លែង ។
ជំងឺទឹកនោមផ្អែមមិនមែនជាជំងឺតមអាហារនោះទេ តែជាជំងឺទាមទារឲ្យយើងប្រយ័ត្នប្រយែងក្នុងការទទួលទានអាហារជាពិសេសរើសយកអាហារណាដែលបរិមាណស្ករមិនច្រើនលើសលុប ដែលបរិមាណស្ករមិនឲ្យល្បឿននៃការឡើងដុំឈាមលឿន ។ មានន័យថា ជារបបអាហារដែលមនុស្សទូទៅទទួលទានទៅប្រយ័ត្នប្រយែងដើម្បីរក្សាទម្ងន់បានល្អ មានសុខភាពល្អ ។ ដូច្នេះរបបអាហារអ្នកជំងឺទឹកនោមផ្អែមមិនមែនសម្រាប់តែអ្នកឈឺនោះទេ គឺរបបអាហារនេះសម្រាប់មនុស្សទូទៅដែលចង់ថែរក្សារាងកាយបានល្អ មាំមួន ដើម្បីកុំឲ្យលើសគីឡូផងដែរ ។ ជំងឺទឹកនោមផ្អែមជាជំងឺដែលមានការវិវឌ្ឍច្រើនលើសាកលលោកប៉ុន្តែវិធីព្យាបាលដោយការប្រើថ្នាំ ការចាក់ថ្នាំ ការហូបអាហារប្រយ័ត្នជាមួយនឹងការហាត់ប្រាណនេះ គឺជាគោលការធំៗនៃការព្យាបាលជំងឺទឹកនោមផ្អែម ដើម្បីធ្វើយ៉ាងណាឲ្យសារពាង្គកាយរក្សាបានល្អ ហើយការសិក្សាធំៗ លើសាកលលោកបានបង្ហាញថា តែកាលណាការព្យាបាលបានល្អគេឃើញថា អាយុការរស់នៅនៃអ្នកជំងឺទឹកនោមផ្អែមដូចគ្នានឹងអ្នកគ្មានជំងឺទឹកនោមផ្អែមដែរ ។
លោកវេជ្ជបណ្ឌិត កុយ វ៉ាន់នី បានបញ្ជាក់ថា ផលប៉ះពាល់ធំនៃជំងឺទឹកនោមផ្អែមដែលយើងជួបនៅមន្ទីរពេទ្យកាល់មែ៉ត ភាគច្រើនឃើញផលប៉ះពាល់នៃការស្ទះសរសៃឈាមខួរក្បាល ស្ទើរមួយចំហៀងក្បាល នេះយើងឃើញថា ដោយសារតែខ្មៅមួយចំហៀងនេះហើយ បានជាបង្កឱ្យពិការភាពដោយការប៉ះពាល់ប្រព័ន្ធខួរក្បាលមួយចំហៀងណាមួយ ។
ការកើតមានជំងឺទឹកនោមផ្អែមមិនមែនជាបញ្ហាដែលយើងទាំងអស់គ្នាគិតថា ពិបាកកើតទុក្ខមានការបារម្ភអ្វីឡើយ បើសិនជាយើងស្គាល់គោលការនៃការព្យាបាល និងជជែកជាមួយវេជ្ជបណ្ឌិតដែលមានជំនាញជំងឺទឹកផ្អែមនៅមន្ទីរពេទ្យកាល់ម៉ែត ។ សូមបញ្ជាក់ថា ជំងឺទឹកនោមផ្អែមបើកើតមានហើយ គឺមានមួយជីវិត ដូច្នេះហើយទាមទារការថែទាំ និងព្យាបាលអស់មួយជីវិត ៕
ប្រភព៖everyday
loading...
0 comments:
Post a Comment