ព្រះសីហនុ ៖ ក្រុមប្រជាពលរដ្ឋខេត្តព្រះសីហនុ និងភ្ញៀវទេសចរបានសម្ដែងការព្រួយបារម្ភ ខណៈពេលដែលអាជ្ញាធរខេត្ត ប្រកាសបិទផ្លូវចេញចូលឆ្នេរ សមុទ្រតំបន់អតីត(អារីស្តុន) ជាបណ្ដោះអាសន្នដើម្បីរៀបចំសួនច្បារ និងសាងសង់ផ្លូវកែសោភ័ណភាពឆ្នេរ។ ការព្រួយបារម្ភនេះ ពួកគាត់ បានលើកឡើងថា ខ្លាចបិទហើយមិនបើកវិញ។
លោកឧកញ៉ា ឡៅ កាង ដែលជាអ្នកមើលការខុសត្រូវដីតំបន់ ឆ្នេរអារីស្តុន និងជាតំណាងឲ្យ ក្រុមហ៊ុនសុខគង់បានអះអាងថា ការហ៊ុមព័ទ្ធរបងឡើងវិញនេះ គឺដើម្បីបើកការដ្ឋានសាងសង់ផ្លូវ និងសួនច្បារ។ ការបិទរបងហ៊ុមព័ទ្ធផ្លូវបែបនេះ គឺជាភាពចាំបាច់ ក្នុងការថែរក្សាការពារសម្ភារៈ ក្នុងការដ្ឋាន ក៏ដូចជាការជៀសវាងផលប៉ះពាល់ដល់អ្នកមកកម្សាន្តនៅតំបន់នេះផងដែរ។
ដោយឡែកបើយោងតាមការប្រកាសរបស់សាលាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា អាជ្ញាធរនឹងបិទរបងស័ង្កសីជាបណ្ដោះអាសន្ន នៅតំបន់ច្រកចូលដីឆ្នេរអតីត អារីស្តុន ដើម្បីឲ្យផ្នែកបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធរៀបចំការដ្ឋានធ្វើផ្លូវ និងសួនច្បារ ហើយរបងស័ង្កសីនេះនឹងបើកឡើងវិញនៅក្រោយបញ្ចប់ការដ្ឋានខាងក្នុង ដើម្បីឲ្យប្រជាពលរដ្ឋ និងអ្នកទេសចរចូលលេងកម្សាន្តក្នុងឆ្នេរ(អតីតអារីស្តុន)នេះ ជាសាធារណៈដូចធម្មតា។
ជុំវិញការប្រកាសព័ត៌មាន នេះ សាលាខេត្តព្រះសីហនុក៏បាន អំពាវនាវឲ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ចូលរួមសហការ ជាមួយអាជ្ញាធរក្នុង ការរៀបចំតំបន់ ឆ្នេរសមុទ្រឲ្យស្អាត ល្អទុកជាទីសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងអ្នកទេសចរចូលលេងកម្សាន្ត។
ជាមួយនឹងការបិទផ្លូវចេញចូលឆ្នេរសមុទ្រតំបន់ អារីស្តុនខាងលើ នេះក៏មានប្រជាពលរដ្ឋជាច្រើន ក៏ដូចជាភ្ញៀវទេសចរបានសម្ដែងទស្សនៈថា គាត់មានការព្រួយបារម្ភ ខ្លាំងណាស់ បន្ទាប់ពីបានឃើញសកម្មភាពរបស់អាជ្ញាធរ ខេត្តចាប់ផ្ដើមបិទរបងស័ង្កសិផ្លូវចេញចូល ឆ្នេរសមុទ្របែបនេះ ពីព្រោះថាឆ្នេរនេះទើបតែ បើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ចេញចូល លេងកម្សាន្តមិនដល់មួយខែស្រួលបួលផងទេ បែរជាបិទទៅវិញ។ ប្រជាពលរដ្ឋសម្តែងការព្រួយបារម្ភថា ការបិទផ្លូវបែបនេះវាអាចជាលេសមួយដើម្បីហ៊ុមព័ទ្ធដីឆ្នេរអារីស្តុន ឡើងវិញតែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋសង្ឃឹមថា អ្វីដែលអាជ្ញាធរខេត្តប្រកាសជារឿងពិត ហើយផ្លូវនេះនឹងបើកឡើងវិញ ក្រោយបញ្ចប់ការសាងសង់ផ្លូវតាមឆ្នេរសមុទ្រ និងសួនច្បាររួចរាល់ ដើម្បីបម្រើលើវិស័យទេសចរណ៍ចេញចូលលេងកម្សាន្តបានជាសាធារណៈ៕
ប្រភព៖ កម្ពុជាថ្មី
loading...
0 comments:
Post a Comment