នៅក្នុងពេលស្បថចូលកាន់តំណែង លោកស្រី ត្សៃអ៊ីង វេន ប្រធានាធិបតីភេទស្រ្តីដំបូងរបស់តៃវ៉ាន់ បានអំពាវនាវសុំឱ្យមានការចរចាជាវិជ្ជមានជាមួយចិន ក្នុងអត្ថន័យនៃការផ្សះផ្សាគ្នា។ ប៉ុន្តែប្រតិកម្មតបមកវិញ មានតែពាក្យព្រមាន និងគំរាម យ៉ាងច្បាស់លាស់ចែងក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ ៖ “ក្នុងករណីមានការរៀបចំទាមទារឯករាជ្យ នោះមិនអាចមានឡើយសន្តិភាពនិងស្ថិរភាព។ ឯករាជ្យ គឺជាមហន្តរាយនៃសន្តិភាពនិងអភិវឌ្ឍន៍តៃវ៉ាន់ និងទំនាក់ទំនងចិន-តៃវ៉ាន់” !។
លោកស្រី ត្សៃអ៊ីង វេន ប្រសូតចេញពីចលនាប្រជាធិបតេយ្យដែលមានជំហរជាប្រពៃណី ចង់បានឯករាជ្យ បានបញ្ជាក់ហើយបញ្ជាក់ទៀត មិនប្តូរលក្ខន្តិកៈនៃទំនាក់ទំនងជាមួយចិនឡើយ។ សម្រាប់លោកស្រី ចំណងទាក់ទងទ្វេភាគីចិន-តៃវ៉ាន់ គឺជាចំណែកមួយនៃការស្ថាបនាសន្តិភាពតំបន់និងសន្តិសុខសមូហភាព។ តៃវ៉ាន់នឹងធ្វើជាឆ្មាំសន្តិភាពយ៉ាងសកម្ម ហើយមិនប្តូរជំហរនយោបាយនេះដាច់ខាត។
ប៉ុន្តែពាក្យសំដីនេះគ្រប់គ្រាន់សម្រាប់ប៉េកាំងឡើយ។ តាំងពីលទ្ធផលឆ្នោតបង្ហាញថាលោកស្រី ត្សៃជីន វេន បានឈ្នះ ក្លាយជាប្រធានាធិបតីថ្មីតៃវ៉ាន់មក ទំនាក់ទំនងទ្វេភាគី បានធ្លាក់ចុះ គ្មានភាពកក់ក្តៅនឹងគ្នាទេ ! ចិនបានធ្វើគ្រប់យ៉ាង សំឡុងផង គំរាមផង ព្រោះចង់ឱ្យលោកស្រី ទទួលស្គាល់ការត្រូវរ៉ូវគ្នាក្រៅផ្លូវការ រវាងប៉េកាំងនិងតៃប៉ិ កាលពីឆ្នាំ១៩៩២ ថាចិនមានតែមួយ ភាគីណាបកព្រលាត់យ៉ាងដូចម្តេចក៏បាន។ គោលការណ៍ចិនតែមួយ ដែលលោកស្រីប្រធានាធិបតីថ្មី ក៏ដូចជាបក្សប្រជាធិបតេយ្យទាំងមូល មិនទទួលស្គាល់ដាច់ខាត។
ត្រឹមតែសុន្ទរកថាសម្របសម្រួល ចិនទំនងជាមិនអាចព្រមធ្វើកិច្ចសហប្រតិបត្តិការជាមួយតៃវ៉ាន់។ ឯចំណែកលោកស្រី ត្សៃអ៊ីង វេន បើតាមអ្នកវិភាគក៏នឹងប្រឹងឱ្យអស់ពីសមត្ថភាពសម្រួលសម្ពាធជាមួយ ប៉េកាំងដែរ ប៉ុន្តែបញ្ហានៅត្រង់ថាគ្មានសំណើជាក់ស្តែង និងភាពមិនទុកចិត្តគ្នាខ្លាំង៕
RFI
loading...
0 comments:
Post a Comment