ក្រោយពីបានរកឃើញវត្ថុបុរាណ ដែលមានដងខ្លួនបដិមា និងព្រះកេស ដែលដាច់ពីដងខ្លួននោះ ក្រុមការងារនៃនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើពិធីប្រគល់ និងទទួលវត្ថុបុរាណទាំងនោះ ជាមួយនឹងមន្ទីរវប្បធម៌ខេត្តបាត់ដំបង់ ដើម្បីយកដាក់នៅក្នុងសារមន្ទីរខេត្តតែម្តង។ នេះបើតាមការបញ្ជាក់ពីលោកប្រាក់ ស៊ុនណ្ណារ៉ា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌ ដែលបានប្រាប់វិទ្យុបារាំង នៅព្រឹកថ្ងៃទី ១៦ឧសភា។
នាយកដ្ឋានបេតិកភណ្ឌ នឹងយកវត្ថុបុរាណទាំងនោះ ទៅធ្វើការសិក្សាលម្អិតបន្ថែមទៀត ប៉ុន្តែបើតាមជំហានដំបូង លោកប្រាក់ ស៊ុនណ្ណារ៉ា បានវាយតំលៃថា វត្ថុបុរាណទាំងនោះ ប្រហែលជាបានកសាងក្នុងសតវត្សទី ១១ជាមួយនឹងសំណង់របស់ប្រាសាទបាសែត ផ្ទាល់តែម្តង។ វត្ថុបុរាណនេះ អាចកសាងក្នុងចុងរចនាបថឃ្លាំង ដើមរចនាបថបាពួន។
សូមរម្លឹកបន្តិចថា ប្រាសាទបាសែត ជាប្រាសាទបុរាណខ្មែរ ដែលត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១។ ប្រាសាទបាសែត ជាស្ថាបត្យកម្មសតវត្សទី១១ សាងឡើងក្នុងឆ្នាំ១០៣៦ និង ១០៤២។ ប្រាសាទនេះ ស្ថិតនៅលើទីទួលមួយ ដែលមានចំងាយប្រមាណ ១៤គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែរ ខេត្តបាត់ដំបង។
បុរាណវិទូ បានឲ្យដឹងថា ការដែលវត្ថុបុរាណទាំងនេះ ត្រូវបានកប់ជាមួយនឹងគំនរប្រាសាទបាក់បែក ដោយសារតែមានបាតុភូតគ្រោះធម្មជាតិ ការបំផ្លាញដោយសារសង្គ្រាម និងដោយសារមនុស្ស។ ប៉ុន្តែបុរាណវិទូ បានចាត់ទុកថា កត្តាដែលវត្ថុបុរាណទាំងនេះ កប់រកមិនឃើញ ក៏ជាប្រយោជន៍មួយដែរ ព្រោះថាប្រសិនបើនៅរាយប៉ាយ ប្រហែលជាអាចមានឈ្មួញទុច្ចរិត យកទៅលក់ដូរនៅក្រៅប្រទេសបាត់ទៅហើយ។
តាមលោកប្រាក់ ស៊ុនណ្ណារ៉ា នេះមិនមែនជាលើកទី១ទេ ដែលក្រុមការងារបានរកឃើញវត្ថុបុរាណពេលកំពុងប្រតិបត្តិការគម្រោងជួសជុលប្រាសាទ។ ហើយក្រោយពីបានរកឃើញ គេតែងតែរាយការណ៍ទៅកាន់មន្ទីរវប្បធម៌ខេត្ត ឬ បានបញ្ជូនវត្ថុមានតំលៃទាំងនោះ ទៅដាក់នៅសារមន្ទីរជាតិ។
គួរជម្រាបជូនថា ក្នុងគម្រោងជួសជុលប្រាសាទបាសែតនេះ គឺជាដំណាក់កាលទី២ ដែលជួសជុលនៅកណ្តាលប្រាង្គប្រាសាទបាសែត។ គម្រោងនេះ បានទទួលថវិកាពីរាជរដ្ឋាភិបាលកម្ពុជា ហើយមានរយៈពេលពីចុងឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៦នេះ៕
ប្រភព៖ RFI
loading...
0 comments:
Post a Comment