មិនមែនជាយុទ្ធនាការក្នុងនាមជាបេក្ខជនប្រធានាធិបតីទេ តែជាយុទ្ធនាការក្នុងនាមជាប្រធានាធិបតីដែលទើបជាប់ឆ្នោត និងដែលត្រូវចូលអង្គុយកៅអីប្រធានាធិបតីនៅថ្ងៃទី៣០ មិថុនាខាងមុខ។ នៅក្នុងសន្និសីទកាសែតលើកទី១ នាថ្ងៃអាទិត្យ ទី១៥ ឧសភា លោករ៉ូឌ្រីហ្គូ ឌុយទែរតេបានបង្ហើបឲ្យដឹងនូវវិធានការសំខាន់ចំនួនពីរ ទី១ វិធានការបង្រ្កាបបទឧក្រិដ្ឋកម្ម និងទី២ វិធានការស្វែងរកដំណោះស្រាយជាមួយចិននៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។
នៅក្នុងវិធានការបង្រ្កាបបទឧក្រិដ្ឋកម្មត្រូវបានលោកឌុយទែរតេបញ្ជាក់ថា លោកនឹងប្រើកណ្តាប់ដៃដែកប្រឆាំងនឹងឧក្រិដ្ឋជន ពិសេសការរត់ពន្ធគ្រឿងញាន ការចាប់រំលោភ លួចប្លន់ និងឃាតកម្ម។ នៅក្នុងន័យនេះ លោកឌុយទែរតេបានទម្លាយឲ្យដឹងពីបំណងចង់អនុវត្តន៍ឡើងវិញនូវទោសប្រហារជីវិតដែលហ្វីលីពីនបានបោះបង់ចោលក្នុងឆ្នាំ ២០០៦។ នៅក្នុងការប្រហារជីវិតឧក្រិដ្ឋជនទៀតសោត លោកឌុយទែរតេចង់ឲ្យព្យួរ ក ជាជាងប្រើកាំភ្លើងបាញ់ដើម្បីសន្សំសំចៃគ្រាប់កាំភ្លើង។
លោកឌុយទែរតេបានព្រមានទុកជាមុនថា លោកនឹងអនុញ្ញាតឲ្យកម្លាំងប្រដាប់អាវុធបាញ់សម្លាប់ឧក្រិដ្ឋជនណាដែលតដៃ ឬរឹងទទឹង។ ទន្ទឹមគ្នានេះ លោកឌុយទែរតេក៏មានគម្រោងហាមឃាត់មិនឲ្យបរិភោគជាតិស្រវឹងនៅតាមទីកន្លែងសាធារណៈចាប់ពីម៉ោង ២ព្រឹករំលងអាធា្រត្រទៅ។ ចំណែកកូនក្មេងក៏មិនត្រូវអនុញ្ញាតឲ្យដើរហើរពេលយប់តែម្នាក់ដែរ ហើយបើប៉ូលិសបានរកឃើញក្មេងណាដែលដើរពេលយប់តែឯង នោះឱពុក ម្តាយនឹងត្រូវជាប់គុកពីបទបបរបង់កូនចោល។
ទាក់ទងនឹងវិធានការស្វែងរកដំណោះស្រាយជាមួយចិននៅក្នុងជម្លោះសមុទ្រចិនខាងត្បូងត្រូវបានលោកឌុយទែរតេទម្លាយឲ្យដឹងថា លោកនឹងបន្តអនុវត្តន៍នយោបាយត្រួសត្រាយដោយលោកប្រធានាធិបតីអាគីណូដែលបង្កើនទំនាក់ទំនងយោធាជាមួយអាមេរិកក្នុងការដាក់សម្ពាធលើចិន។ តែទន្ទឹមគ្នានេះ លោកឌុយទែរតេក៏មិនបដិសេធដាច់ណាត់ក្នុងការចរចាផ្ទាល់ជាមួយចិនដែរ៕
ប្រភព៖ RFI
loading...
0 comments:
Post a Comment