ភ្នំពេញៈ ក្នុងប៉ុន្មានថ្ងៃនេះ តារាសម្ដែងភេទទី៣នាងប៉ុបពី ដែលមានឈ្មោះដើមថាលាង សុធា ត្រូវគេកត់សម្គាល់ថាបានបង្ហោះរូបភាពចាស់ៗរបស់នាងជាច្រើនសន្លឹក ជាមួយនឹងការបញ្ជាក់ថានាងឈឺចាប់ទម្រាំតែមានឱកាសបានក្លាយជាតារាភេទទី៣ ដែលមានការទទួលស្គាល់។ នាងថា អតីតកាលនៅតែបានដក់ជាប់ក្នុងផ្នត់គំនិតរបស់ខ្លួន និងធ្វើអោយនាងចងចាំមិនដែលភ្លេច ជាពិសេសចំពោះពាក្យប្រមាថ និងមាក់ងាយជាច្រើន ក្នុងពេលដែលនាងធ្វើខ្លួនជាភេទទី៣ ហើយស្ថិតក្នុងបរិបទដែលសង្គមនៅជុំវិញខ្លួនមិនអោយតម្លៃ។
នាងនិយាយថា ពាក្យខ្ទើយ និងការប្រមាថ នៅតែធ្វើអោយនាងនឹកឃើញជាប់រហូត ជាពិសេសនៅពេលដែលមានការរើសអើងចំពោះនាង រហូតបង្ខំអោយនាងបោះបង់ចោលការសិក្សា និងលែងចង់ជួបអ្នកណាព្រោះតែមិនអាចកែប្រែអារម្មណ៍ពីធម្មជាតិរបស់ខ្លួនបាន។ នាងថា ទម្រាំតែបានធ្វើអោយខ្លួនឯងមានតម្លៃ និងក្លាយជាភេទទី៣ដែលមានការទទួលស្គាល់ ហាក់ធ្វើអោយនាងទទួលនូវអំរែកទឹកភ្នែករាប់មិនអស់ ហើយក៏មិនស្ដាយចំពោះការសម្រេចចិត្តរបស់ខ្លួននោះដែរ ដែលនាងបានសម្រេចចិត្តវះកាត់កែភេទអោយក្លាយជាស្រី ដើម្បីសម្រេចក្ដីបំណងប្រាថ្នា។
នាងបន្តថា ការបង្ហោះរូបភាពចាស់ៗគឺចង់រំលឹកឡើងវិញ នូវការឈឺចាប់ និងចង់ប្រាប់ថាម៉ោងនេះថ្ងៃនេះ ប៉ុបពី បានរឹងមាំហើយ ប៉ុន្តែមុននឹងបានរឹងមាំក៏ត្រូវគេមាក់ងាយទាំងក្នុងរង្វង់មនុស្សនៅជុំវិញខ្លួន និងក្នុងរង្វង់សិល្បៈស្ទើរមិនចង់ប្រឈមមុខនោះដែរ។
នាងបន្ថែមថា ការបោះជំហានក្លាយខ្លួនជាអ្នកសិល្បៈវាស្ថិតក្នុងភាពស្មុគស្មាញយ៉ាងខ្លាំង ហើយក៏នឿយណាស់ដែរ ក្នុងការតស៊ូ។ យ៉ាងណាមិញ នាងថាការប្រមាថ ការមាក់ងាយចំពោះរូបនាងជាភេទទី៣ គឺជាកម្លាំងចលករដែលជួយអោយនាងជោគជ័យមកទល់នឹងពេលបច្ចុប្បន្ន។
ក្នុងនោះនាងក៏ធ្វើការរិះគន់ចំពោះអ្នកចង់បំផ្លាញសិល្បៈ ដោយការប្រព្រឹត្តិនូវសកម្មភាពអវិជ្ជមាន ដូចជាការស្លៀកពាក់ស៊ិចស៊ីហួសហេតុ និងបានពាក់ព័ន្ធជាមួយប្ដីគេ បណ្ដាលអោយតម្លៃអ្នកសិល្បៈត្រូវអាប់អោនជាដើម។
ក្នុងចំណោមរូបអតីតកាលទាំងអស់ គេកត់សម្គាល់ថារូបកាលជំនាន់នាងប្រលងបវរកញ្ញាភេទទី៣ជាប់លេខ១ និងរូបកាលនាងមិនទាន់កែភេទជាច្រើនសន្លឹកត្រូវបានគេកត់សម្គាល់ជាងគេ៕
ប្រភព៖POSTNEWS
loading...
0 comments:
Post a Comment