(ព្រះសីហនុ)៖ ក្រុមកម្មកររោងចក្រប្រមាណជិត១០០នាក់ ក្នុងចំណោមបុគ្គលិកកម្មករ៩១២នាក់ នៃរោងចក្រហ្គាឡី គ្លូប៊ល ខេមបូឌា (GALEY GROBAL CAMBODIA CO.,LTD) ដែលមានទីតាំងស្ថិតនៅ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ បានជួបជុំគ្នានៅមុខសាលាខេត្តព្រះសីហនុ ក្នុងគោលបំណងជួប លោកអភិបាលខេត្តព្រះសីហនុ ដើម្បីជួយអន្តរាគមន៍ ក្នុងការបើកប្រាក់ខែរបស់ពួកគេ ពីសំណាក់ថៅកែរោងចក្រ ដែលជាជនជាតិអាមេរិកាំង បានបិទរោងចក្រ ហើយបានរត់គេចខ្លួន ទៅអាមេរិកវិញបាត់ដំណឹងឈឹងតែម្តង។
នៅព្រឹកថ្ងៃដដែលលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ រួមនឹងលោក យ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ បានអនុញាតិឲ្យតំណាងកម្មករចំនួន១៣នាក់ ចូលជួបដើម្បីដោះស្រាយផងដែរ។
ក្នុងឱកាសនោះលោកអភិបាលខេត្ត បានស្នើឲ្យបងប្អូនកម្មករទាំងអស់ មេត្តារក្សាចិត្តអត់ធ្មត់ ហើយធ្វើអ្វីៗត្រូវដោះស្រាយគ្នា តាមផ្លូវច្បាប់ និងដោយសន្តិវិធី ដោយជៀសវាងការធ្វើបាតុកម្ម ឬកុប្បកម្មខុសច្បាប់ណាមួយ ដែលអាចឲ្យក្លាយជាអ្នកខុសវិញ ខណៈពេលដែលអាជ្ញាធរ និងមន្ទីរជំនាញកំពុងដុតដៃដុតជើង ក្នុងការជួយដោះស្រាយបញ្ហា របស់បងប្អូនហើយនាពេលបច្ចុប្បន្ននេះ។
យោងតាមកិច្ចព្រមព្រៀងរបស់រោងចក្រ ជាមួយនិងសហព័ន្ធសហជីព តំណាងឲ្យកម្មកររោងចក្រ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ បានឲ្យដឹងថា ភាគីទាំង២យល់ព្រមឯកភាពគ្នា លក់សំលៀកបំពាក់ ក្រណាត់ និងសំភារៈបាតឃ្លាំងទាំងអស់ នៅក្នុងក្រុមហ៊ុន ដើម្បីយកប្រាក់មកទូទាត់ជូនកម្មករ និយោជិតរបស់រោងចក្រសំរាប់ខែមេសា ឆ្នាំ២០១៦ ចំនួន១០០% ដោយសន្យាបើកប្រាក់ខែឲ្យកម្មករ កម្មការិនីនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ប៉ុន្តែជាក់ស្តែងរហូតមកដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ មិនទាន់បានបើកនៅឡើយ ហើយក៏ឮដំណឹងថា ថៅកែរោងចក្របានរត់ចោលរោងចក្រ ទៅដល់អាមេរិកវិញបាត់ទៅហើយ ។ ទើបបងប្អូនកម្មករ កម្មការិនីទាំងនេះ ធ្វើដំណើរមកសាលាខេត្ត ដើម្បីចង់ដឹងថា តើអាជ្ញាធរ និងមន្ទីរជំនាញដោះស្រាយ បានកំរិតណាហើយ។
បើទោះបីជាយ៉ាងនេះក្តី បងប្អូនកម្មករ កម្មការិនីបានសំនូមពរ សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយអន្តរាគមន៍បើកប្រាក់ខែ ជូនពួកគាត់ផង ត្បិតអីបច្ចុប្បន្ននេះម្ចាស់ផ្ទះជួលនានា កំពុងតែទារប្រាក់ពួកគាត់ខ្លាំងណាស់ ហើយមានអ្នកខ្លះមិនមានប្រាក់ទិញ ទឹកដោះគោឲ្យកូនបៅ រួមទាំងស្ថាប័នឥណទាននានា ក៏កំពុងទារប្រាក់ពួកគាត់ផងដែរ៕
ប្រភព៖Fresh News
loading...
0 comments:
Post a Comment