រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃអាទិត្យ ទី២២ ឧសភា ព្រឹត្តិការណ៍ប្រដាល់«កំពូលជើងឯកស្រាបៀរប្លេកខេត» នឹងដល់កំណត់ត្រូវប្រកួតអន្តរជាតិទៀតហើយ ដោយប្រកាសបើករេញឲ្យកីឡាករកម្ពុជា២រូប និងថៃ២រូប ប្រកួតគ្នា ដើម្បីកំដរភ្នែកមហាជន ។ នៅក្នុងព្រឹត្តិការណ៍នោះ គេនៅមិនទាន់ដឹងថា អ្នកណានឹងឈ្នះអ្នកណានៅឡើយទេ ដោយ សារតែថៃក៏អួតរឿងខ្លាំង ហើយកីឡាករកម្ពុជាក៏អួតថា ខ្លួនមិនណយ ។
ការប្រកួតដែលនឹងធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ចាប់ពីម៉ោង៨យប់តទៅ នោះមានការរំពឹងច្រើនថា នឹងមានអ្នកទស្សនាមិនខុសគ្នាពីការប្រកួតអន្តរជាតិរៀងរាល់២សប្ដាហ៍ម្ដងនោះទេ ដោយសារតែសមាសភាពដែលត្រូវប៉ះគ្នា គឺមានក្រេឌីតល្អ ។ កីឡាករកម្ពុជា២រូប គឺឯម សុធី និងម៉ន លីហួរ នឹងក្លាយជាគូប្រកួតស៊ីសាច់ហុតឈាមជាមួយកីឡាករថៃនៅយប់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ។ អ្នករៀបចំការប្រកួតបានអះអាងថា កីឡាករទាំង៤រូប មានបំណងប៉ះគ្នាយូរហើយ មុនពេលមានការសម្រេចរៀបចំព្រឹត្តិការណ៍អន្តរជាតិរបស់ស្រាបៀរប្លេកខេតឲ្យពួកគេប្រកួតគ្នានេះទៅទៀត ។
លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ បានថ្លែងប្រាប់ថា កីឡាករឯម សុធី មកពីក្លិបឫទ្ធីពោធិសែនជ័យ ត្រូវជួបប្រកួតជាមួយកីឡាករថៃឈ្មោះ ដាវ ណាក់ខន ដែលកីឡាករទាំងពីរ សុទ្ធតែវ័យក្មេងកម្លាំងពេញដូចគ្នា ។ លោកថា ជំនួបរវាងពួកគេមិនមែនជារឿងចៃដន្យនោះទេ ដោយលោក ឯម ចាន់សុផល ជាគ្រូបង្វឹកបានស្នើឲ្យកូនសិស្សរបស់ខ្លួនប្រកួតជាមួយកីឡាករថៃរូបនេះផង បន្ទាប់ពីបានដឹងថា ដាវ ណាក់ខន ត្រូវគេស្គាល់ថា ជាជើងខ្លាំងរបស់ថៃ ។ លោកថា គ្រូបង្វឹកប្រចាំក្លិបឫទ្ធីពោធិសែនជ័យ បានទទូចឱ្យកូនរបស់ខ្លួនឡើងប្រកួតដើម្បីដកស្រង់បទពិសោធន៍ និងបង្ហាញសមត្ថភាពជាមួយកីឡាករថៃ ។ លោកជឿជាក់ទៅលើសមត្ថភាពពូកែគេច និងពូកែវាយសន្ធាប់របស់កីឡាករកម្ពុជាឯម សុធី ដោយសារតែក្រៅពីមានបច្ចេកទេសល្អក៏មានកម្លាំងពេញ ព្រោះតែនៅពេញកម្លាំង ។ លោកនិយាយថា៖ «សម្រាប់គូនេះ កីឡាករថៃខ្លាំង ប៉ុន្តែមកពីខ្ញុំទុកចិត្តលើឯម សុធី និងបានសួរទៅកាន់លោកឯម ចាន់សុផល ថាឯម សុធី ហ៊ានឡើងវ៉ៃជាមួយកីឡាថៃផង ទើបយើងសម្រេចឲ្យប៉ះគ្នាតែម្ដងនៅយប់ថ្ងៃអាទិត្យនេះ នៅក្នុងព្រឹត្តិការណ៍ប្រដាល់Black Cat នាពេលយប់» ។ លោកថា កីឡាករថៃដាវ ណាក់ខន ធ្លាប់ប្រកួត៥៥លើក ឈ្នះ៥០លើក និង ចាញ់៥លើក ក្នុងពេលដែលកីឡាករកម្ពុជាគូនេះ ធ្លាប់ប្រកួត៦៥លើក ឈ្នះ៥៤លើក ចាញ់១០លើក និងស្មើ១លើក ។
សម្រាប់កីឡាករ ម៉ន លីហួរ មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោកវិញ លោកញាណ សុធី បញ្ជាក់ថា ថ្វីដ្បិតតែគេវ័យក្មេង និងមិនសូវបានឡើងប្រកួតញឹកញាប់នាពេលចុងក្រោយ តែលោកថា គេមានសមត្ថភាព និងមានបច្ចេកទេសល្អ ទើបនាំឲ្យលោកសម្រេចចិត្តផ្គូផ្គងឲ្យប៉ះប្រកួតជាមួយកីឡាករថៃជាជើងខ្លាំងឈ្មោះ យ៉ត ស៊ីង នៅក្នុងព្រឹត្តិការណ៍ប្រដាល់អន្តរជាតិរបស់ស្រាបៀរ Black Cat នៅយប់ថ្ងៃអាទិត្យដែរ ។ លោកថា ការប្រកួតរបស់គូនេះ នៅមិនទាន់ដឹងថា អ្នកណាល្អជាងអ្នកណានោះទេ ប៉ុន្តែការប្រកួតទាំងមូលទំនងជានឹងស្វិតស្វាញ ដោយសារតែកីឡាករកម្ពុជា ក៏ត្រូវការឈ្នះ ហើយកីឡាករខាងថៃ ក៏ជាជើងខ្លាំងដែលមិនភ្លាត់ឱ្យចាញ់ ។ លោកថា កីឡាករថៃ ធ្លាប់ប្រកួត៧៦លើក ឈ្នះ៦៦លើក ចាញ់៨លើក និងស្មើ២លើក រីឯកីឡាករកម្ពុជា ធ្លាប់ប្រកួត៦២លើក ឈ្នះ៤៥លើក ចាញ់១៦លើក និងស្មើ១លើក ។
ក្រុមអ្នកគាំទ្របានផ្ដោតការចាប់អារម្មណ៍ជាមួយការប្រកួតរបស់កីឡាករទាំង៤រូបខាងលើយ៉ាងខ្លាំង ដោយសារតែសមាសភាពទាំងកម្ពុជា និងថៃ សុទ្ធតែជាកីឡាករវ័យក្មេងពេញកម្លាំង និងជាកីឡាករឡើងកូដនាពេលចុងក្រោយនៅក្នុងពិភពប្រដាល់ ។ ភាគីកីឡាករឯម សុធី និងម៉ន លីហួរ សុទ្ធតែអះអាងថា ត្រៀមខ្លួនគ្រប់គ្រាន់ដោយសារតែការប្រកួតរបស់គេ គឺត្រូវការឈ្នះទៅលើកីឡាករថៃ ។ យ៉ាងណាមិញ លោកថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃឱ្យមកប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ក៏បានបង្ហាញការទុកចិត្តចំពោះកីឡាកររបស់ខ្លួនផងដែរ ៕
ប្រភព៖កោះសន្តិភាព
loading...
0 comments:
Post a Comment