ភាពភ័យខ្លាចកំពុងតែកើនឡើងនៅក្នុងចំណោមអាណាព្យាបាលសិស្សនៅភាគខាងកើតប្រទេសចិន ដោយសារដី និងទឹកក្រោមដីដែលរងការបំពុល។ ភាពភ័យខ្លាចនេះមានឡើងបន្ទាប់ពីសិស្សសាលាជិត៥០០នាក់មកពីអនុវិទ្យាល័យមួយ បានកើតជំងឺផ្សេងៗ ដែលអាចបណ្តាលមកពីការបំពុលដោយសារធាតុគីមីនៅទីតាំងមួយជិតសាលារៀនរបស់ពួកគេ។
ក្រុមអ្នកវិភាគបាននិយាយថា ភាពភ័យខ្លាចបង្កឡើងដោយការបំពុលនេះ គឺជាការក្រើនរំឭកថ្មីមួយទៀតអំពីភាពធ្ងន់ធ្ងរនៃបញ្ហាបំពុលដោយសារធាតុគីមីនៅប្រទេសចិន ហើយបានបង្ហាញពីចន្លោះប្រហោងក្នុងការគ្រប់គ្រងទៅលើសារធាតុគ្រោះថ្នាក់របស់ប្រទេសនេះ។
ទូរទស្សន៍ជាតិ CCTV បានរាយការណ៍ថា សិស្សសាលាចំនួន ៤៩៣នាក់ មកពីសាលាភាសាបរទេស ក្រុង Changzhou នៅខេត្ត Jiangsu បានធ្លាក់ខ្លួនឈឺ ហើយត្រូវបានពិនិត្យឃើញថា ពួកគេមានជំងឺរលាកស្បែក ជំងឺរលាកទងសួត និងជំងឺកង្វះកោសិកាឈាមស ក៏ដូចជាករណីកើតមានជំងឺមហារីកមួយចំនួន ដែលរួមមានជំងឺមហារីកក្រពេញទឹករងៃ និងជំងឺមហារីកឈាមជាដើម។
អាណាព្យាបាលសិស្សទាំងនោះសង្ស័យថា រោគសញ្ញានៃជំងឺទាំងនេះហាក់ដូចជាបង្កឡើងដោយកម្រិតខ្ពស់បំផុតនៃការបំពុលដី និងទឹកក្រោមដី ពីព្រោះសាលារៀន Changzhou ស្ថិតនៅក្បែរទីតាំងដែលធ្លាប់មានរោងចក្រថ្នាំសម្លាប់សត្វល្អិតចំនួនបី ដែលរួមមានសាខាក្នុងស្រុកនៃក្រុមហ៊ុន Shenzhen Noposion Agrochemicals Company ដែលជាក្រុមហ៊ុនផលិតថ្នាំសម្លាប់សត្វល្អិតធំជាងគេមួយនៅប្រទេសចិន។
របាយការណ៍របស់ទូរទស្សន៍គ្រប់គ្រងដោយរដ្ឋ CCTV បានដកស្រង់សម្តីរបស់សិស្សសាលា និងអាណាព្យាបាលដែលបានត្អួញត្អែរពីទឹកដែលមានរសជាតិ «ជូរបន្តិច» ហើយធុំក្លិន «ដូចពងទាស្អុយ» នៅក្នុងខ្យល់ បន្ទាប់ពីកូនសិស្សបានចាប់ផ្តើមចូលសិក្សានៅក្នុងទីតាំងនេះ កាលពីខែធ្នូឆ្នាំមុន។
ទីតាំងខុស
បណ្តាញផ្សព្វផ្សាយរបស់រដ្ឋបានសន្និដ្ឋានថា សាលារៀននោះមិនគួរសាងសង់ឡើងនៅលើ «ដីដែលរងការបំពុលនោះទេ» ដោយបានលើកឡើងពីរបាយការណ៍វាយតម្លៃបរិស្ថានដែលត្រូវបានចុះផ្សាយមុនពេលសាលារៀននោះចាប់ផ្តើមសាងសង់កាលពីឆ្នាំមុន។
នៅក្នុងរបាយការណ៍ព័ត៌មានស៊ើបអង្កេតដែលបានចេញផ្សាយមុននេះទៀត បានលើកឡើងថា ដោយផ្អែកលើសំណាកពិសោធន៍ទឹកក្រោមដី កម្រិតនៃសារធាតុក្លរ៉ូប៊ីន (Chlorobenzene) ដែលត្រូវបានប្រើដើម្បីផលិតថ្នាំសម្លាប់សត្វល្អិត និងដែលអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធសរសៃប្រសាទ ថ្លើម និងតម្រងនោមរបស់មនុស្សនោះ បានកើនហួសកម្រិតស្តង់ដារជាតិដល់ទៅជាង ៩៤.០០០ដង។
របាយការណ៍មួយទៀតចេញផ្សាយដោយបណ្តាញផ្សព្វផ្សាយ Caixin Media ក៏បានបញ្ជាក់ដែរថា រោងចក្រមួយបានកប់កាកសំណល់ពុល មុនពេលពួកគេរើចេញពីទីនោះនៅក្នុងឆ្នាំ២០១០។ សារព័ត៌មាននេះបានដកស្រង់សម្តីរបស់អតីតនិយោជិតរោងចក្រនោះ។
លោកស្រី Ada Kong អ្នកគ្រប់គ្រងនៃយុទ្ធនាការសារធាតុបំពុលអាស៊ីបូព៌ារបស់អង្គការ Greenpeace East Asiaបានថ្លែងថា៖ «ចេញពីករណីនៅសាលា Changzhou នេះ វាច្បាស់ណាស់ថា រោងចក្រជាច្រើនបានចាក់កាកសំណល់ចោលដោយខុសច្បាប់ ពីព្រោះកាកសំណល់នេះមានលក្ខណៈបំពុលខ្លាំង»។
លោកស្រី Kong បានបន្ថែមថា សោកនាដកម្មមួយនេះបង្ហាញពី «ភាពធូររលុងដ៏គ្រោះថ្នាក់មួយ» ក្នុងការគ្រប់គ្រងសារធាតុគ្រោះថ្នាក់របស់ប្រទេសចិន នៅស្របពេលដែលវិស័យសារធាតុគីមីនៅក្នុងប្រទេសនេះ មិនត្រូវបានដាក់កម្រិតឲ្យបានតឹងរ៉ឹងទៅលើការប្រើប្រាស់ និងការចាក់ចោលសារធាតុគ្រោះថ្នាក់ទាំងនោះ។
យោងតាមលោកស្រី Kong ករណីនេះបានបង្កឲ្យមានបញ្ហាយ៉ាងធ្ងន់ធ្ងរជាយូរណាស់មកហើយសម្រាប់រដ្ឋាភិបាលប្រចាំតំបន់ជាច្រើន ដែលបានផ្លាស់ប្តូរតំបន់ឧស្សាហកម្ម ដោយមិនបានដឹងពីបរិមាណកាកសំណល់គីមី ដែលបានចាក់ចោលនៅតំបន់នោះ។
អាណាព្យាបាលនៅទូទាំងប្រទេសដែលកំពុងមានការព្រួយបារម្ភ
ភាពភ័យខ្លាចបង្កឡើងដោយការបំពុលនៅក្រុង Changzhou ក៏បានធ្វើឲ្យអាណាព្យាបាលនៅកន្លែងដទៃទៀតមានការព្រួយបារម្ភផងដែរ។
អ្នកប្រើប្រាស់បណ្តាញសង្គម Weibo មួយរូបបាននិយាយនៅលើគេហទំព័រនេះថា ការព្រួយបារម្ភដូចគ្នានេះ ត្រូវបានលើកឡើងដោយអាណាព្យាបាលសិស្សនៅសាលាមួយទៀត នៅជាយក្រុងភាគខាងកើតក្រុង Nantong នៅពេលដែល «អាណាព្យាបាលសិស្សបានចាប់ផ្តើមប្រមូលផ្តុំនៅខាងមុខសាលាក្រុងដើម្បីដាក់ញ្ញត្តិ។ ប៉ុន្តែរដ្ឋាភិបាលក្នុងតំបន់បានឆ្លើយតបដោយការបញ្ជូនប៉ូលិសប្រដាប់ដោយអាវុធទៅវិញ»។
អ្នកប្រើប្រាស់ម្នាក់ទៀតបានបង្ហោះមតិយោបល់ដោយបានសរសេរថា៖ «បញ្ហានេះ អាក្រក់ជាងគ្រោះមហន្តរាយសារធាតុគីមីនៅកំពង់ផែ Tianjin រាប់រយដង ដែលបានសម្លាប់មនុស្ស ១៦៥នាក់... សារធាតុគ្រោះថ្នាក់ទាំងនោះមានលក្ខណៈបំពុលដូចកាកសំណល់នុយក្លេអ៊ែរអ៊ីចឹង»។
អ្នកប្រើប្រាស់មួយចំនួនទៀត បានបន្តចំអកក្រុមមន្រ្តីរដ្ឋាភិបាលថ្នាក់តំបន់ ដោយនិយាយថា «ពួកគេគួរតែរើទៅធ្វើការនៅទីតាំងរបស់សាលារៀននោះទៅ» ដើម្បីភ្លក់រសជាតិឲ្យដឹងច្បាស់ពីការគំរាមកំហែងនៃបរិស្ថានដែលរងការបំពុលថាយ៉ាងម៉េច។
មន្រ្តីសាលារៀន ក៏ដូចជាមន្ត្រីរដ្ឋាភិបាលតំបន់ បានបដិសេធម្តងហើយម្តងទៀត ទៅលើរបាយការណ៍របស់សារព័ត៌មាន ដោយទទូចថា ការអះអាងពីការកើតមានជំងឺក្នុងទ្រង់ទ្រាយធំធ្វើឡើងដោយគ្មានមូលដ្ឋាន។
បន្ទាប់ពីករណីបំពុលនៅក្រុង Changzhou ទទួលបានការចាប់អារម្មណ៍នៅទូទាំងប្រទេស កាលពីខែមេសា រដ្ឋាភិបាលគ្រប់គ្រងក្រុងនេះ បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយល័ក្ខអក្សរថា ខ្លួន«នឹងមិនអត់ធ្មត់» ចំពោះរាល់ការកើតមានការបំពុល ហើយបានដាក់បញ្ចូលក្រុមការងារមួយដើម្បីស៊ើបអង្កេតបន្ត។
គ្រូបង្រៀនម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយប្រាប់តាមទូរស័ព្ទថា៖ «ឥឡូវនេះ ដោយសារក្រុមស៊ើបអង្កេតត្រូវបានចាត់ឡើងរួចរាល់ហើយ យើងកំពុងរង់ចាំលទ្ធផលចុងក្រោយ»។
សាលារៀននោះបានលើកឡើងសាជាថ្មីថា ការអះអាងពីការធ្លាក់ខ្លួនឈឺក្នុងទ្រង់ទ្រាយធំ គឺជាការបំផ្លើស ដោយសារមានសិស្សតែបួននាក់ក្នុងចំណាមសិស្សចំនួន ២.៤៥១នាក់ និងសមាជិកមហាវិទ្យាល័យបីនាក់នៃបុគ្គលិកចំនួន ២១០នាក់ប៉ុណ្ណោះកំពុងឈប់សម្រាកដោយសារមានជំងឺ នាពេលបច្ចុប្បន្ន ស្របពេលដែលសិស្សចំនួនប្រាំនាក់ទៀតគ្រោងនឹងផ្លាស់ទៅរៀន នៅសាលាផ្សេង។
ការសាយភាយនៃចំហាយសារធាតុបំពុល
ទោះបីជាការធ្វើតេស្តបរិស្ថានបន្ថែម គឺជាការចាំបាច់ក៏ដោយ ការរកឃើញដំបូងៗដោយបណ្តាញផ្សព្វផ្សាយក្នុងស្រុក បានផ្តល់នូវការបកស្រាយដ៏គួរឲ្យជឿជាក់មួយនៅពីក្រោយការធ្លាក់ខ្លួនឈឺរបស់សិស្សសាលាទាំងនោះ នេះបើយោងតាមសាស្រ្តាចារ្យ Yao Yijun នៅមហាវិទ្យាល័យវិទ្យាសាស្រ្តបរិស្ថាននិងធនធាន នៃសាកលវិទ្យាល័យ Zhejiang។
សាស្រ្តាចារ្យ Yao និយាយថា៖ «បើទោះបីជាសារធាតុពុលត្រូវបានរកឃើញនៅជាយភាគខាងជើងក្តី សារធាតុនោះអាចចូលទៅក្នុងបំពង់ផ្គត់ផ្គង់ទឹកក្រោមដី ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា»។
លោកបានបន្តថា៖ «តាមរយៈបំពង់ផ្គត់ផ្គង់ទឹកនោះ ខ្ញុំសង្ស័យថា សារធាតុបំពុលបានហូរពីភាគខាងជើង ហើយបានបន្តឆ្ពោះទៅទិសខាងត្បូង និងបានបំពុលដីនៅជិតសាលារៀននោះ»។
លោកសាស្រ្តាចារ្យបានសន្និដ្ឋានថា ការសាយភាយនៃចំហាយបានកើតចេញពីដីដែលរងការបំពុលនោះ ហើយបានបង្កការគំរាមកំហែងដល់សុខភាពរបស់សិស្ស ។
ក៏ប៉ុន្តែ លោកសាស្រ្តាចារ្យ Yao បានច្រានចោលនូវលទ្ធភាពដែលថា សិស្សសាលាបានកើតជំងឺធ្ងន់ធ្ងរដូចជាជំងឺមហារីកជាដើម ដោយសារតែការប៉ះពាល់នឹងសារធាតុពុលនៅក្នុងរយៈពេលតែពីរឬបីខែនោះ។ លោកនិយាយថា ភាគច្រើននៃជំងឺធ្ងន់ធ្ងរឬមហារីកដោយសារការបំពុល កើតមានក្នុងរយៈពេលមួយទសវត្សរ៍ ឬយូរជាងនេះ។
លោកសាស្រ្តាចារ្យបាននិយាយថា ដំណោះស្រាយដ៏ល្អបំផុតនាពេលនេះ គឺត្រូវយកដីដែលរងការបំពុលនៅសាលារៀននោះ ទៅបន្សាបសារធាតុបំពុលនៅកន្លែងផ្សេង។ លោកបានបន្ថែមថាកម្រិតនៃការបំពុលដីនៅខេត្ត Jiansu ប្រហែលមានសភាពអាក្រក់ជាងអ្វីដែលគេបានរំពឹងទុក ដោយសារតែខេត្តនេះបានបិទរោងចក្រចំនួន ៧.០០០ នៅចន្លោះពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥។
លោក Yao បានស្នើឲ្យរដ្ឋាភិបាលចិនធ្វើការដោះស្រាយបញ្ហានេះឲ្យបានមុតមាំ តាមរយៈការបង្កើនកញ្ចប់ថវិកាប្រចាំឆ្នាំសម្រាប់ដោះស្រាយការបំពុលដី ពី៣០៩លានដុល្លារ ទៅប្រមាណជា ១០,៨ពាន់លានដុល្លារ ឬ០,១ភាគរយនៃផលិតផលក្នុងស្រុកសរុប ដូចដែលបទពិសោធន៍របស់អាមេរិកបានបង្ហាញ៕
ការបំពុលខ្យល់នៅតែបន្តកើតមានឡើងនៅក្នុងក្រុងប៉េកាំង ដោយនៅកន្លែងខ្លះមើលមិនឃើញលើសពីមួយគីឡូម៉ែត្រ។
ប្រភព៖ VOA
loading...
0 comments:
Post a Comment