កាលពីថ្ងៃអាទិត្យ លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry បានស្វះស្វែងឲ្យមានការគាំទ្រពីប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងការពង្រឹងកិច្ចព្រមព្រៀងមួយអំពី«ការបញ្ឈប់អរិភាព» រវាងកងកម្លាំងរដ្ឋាភិបាលស៊ីរីនិងក្រុមឧទ្ទាម នៅមុនមានកិច្ចចរចាទូលំទូលាយជាងមុនអំពីវិបត្តិក្នុងតំបន់ ដែលនឹងប្រព្រឹត្តទៅនៅពេលបន្ទាប់មកទៀតក្នុងសប្តាហ៍នេះ។
លោក Kerry ដែលកំពុងរកការគាំទ្រដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នាមិនមាំទាំក្នុងប្រទេសស៊ីរី បានជួបជាមួយព្រះចៅ Salman នៃប្រទេសអារ៉ាប៊ីសាអូឌីតដែលប្រទេសរបស់ព្រះអង្គជាអ្នកគាំទ្រសំខាន់មួយដល់ក្រុមឧទ្ទាមដែលប្រយុទ្ធដើម្បីបណ្តេញប្រធានាធិបតីស៊ីរី Bashar al-Assad ចេញពីតំណែង។
ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីតជាផ្លូវការបានរាយការណ៍ថា អ្នកការទូតកំពូលស.រ.អា.រូបនេះនិងសមភាគីអារ៉ាប៊ីសាអូឌីតរបស់លោកគឺលោក Adel al-Jubeir បានពិភាក្សាគ្នាអំពីព្រឹត្តិការណ៍នៅក្នុងប្រទេសស៊ីរី។
នៅពេលបន្ទាប់មកទៀតក្នុងថ្ងៃអាទិត្យ លោក Kerry នឹងធ្វើដំណើរតាមយន្តហោះទៅកាន់ក្រុងវីយែន ដែលនៅទីនោះលោកនិងលោករដ្ឋមន្ត្រីការបរទេសអ៊ីតាលី Paolo Gentiloni នឹងធ្វើជាសហអ្នករៀបចំការប្រជុំមួយរបស់ក្រុមរដ្ឋមន្ត្រីអំពីសន្តិសុខនិងការគាំទ្រដល់រដ្ឋាភិបាលថ្មីនៃប្រទេសលីប៊ី។
ក្រុមមហាអំណាចបស្ចិមប្រទេសសង្ឃឹមថា រដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិរបស់ប្រទេសលីប៊ីអាចបង្រួបបង្រួមប្រទេសដែលបានស្ថិតក្នុងភាពមានចលាចលចាប់តាំងពីមេដឹកនាំឈ្មោះ Moammar Gadhafi ត្រូវបានទម្លាក់ពីតំណែងនិងត្រូវសម្លាប់កាលពីឆ្នាំ២០១១មក។
នៅថ្ងៃអង្គារស្អែកនេះ ក្រុមអន្តរជាតិគាំទ្រប្រទេសស៊ីរីដែលហៅកាត់ថា ISSG ដែលមានប្រទេសជាតិ១៧ជាសមាជិកនឹងប្រជុំគ្នានៅក្នុងក្រុងវីយែន ដើម្បីពិភាក្សាគ្នាអំពីកិច្ចចរចានយោបាយដែលគាំងដំណើរ ការពិបាកក្នុងការថែរក្សាឲ្យមានកិច្ចឈប់បាញ់គ្នាកាលពីខែកុម្ភៈ និងលទ្ធផលមិនរលូននៃការផ្តល់ជំនួយមនុស្សធម៌ដោយអ.ស.ប.។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ការជំរុលទៅមុខខាងយោធាកាលពីពេលថ្មីៗនេះដោយរដ្ឋាភិបាលស៊ីរីអាចបន្ថយលទ្ធភាពនៃការធ្វើកិច្ចចរចានយោបាយជាថ្មីដែលត្រូវបានឃើញថាជាសេចក្តីសង្ឃឹមល្អបំផុតដើម្បីបញ្ឈប់សង្គ្រាមនេះ៕
លោក John Kerry រដ្ឋមន្រ្តីការបរទេសស.រ.អា. ជួបជាមួយព្រះចៅអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz al-Saud កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ដើម្បីស្វះស្វែងឲ្យមានការគាំទ្រពីប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងការពង្រឹងកិច្ចព្រមព្រៀងមួយអំពី«ការបញ្ឈប់អរិភាព» រវាងកងកម្លាំងរដ្ឋាភិបាលស៊ីរីនិងក្រុមឧទ្ទាម នៅមុនមានកិច្ចចរចាទូលំទូលាយជាងមុនអំពីវិបត្តិក្នុងតំបន់ ដែលនឹងប្រព្រឹត្តទៅនៅពេលបន្ទាប់មកទៀតក្នុងសប្តាហ៍នេះ។។
ប្រភព៖ VOA
loading...
0 comments:
Post a Comment