លោក រ៉ុង ឈុន សមាជិករបស់គ.ជ.ប ដែលជ្រើសរើសដោយគណបក្សសង្គ្រោះជាតិ មិនទាន់ហ៊ានចោទចំណាត់ការរបស់តុលាការ ថាជារឿងនយោបាយនោះទេ។ ម្យ៉ាងវិញទៀត លោក រ៉ុង ឈុន ក៏មិនសន្និដ្ឋានថា ការបញ្ជូនសំណុំរឿង ទៅចៅក្រមជំនុំជម្រះ ក្នុងកាលៈទេសនេះ គឺដើម្បីកម្ចាត់រូបលោក ឲ្យបាត់បង់ពីស្ថាប័ន គ.ជ.ប នោះដែរ។ អ្វីដែល លោកអាចបកស្រាយនៅពេលនេះ គឺការរង់ចាំមើលវិធានការរបស់តុលាការបន្តទៀត តែប៉ុណ្ណោះ។ ចំណែកឯ គ.ជ.ប នៅតែរក្សាភាពស្ងៀមស្ងាត់ ដោយមិនទាន់សួរនាំឬបើកកិច្ចប្រជុំពីករណីរបស់លោកឡើយ។ នេះជាការលើកឡើងរបស់លោក រ៉ុង ឈុន អតីតប្រធានសភាពសហជីពកម្ពុជា ដែលបានថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅរសៀលនេះ។
លោក រ៉ុង ឈុន បានបន្ថែមទៀតថា បើសង្កេតមើលចំណាត់ការរបស់តុលាការ វាទំនងជាប្រព្រឹត្តទៅតាមនីតិវិធី ព្រោះជាធម្មតា សំណុំរឿងរបស់ជនជាប់ចោទ តែងតែត្រូវបានបញ្ចូនទៅជំនុំជម្រះ បន្ទាប់ពីចៅក្រមស៊ើបសួរ បញ្ចប់ការស៊ើបអង្កេត។ អតីតប្រធានសភាពសហជីពកម្ពុជារូបនេះ មិនទាន់ដឹងថា តុលាការនឹងកោះហៅ ឲ្យចូលសវនាការនៅថ្ងៃណានោះទេ។ យ៉ាងណាក៏ដោយ លោករ៉ុង ឈុន នៅតែបង្ហាញពីស្មារតីរឹងមាំរបស់ខ្លួន ដោយមិនតក់ស្លុតនិងជ្រួលច្របល់ចំពោះការអនុវត្តច្បាប់របស់តុលាការឡើយ។ លោកបញ្ជាក់យ៉ាងខ្លីថា៖«វាជារឿងធម្មតា គ្មានអ្វីដែលត្រូវភ័យព្រួយនោះទេ»។
កាលពីថ្ងៃទី ២៦ ខែមេសា លោក សាន សុផាន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតជូនដំណឹងមួយ ស្តីពីការបញ្ជូនសំណុំរឿងរបស់លោក រ៉ុង ឈុន ទៅកាន់ចៅក្រមជំនុំជម្រះ។ រឿងក្កីរបស់លោក រ៉ុង ឈុន ពាក់ព័ន្ធនឹង «អំពើហិង្សាដោយចេតនា ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈដោយចេតនា និងគំរាមកំហែងប្រើមធ្យោបាយជាឧបសគ្គដល់ចរាចរណ៍សាធារណៈ» ដែលកើតឡើងពីការទាមទាររបស់លោកនៅផ្លូវវ៉េងស្រេង ដើម្បីឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិក កាលពីឆ្នាំ២០១៤ កន្លងទៅ៕
ប្រភព៖ ថ្មីៗ
loading...
0 comments:
Post a Comment