សហគមន៍រួមតូចពិសេស ៖ មិត្តធ្លាប់គិតទេ, ពន្ធនាគារណាដែលក្នុងនោះមានតាំងពីមន្ទីរពេទ្យ, ផ្ទះកាត់សក់, មណ្ឌលកែសម្រស់, ថ្នាក់រៀន, បណ្ណាល័យ ហើយមានរហូតដល់សាខាធនាគារទៀត ?
សូមអញ្ជើញទៅមើលពន្ធនាគារចម្លែកគ្មានពីរនេះនៅប្រទេសអេត្យូពី ដែលមានឈ្មោះថា ពន្ធនាគារ Macalle ។ ពន្ធនាគារចម្លែកនេះហ៊ុមព័ទ្ធដោយកំផែងរឹងមាំដូចពន្ធនាគារឯទៀតដែរ តែខាងក្នុងវិញអ្នកទោសគ្រប់រូបអាចប្រកបមុខរបរលក់ដូរ អាចប្រកបមុខរបរសាងសង់ អាចប្រកបមុខរបរកែសម្រស់ លក់ម្ហូបអាហារ លក់បង្អែមសព្វបែបយ៉ាង ។ និយាយរួម អ្នកទោសចង់រកលុយតាមរបៀបណា អាចធ្វើបានទាំងអស់ ហើយរាល់សកម្មភាពអាជីវកម្មក្នុងពន្ធនាគារ សុទ្ធតែមានការទាក់ទងជាមួយពិភពខាងក្រៅ ។
គម្រោងបង្កើតឱ្យមានពន្ធនាគារចម្លែកនេះ គឺជាគម្រោងរបស់អង្គការពលកម្មអន្តរជាតិ ហើយអង្គការសហប្រតិបត្តិការអភិវឌ្ឍរបស់ប្រទេសអ៊ីតាលីជាអ្នក អនុវត្ត ។ ក្នុងពន្ធនាគារ Macalle មានសាខាធនាគារមួយសម្រាប់ឱ្យអ្នកទោសទាក់ទងលុយកាក់ជាមួយគ្រួសារ ឬសាច់ញាតិនៅខាងក្រៅ ។ មុនពេលបង្កើតឱ្យមានសាខាធនាគារ សាច់ញាតិតែងផ្ញើលុយកាក់ឱ្យអ្នកទោស តែឥឡូវលែងដូច្នេះទៀតហើយ អ្នកទោសរកលុយដោយខ្លួនឯង ហើយផ្ញើលុយកាក់ឱ្យគ្រួសាររបស់ខ្លួននៅខាងក្រៅវិញ ។ លុះដល់ពេលផុតកំណត់ជាប់ទោស អ្នកទោសភាគច្រើន ចេះរបរមួយពិតប្រាកដសម្រាប់ចិញ្ចឹមខ្លួនឯង និងគ្រួសារទៅមុខទៀត ។
អ្នកទោស ម្នាក់ៗស្ថានភាពខុសគ្នា ៖ នាង Atsede Dimtsu អាយុ១៨ឆ្នាំ ត្រូវជាប់ពន្ធនាគារមួយឆ្នាំពីបទមិនសហការជាមួយសមត្ថកិច្ច ពេលសមត្ថកិច្ចស៊ើបអង្កេតរឿងក្ដីមួយ ។ សព្វថ្ងៃនាងជាសមាជិកាម្នាក់របស់ក្រុមផលិតឥដ្ឋក្នុងពន្ធនាគារ ។ ផុតម៉ោងការងារនាងចូលចិត្តដើរលេងជាមួយអ្នកទោសស្រីឯទៀត , ជួនកាលនាំគ្នាទៅផាត់មុខនៅមណ្ឌលកែសម្រស់ក៏មាន ។
អ្នកទោសស្រីខ្លះចូលចិត្តទៅអានសៀវភៅ កាសែតនៅបណ្ណាល័យ ដើម្បីពូនជ្រំចំណេះដឹង ។
ដូចយ៉ាងនាង Zebib អាយុ២០ឆ្នាំ ត្រូវជាប់ពន្ធនាគារពីបទធ្វើចរាចរណ៍កញ្ឆាក្រៀម២០ក្រាម ។ រាល់លើកចប់ម៉ោងការងារ នាងប្រញាប់ប្រញាល់ទទួលទានអាហារ បន្ទាប់មកទៅអានសៀវភៅ កាសែតរហូតដល់ល្ងាច ។
រីឯអ្នកទោសស្រីឈ្មោះ Rigbe Kidane អាយុ៤៤ឆ្នាំ ត្រូវជាប់ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភអំណាច ។ អ្នកទោសស្រីរូបនេះ ដោយមានចំណេះដឹងខ្ពស់ គេឱ្យធ្វើអ្នកគ្រប់គ្រងសហគ្រាសផលិតឥដ្ឋក្នុងពន្ធនាគារ ។ ឥដ្ឋផលិតបានប៉ុន្មាន បញ្ចេញលក់នៅខាងក្រៅអស់ៗគ្មានសល់ឡើយ ។
អ្នកទោសស្រីឈ្មោះ Hili ftiGebrekinos អាយុ២៧ឆ្នាំ ត្រូវជាប់ពន្ធនាគារ៦ឆ្នាំ ពីបទបោកប្រាស់ ពេលនេះកំពុងបើកកន្លែងគ្រឿងទេសក្នុងពន្ធនាគារ ដើម្បីសន្សំលុយកាក់ផ្ញើឱ្យអ្នកផ្ទះ ។
មិនមែនតែអ្នកទោសស្រីទេ អ្នកទោសប្រុសម្នាក់ណាក៏ខិតខំរកប្រាក់ផ្ញើឱ្យអ្នកផ្ទះរបស់ខ្លួន នៅខាងក្រៅដែរ ព្រោះនៅពន្ធនាគារ Macalle ឱកាសរកប្រាក់មានច្រើនណាស់ ។
រឿងចម្លែកមិនមែនមានតែត្រឹមប៉ុណ្ណឹងឡើយ ។ ក្នុងពន្ធនាគារ Macalle ថែមទាំងមានរង្គសាលដ៏ធំមួយសម្រាប់កម្សាន្តទៀត ។ រង្គសាលនោះជាកម្មសិទ្ធិរបស់អ្នកទោសស្រី៣នាក់ជាមិត្តភក្ដិនឹង គ្នា ។ នៅមិនឆ្ងាយប៉ុន្មានពីរង្គសាលនោះ គឺថ្នាក់រៀនកែសម្រស់ និងថ្នាក់រៀនកាត់ដេរសម្លៀកបំពាក់ ។ អ្នកបើកថ្នាក់រៀនទាំងនេះ សុទ្ធតែអ្នកជំនាញខ្ពស់តាំងពីមិនទាន់ជាប់ពន្ធនាគារម្ល៉េះ។
មុខរបរដែល ប្រុសៗរ៉ាប់រងច្រើនជាងស្រី គឺមុខរបរកាត់សក់ , មុខរបរដុតនំបុ័ង ។ ចំណែកមុខរបរផលិតគ្រឿងអលង្ការពីជ័រមានចម្រុះប្រុសស្រីធ្វើជាមួយ គ្នា ៕

ប្រភព៖everyday
loading...
0 comments:
Post a Comment