រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជានឹងក្លាយជាខ្លានៅតំបន់អាស៊ីខាងផ្នែកអចលនទ្រព្យដោយសារតែកំណើនសេដ្ឋកិច្ចមានភាពរឹងមាំ នយោបាយមានលក្ខណៈល្អប្រសើរ ច្បាប់វិនិយោគមានភាពទាក់ទាញ ហើយការអភិវឌ្ឍរបស់កម្ពុជាលើវិស័យអចលនទ្រព្យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានសន្ទុះកើនឡើងគួរឲ្យចាប់អារម្មណ៍ ។ នេះបើតាមការលើកឡើងរបស់ក្រុមអ្នកវាយតម្លៃ និងអចលនទ្រព្យអាស៊ាន នៅក្នុងកិច្ចប្រជុំលើកទី២៤ នៃសន្និសីទថ្នាក់តំបន់អាស៊ីប៉ាហ្វិក VPC នៅសណ្ឋាគារសុខា ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកាលពីពេលថ្មីៗនេះ ។
ក្រុមអ្នកវាយតម្លៃ និងអចលនទ្រព្យអាស៊ានបានកត់សម្គាល់ថា ៖ « ក្នុងដំណើរការអភិវឌ្ឍឥតឈប់ឈរនេះ នឹងជំរុញឲ្យកម្ពុជាក្លាយទៅជាខ្លានៅក្នុងតំបន់អាស៊ីលើវិស័យអចលនទ្រព្យ។ លើសពីនេះទៀត នៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន កម្ពុជានឹងក្លាយជាប្លុកនៃការធ្វើពាណិជ្ជកម្មនៅក្នុងពិភពលោក បន្ទាប់ពីសហគមន៍អឺរ៉ុប »។
តើកម្ពុជានឹងក្លាយជាខ្លានៅអាស៊ី ក្នុងវិស័យអចលនទ្រព្យនាពេលអនាគតដូចក្រុមអ្នកជំនាញលើកឡើងដែរឬទេ ?
បើតាមអ្នកជំនាញខាងផ្នែកអចលនទ្រព្យនៅក្នុងស្រុក លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនស៊ីភីអែល ខេមបូឌា ប្រភើធី លីមីតធីត បានលើកឡើងថា ៖ « អ្នកវិនិយោគទាំងអស់បានមកប្រទេសយើង ដោយសារពួកគាត់បានមើលឃើញពីការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំមានភាពជឿនលឿនមែនទែន ។ ពេលគាត់មកម្តងទៀតបានឃើញកាន់តែប្លែកថែមទៀត ដូច្នេះ ពួកគាត់គិតថា ប្រទេសយើងនឹងក្លាយជាកូនខ្លានៅអាស៊ី ។ បើតាមសន្ទុះនៃការមើលឃើញជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានអគារខ្ពស់ៗជាច្រើនបានផុសឡើង មានទាំង៤៥ជាន់ , ៥៥ជាន់ និងមានរហូតដល់១៣៣ជាន់ឯណោះ ។ នេះជាសន្ទុះមួយគួរឲ្យយើងទាំងអស់គ្នាមានមោទនភាព » ។
លោកឧកញ៉ាបន្តថា ៖ « យើងមើលទៅឃើញថា អ្នកទាំងអស់គ្នាតែងតែឲ្យតម្លៃ និងកិត្តិយសមកលើប្រទេសយើង ហើយមានការជឿជាក់ ។ ដូច្នេះ អ្វីដែលពួកគាត់បាននិយាយ ប្រាកដជាពួកគាត់បានថ្លឹងថ្លែង និងយល់ច្បាស់ថា កម្ពុជាអាចធ្វើបាន អីចឹងហើយយើងទាំងអស់គ្នាត្រូវតែធ្វើឲ្យបានដូចអ្វីដែលគេថា «កម្ពុជានឹងក្លាយជាខ្លានៅអាស៊ី»ក្នុងវិស័យអចលនទ្រព្យនាពេលអនាគត ។ យើងមើលឃើញថា កម្ពុជា គឺជាប្រទេសមួយដែលមានធនធានធម្មជាតិច្រើន ដីមានជីជាតិ ហើយវិស័យទេសចរណ៍ ក៏មានការកើនឡើងជារៀងរាល់ឆ្នាំ ដែលធ្វើឲ្យអន្តរជាតិផ្តោតអារម្មណ៍មកលើកម្ពុជា ។ អ្នកវិនិយោគពីមុនមកដែលមិនធ្លាប់ស្គាល់កម្ពុជាសោះ តែពេលគាត់មកឃើញមានការអភិវឌ្ឍខាងអគារមានច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ។ ការកើនឡើងនៅក្នុងវិស័យនេះ គឺជាការជំរុញទឹកចិត្តមួយ បើសិនជាគាត់មិនវិនិយោគលើវិស័យអចលនទ្រព្យនៅពេលនេះ គឺគាត់នឹងយឺតពេល » ។
ការលើកឡើងស្រដៀងគ្នានេះដែរ លោក សន សៀប នាយកគ្រប់គ្រងក្រុមហ៊ុន Key Real Estate បានមានប្រសាសន៍ថា ៖ « ខ្ញុំគិតថា វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែរីកលូតលាស់យ៉ាងខ្លាំង ហើយភាពលូតលាស់នេះ គឺដោយសារតែការចូលរួមវិនិយោគបរទេស ជាមួយអ្នកវិនិយោគក្នុងស្រុក ។ អ្វីដែលគេគិតថា នឹងក្លាយជាខ្លានៅអាស៊ីក្នុងផ្នែកអចលនទ្រព្យនៅកម្ពុជានោះ សម្រាប់ខ្ញុំ គឺគាំទ្រ ពីព្រោះបើយើងមើលសន្ទុះនៃការអភិវឌ្ឍនាពេលបច្ចុប្បន្ន ជាពិសេស នៅក្រុងភ្នំពេញ គឺមានសន្ទុះខ្លាំងក្លាមែនទែន ហើយយើងមិនមែនតែធ្វើនៅក្នុងប្រទេសទេ គឺយើងមានទីផ្សារនៅក្នុងតំបន់ហើយបន្តពង្រីកដល់ទីផ្សារអន្តរជាតិថែមទៀត » ។
លោកនាយកបន្តថា ៖ « បើយើងមើលអ្នកវិនិយោគជាទូទៅនៅកម្ពុជា ទី១-អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យធំជាងគេ គឺប្រជាជនកម្ពុជា និងទី២-អ្នកវិនិយោគមកពីជប៉ុន ចិន សិង្ហបុរី តៃវ៉ាន់ កូរ៉េ និងហុងកុង ដែលសុទ្ធសឹងជាប្រទេសមានលំដាប់ទីផ្សារអចលនទ្រព្យធំៗហើយជាប្រទេសដែលមានអ្នកវិនិយោគបរទេសច្រើន ។ ខ្ញុំគិតថា វិស័យអចលនទ្រព្យកម្ពុជាមានសក្តានុពលខ្លាំងក្នុងពង្រីកខ្លួនទៅមុខ ដូច្នេះ ចំពោះកម្ពុជាទៅថ្ងៃ ខាងមុខថា នឹងក្លាយជាខ្លានៅអាស៊ីខាងផ្នែកអចលនទ្រព្យនោះ វាមិនមានអ្វីដែលគួរឲ្យសង្ស័យទេ » ។
ចំណែកលោកបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ៖ « ការវិនិយោគក្នុងវិស័យសំណង់ គឺមានកំណើនជារៀងរាល់ឆ្នាំ ។ ជាក់ស្តែង កាលពីឆ្នាំ២០១៥ គម្រោងវិនិយោគមានចំនួន២.៣០៥គម្រោង នៅលើផ្ទៃក្រឡាសំណង់៧.៦៨៦.១១២ម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មាន៣.៣៣៨លានដុល្លារ ។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤ គឺមានការកើនឡើងប្រមាណ៣១,១៤% ។ ដោយឡែក ក្នុងរយៈពេល៣ខែដើមឆ្នាំនេះ គម្រោងវិនិយោគមានចំនួន៤៧៣គម្រោង ដែលមានផ្ទៃក្រឡាសំណង់៣.៧៩៩.៤០៤ម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មាន១.៦៤៧លានដុល្លារ » ៕
ប្រភព៖everyday
loading...
0 comments:
Post a Comment