អ្វីដែលកំពុងខ្វែងគ្នា រវាងគណបក្សទាំងពីរនៅពេលនេះ គឺរបៀបវារៈ ដែលត្រូវលើកយកមកនិយាយគ្នានៅលើតុ។ សម្រាប់គណបក្សប្រជាជនកម្ពុជា បើមានជំនួបមែន តែនឹងមិនលើកឡើងពីរបៀបវារៈ ស្តីពី ស្ថានភាពនយោបាយក្រៅពីក្នុងរង្វង់ក្របខណ្ឌនៃវប្បធម៌សន្ទនានោះទេ។ ក៏ប៉ុន្តែ សម្រាប់គណបក្សសង្គ្រោះជាតិវិញ បានចាត់ទុកថា របៀបវារៈ ស្តីពី ការជាប់ឃុំឃាំងរបស់សកម្មជនខ្លួន គឺជារឿងអាទិភាព។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យនៃគណបក្សនយោបាយធំៗទាំងពីរ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សញ្ញាវិជ្ជមានមួយចំនួនកំពុងលេចឡើង ដែលធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជានឹងវិលមករកប្រក្រតីភាពឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ឧសភាកន្លងទៅ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាក់កាសែតភ្នំពេញប៉ុស្តិ៍ថា បើគណបក្សសង្គ្រោះជាតិចង់ជួបចរចារជាមួយនឹងគណបក្សប្រជាជនកម្ពុជាឡើងវិញ ត្រូវទាក់ទងតាមរយៈអគ្គលេខាធិការដ្ឋានរដ្ឋសភាលោក ឡេង ប៉េងឡុង។ ប៉ុន្តែជិតមួយសប្តាហ៍មកហើយ គណបក្សប្រជាជនកម្ពុជា មិនឃើញមានការទាក់ទងមកទេ។ យ៉ាងណាក៏ដោយ លោក សុខ ឥសាន នៅតែអះអាងថា ទ្វារសម្រាប់ការចរចាររបស់គណបក្សប្រជាជនកម្ពុជានៅតែបើកចំហរ ប្រសិនបើការចរចារនោះ ធ្វើឡើងក្នុងរង្វង់ឬក្របខណ្ឌនៃវប្បធម៌សន្ទនា។
គួរជំរាបជូនថា គណបក្សទាំងពីរបានជួបគ្នាជាលើកចុងក្រោយ កាលពីថ្ងៃទី១៩ ខែមិនាកន្លងទៅ ដើម្បីពង្រឹងវប្បធម៌សន្ទនានេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានទទួលស្គាល់ថា គណបក្សនៅមិនទាន់ទាក់ទងជាផ្លូវការណាមួយ ទៅកាន់ភាគីគណបក្សកាន់អំណាចនៅឡើយទេ ដោយ សារតែលក្ខណ្ឌនៃជំនួបនោះ ត្រូវបានហាមមិនឲ្យលើកឡើងពីប្រធានបទនយោបាយ។ តែលោកបានចោទជាសំណួរថា បើអ្នកនយោបាយជួបគ្នា មិននិយាយពីរឿងនយោបាយ តើនិយាយពីអ្វី?
សូមបញ្ជាក់ថា ស្ថានភាពនយោបាយនៅកម្ពុជា បានឡើងកំដៅដល់កំពូល ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៥មក ពោលគឺបន្ទាប់ពីមានការចាប់ខ្លួនសមាជិកគណបក្សសង្គ្រោះជាតិ១១នាក់ឡើងវិញ កាលពីខែកក្កដាឆ្នាំ២០១៥ រួមទាំងការចាប់ខ្លួន និងការចោទប្រកាន់ជាបន្តបន្ទាប់ ទៅលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រឆាំង អ្នកតំណាងរាស្ត្រ និងចុងក្រោយនេះ គឺការចាប់ខ្លួនសកម្មជនអ្នកការពារសិទ្ធិមនុស្សជាដើម។
យ៉ាងណាក៏ដោយ នៅក្នុងសុន្ទរកថាចុងក្រោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុនបានបង្ហើបពីលទ្ធភាពក្នុងការបន្ធូបន្ថយទោស ឬលើកលែងទោសចំពោះសកម្មជនអ្នកការពារសិទ្ធិមនុស្ស៥នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារក្នុងបណ្តឹងសូកប៉ាន់សាក្សី កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ សម្រាប់អ្នកវិភាគ នេះគឺជាសញ្ញាណវិជ្ជមានមួយ ដែលអាចឈានទៅបន្ធូរបន្ថយបរិយាកាសនយោបាយតានតឹងនៅកម្ពុជាបាន៕
ប្រភព៖ RFI
loading...
0 comments:
Post a Comment