មន្ត្រីអាដហុក៤រូប គឺលោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វង់ដា និងលោកស្រី លឹម មុនី រួមទាំងអគ្គលេខាធិការរងរបស់គ.ជ.ប គឺលោក នី ចរិយា ត្រូវបានដាក់ខ្នោះនិងដឹកតាមរថយន្តចំនួន៥គ្រឿង ចេញពីសាលាដំបូងរាជធានីភ្នំពេញ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយវិញភ្លាម ក្រោយបញ្ចប់ការសាកសួរ។
ក្រុមគ្រួសារ និងប្រជាពលរដ្ឋ ដែលបានរង់ចាំនៅខាងក្រៅតាំងពីព្រឹកព្រលឹមមកនោះ បានស្រែកយំផង និងខ្លះស្រែកតិទៀនតុលាការថាអយុត្តិធម៌ផង ពេលឃើញមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ត្រូវបានដាក់ខ្នោះ និងបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយវិញ។
អ្នកស្រី គា សុផល មេធាវីការពារក្តីមន្ត្រីអាដហុក បានថ្លែងប្រាប់អ្នកកាសែតថា ព្រះរាជាអាជ្ញាបានបញ្ចប់ការសាកសួរហើយ ប៉ុន្តែមិនទាន់ធ្វើការចោទប្រកាន់កូនក្តីរបស់ខ្លួន នៅឡើយ។ លោកស្រីបន្ថែមថា នៅពេលព្រឹក ថ្ងៃ២ ខែឧសភា សមត្ថកិច្ចនឹងបញ្ជូនអ្នកទាំង៥រូប ទៅកាន់តុលាការវិញ ដើម្បីបន្តនីតិវិធី។
មេធាវីរូបនេះពន្យល់ថា៖«សម្រាប់ថ្ងៃស្អែក កូនក្តីរបស់ខ្ញុំមានផ្លូវ២ គឺទី១. ព្រះរាជអាជ្ញាតម្កល់រឿងមិនចាត់ការ និងទី២ព្រះរាជអាជ្ញាធ្វើការចោទប្រកាន់។ ប្រសិនបើព្រះរាជអាជ្ញាចោទប្រកាន់អ្នកទាំង៥ ពីបទល្មើសអ្វីមួយ នោះព្រះរាជអាជ្ញា នឹងបន្តសំណុំទៅកាន់ចៅក្រមស៊ើបសួរ»។
យ៉ាងណាក៏ដោយ អ្នកស្រី គា សុផល សង្ឃឹមយ៉ាងមុតមាំថា ព្រះរាជអាជ្ញា នឹងលើកលែងការចោទប្រកាន់ ហើយតម្កល់សំណុំរឿងមិនចាត់ការ។ ការជឿជាក់យ៉ាងដូច្នេះ ព្រោះអ្នកស្រីសំអាងថា កូនក្តីរបស់ខ្លួន មិនបានប្រព្រឹតបទល្មើសណាមួយ ដូចការចោទប្រកាន់ នៅក្នុងលិខិត ដែលកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បានលាតត្រដាងកន្លងមកទេ។ អ្វីដែល ព្រះរាជអាជ្ញាលើកមកចោទសួរ គឺទាក់ទងនឹងអំពើពុករលួយ ដែលទទួលព័ត៌មានបានពីACU ហើយព័ត៌មានដែលACU បញ្ជូនទៅកាន់តុលាការ គឺផ្អែកលើលិខិតចំហ ចំនួន៤ទំព័រ របស់ស្រីមុំ។ នេះជាការបន្ថែមរបស់ មេធាវីដដែល៕
ប្រភព៖ ថ្មីៗ
loading...
0 comments:
Post a Comment