វិរៈកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោកពីរជំនាន់ ត្រូវបានលោក អ៊ឹង គឹមស្រ៊ុន អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាវាយតម្លៃថា សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ប្រហែលជាមិនមានវត្តមានរបស់វីរៈកីឡាការិនីប៉េតង់ម្នាក់នេះឡើយ ពោលគឺ លោក បានវាយតម្លៃថា កីឡាការិនីម្នាក់នេះអាចប្រកួតបានតែ២ ទៅ៣ឆ្នាំទៀតប៉ុណ្ណោះ។ ការវាយតម្លៃបែបនេះដោយលោកគិតថា ទម្រាំដល់ការប្រកួតនោះចាប់ផ្តើមកីឡាការិនីម្នាក់នេះមានអាយុ កាន់តែច្រើន ហើយកម្លាំង និងភ្នែករបស់គេក៏មានការថយចុះផងដែរ។
លោកអគ្គលេខាធិការរូបនេះបានរៀបរាប់ដូចនេះថា៖«ចំពោះ កែ ឡេង ទស្សនៈខ្ញុំគិតថា គាត់ប្រហែលជាអាចលេងបានតែ២ទៅ៣ឆ្នាំទៀតនោះទេ ប៉ុន្តែចំពោះការឆ្ពោះទៅស៊ីហ្គេមខ្ញុំមិនសង្ឃឹមនោះទេ ព្រោះថាទម្រាំដល់៧ឆ្នាំគាត់មានអាយុកាន់តែច្រើន ដូច្នេះភ្នែក និងកម្លាំងក៏មានការថមថយដែរ។ ការប្រកួតប៉េតង់ភាគច្រើនគឺប្រកួតពេលយប់ ប៉ុន្តែបើគាត់ខ្សោយភ្នែកគឺមិនអាចទៅរួចនោះទេ»។
ទោះបីជាយ៉ាងនេះក្តី លោកអគ្គលេខាធិការរូបនេះកំណត់ថា យ៉ាងហោចណាស់លោកនឹងកំណត់ឲ្យ វីរៈកីឡាការិនី កែ ឡេង បានចូលរួមប្រកួតជើងឯកពិភពលោកបានម្តងទៀត ហើយប្រសិនបើកីឡាការិនីរូបនេះនៅតែបន្តឈ្នះមេដាយមាសពិភពលោក ពោលគឺរយៈពេល៣ឆ្នាំជាប់ៗគ្នា នោះកម្ពុជានឹងក្លាយជាប្រទេសឯកត្តកម្ម ហើយក៏ក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រផងដែរ។
លោកបញ្ជាក់ថា៖«អញ្ចឹងយ៉ាងហោចណាស់ខ្ញុំឲ្យ កែ ឡេង បានប្រកួតពិភពលោកម្តងទៀត ប្រសិនបើគាត់នៅតែប្រកួតដណ្តើមបានមេដាយមាសបីដង ខ្ញុំចាត់ទុកថាខ្មែរគឺចងក្រងជាឯកត្តកម្ម ហើយក៏ជាកំណត់ត្រាប្រវត្តិសាស្ត្រផងដែរ»។
គួរបញ្ជាក់ថា វីរៈកីឡាការិនី កែ ឡេង បច្ចុប្បន្នមានអាយុ៥៤ឆ្នាំ ធ្លាប់បានឈ្នះមេដាយមាសលំដាប់ពិភពលោកចំនួនពីរលើកពោលគឺ ឆ្នាំ២០១៣ កីឡាការិនីរូបនេះបានឈ្នះមេដាយមាសក្នុងការប្រកួត Women’s Pétanque World Championships 2013 នៅទីក្រុង Montauban ប្រទេសបារាំង និងបន្តឈ្នះម្តងទៀតនៅក្នុងព្រឹត្តិការណ៍ដដែល នៅប្រទេសថៃ កាលពីឆ្នាំ២០១៥ កន្លងទៅនេះ៕
ប្រភព៖ ថ្មីៗ
loading...
0 comments:
Post a Comment