ក្រុមបាល់ទាត់ភ្នំពេញក្រោន បានបើកទ្វារកីឡដ្ឋាន RSN Stadium (ម្ដុំកាំកូស៊ីធី) របស់ខ្លួនទទួលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំនាល្ងាចថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០១៦ នេះ ហើយជាលទ្ធផលស្មើគ្នា ២ទល់២។ នេះជាការប្រកួតអំឡុងពេលលីគកំពូលកម្ពុជា សម្រាក១សប្ដាហ៍ដើម្បីចូលរួមក្នុងឱកាសអបអរព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
កីឡាករ Micheal Osei-Tutu របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានរកគ្រាប់បាល់បាន២គ្រាប់ម្នាក់ឯងក្នុងតង់ទី១ ស្របពេលចូលដល់តង់ទី២ ភ្នំពេញក្រោន បានតាមស្មើ ២ទល់២ វិញដោយថ្វីជើងកីឡាករ ពៅ ប៉ុនវុទ្ធី និងកីឡាករ អ៊ុំ តុលា។
ក្រុមទាំង២សុទ្ធតែប្រកួតឈ្នះដូចគ្នាកាលពីល្ងាចថ្ងៃពុធ ទី១១ ខែឧសភា ដោយក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមជម្រើសខេត្តកំពង់ស្ពឺ ដោយលទ្ធផល ១៥ទល់០ ក្នុងវគ្គជម្រុះពូល C ស្របពេលអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកឈ្នះក្រុមជម្រើសខេត្តក្រចេះដោយលទ្ធផល ១១ទល់០ ក្នុងវគ្កជម្រុះពូល D។
បើនិយាយក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ (Metfone Cambodian League 2016) វិញ ក្រុមភ្នំពេញក្រោន កំពុងឈរចំណាត់ថ្នាក់លេខ៥មាន១១ ពិន្ទុ ក្រោយប្រកួត៧លើកឈ្នះ ៣លើក ស្មើ២លើក និងចាញ់២លើក ព្រមទាំងទាត់ចូលទីគេបាន៩គ្រាប់ និងរបូតវិញ ៧គ្រាប់។ សរុប៧ ប្រកួតមកនេះរបស់ក្រុមភ្នំពេញក្រោន ដោយដំបូងបានយកឈ្នះក្រុមខេមបូឌានថាយហ្គឺរ ដោយលទ្ធផល ៣ទល់១ ហើយប្រកួតបន្ទាប់បានស្មើគ្នា ០ទល់០ ជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ តែចាញ់ណាហ្គាវើល ២ទល់១ ហើយបន្តស្មើជាមួយក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ២ទល់២ មុនយកឈ្នះក្រុមក្រសួងការពារជាតិ ២ទល់១ ហើយចាញ់បឹងកេតអង្គរ ១ទល់០ និងចុងក្រោយឈ្នះព្រះខ័នរាជស្វាយរៀង ១ទល់០។
ចំណែកក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ វិញកំពុងឈរលេខ៨ មាន៤ពិន្ទុ ក្រោយប្រកួត៧លើកមកនេះស្មើគ្នា៤លើកនិងចាញ់៣លើក ព្រមទាំងទាត់ចូលទីគេបាន៦លើកនិងរបូតគ្រាប់បាល់វិញ១៦គ្រាប់។ ៧ ប្រកួតកន្លងមកនេះ បានចាញ់ក្រុមក្រសួងការពារជាតិ ដោយលទ្ធផល ៤ទល់១ ហើយប្រកួតលើកទី២ បានស្មើគ្នា ០ទល់០ ជាមួយក្រុមជើងឯកឆ្នាំចាស់ភ្នំពេញក្រោន លើកទី៣ស្មើជាមួយក្រុមព្រះខ័នរាជស្វាយរៀង ១ទល់១ លើកទី៤បន្តស្មើជាមួយក្រុមអាស៊ីអឺរ៉ុប ០ទល់០ លើកទី៥ស្មើជាមួយស៊ីម៉ាក់ ២ទល់២ លើកទី៦ចាញ់ក្រុមខេមបូឌានថាយហ្គឺរ ២ទល់១និងចុងក្រោយចាញ់បឹងកេតអង្គរ រហូតដល់៧ទល់១៕
ប្រភព៖ កម្ពុជាថ្មី
loading...
0 comments:
Post a Comment