ការកែសម្ផស្សដើម្បីឱ្យមានភាពទាក់ទាញពីអ្នកមហាជន និងអ្នកគាំទ្ររបស់ខ្លួន កំពុងតែកើនខ្លាំង នៅក្នុងចំណោមសិល្បករ សិល្បការិនីនាពេលបច្ចុប្បន្ន។
អ្នកស្រី ហូវ ដាណេ អគ្គនាយកាមជ្ឈមណ្ឌលកែសម្ផស្ស ឌែរម៉ូ គ្លីនិក (Dermo Clinic) បាននិយាយថា មិនថាតែតារាចាស់ក្មេង រឺមហាជនក្រៅរង្វង់សិល្បៈប៉ុណ្ណោះទេ វិធីកែសម្ផស្សធ្វើយ៉ាងណាឱ្យស្អាត និងមានភាពទាក់ទាញ កំពុងតែរីកចម្រើនខ្លាំងនៅប្រទេសកម្ពុជា។ “សិល្បករ សិល្បការិនី ក៏ដូចជាតារាចម្រៀងនៅក្នុងស្រុក គឺជានិច្ចជាកាល គាត់តែងតែអញ្ជើញទៅថែរក្សាសម្ផស្ស ក៏ដូចជាវះកាត់កែសម្ផស្សខ្លះៗនៅ ឌែរម៉ូ គ្លីនីក ។ គ្រាន់តែថា នាងខ្ញុំមិនអាចនិយាយឈ្មោះគាត់ជាចំហបានទេ ព្រោះថា ឌែរម៉ូ គ្លីនីក យើងមានក្រុមសីលធម៌ មិនអាចឱ្យសាយភាយ ពីសេវាកម្មកែសម្ផស្សនៅគី្លនីកយើងបានទេ” នេះបើតាមកិច្ចសម្ភាសន៍រវាង អ្នកស្រី ដាណេ ជាមួយនិងអ្នកសារព័ត៌មាន។
អ្នកស្រីបន្តថា តម្រូវការកែសម្ផស្សរបស់សិល្បករ សិល្បការិនីខ្មែរ គឺកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំមុនៗ រហូតដល់៥០ ទៅ៦០ភាគរយ។ ដូច្នេះហើយទើបមជ្ឈមណ្ឌលរបស់អ្នកស្រី បានសហការជាមួយនិងប្រទេសថៃ និងកូរ៉េខាងត្បូង ដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងកើនឡើងខ្លាំងនៅពេលនេះ។
តារាសម្តែង និងជាពិធីការិនីកញ្ញា សូ ដារីតា ទទួលស្គាល់ថាការកែសម្ផស្ស ទាំងវិធីវះកាត់ និងមិនវះកាត់ គឺកំពុងកើនឡើងពិតមែនក្នុងចំណោមសិល្បករខ្មែរនាពេលបច្ចុប្បន្ន ហើយកញ្ញា ក៏ទទួលស្គាល់ថា នាងក៏ធ្លាប់កែសម្ផស្សដូចតារាមួយចំនួនផងដែរ។ កញ្ញានិយាយដោយឥតលាក់បាំងថា កញ្ញាធ្លាប់ចាក់មុខវី (V) នៅ ឌែរម៉ូ គ្លីនិក ហើយកញ្ញាក៏មានទំនុកចិត្តលើថ្នាំ និងជឿជាក់លើគ្លីនិកកែសម្ផស្សមួយនេះ មុន និងក្រោយពេលទទួលលទ្ធផល។
ចំណែកឯកញ្ញា ថន លក្ខណា ជាពិធីការិនី និងតារាសម្តែង ក៏សារភាពដែរថា កញ្ញាធ្លាប់កែ ច្រមុះ និងវះកាត់បបូរមាត់ ដោយសារតែវាជាបញ្ហាសំខាន់លើរូបកញ្ញា ទើបកញ្ញាសម្រេចចិត្តថាកែ។
សិល្បករ សិល្បការិនីខ្មែរ តែងតែទៅប្រទេថៃ កូរ៉ខាងត្បូង និងសិង្ហបុរី ជាដើម ដើម្បីកែសម្ផស្សទៅតាមអ្វីដែលពួកគេចង់បាន។ ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ន តម្រូវការចេញទៅក្រៅប្រទេសបានធ្លាក់ចុះ ដោយសារតែកម្ពុជាមានមជ្ឈមណ្ឌលកែសម្ផស្ស ដែលអាចផ្តល់សេវាកម្មនេះបាន នេះបើអ្នកស្រី ហូវ ដាណេ អគ្គនាយកាមជ្ឈមណ្ឌលកែសម្ផស្ស ឌែរម៉ូ គ្លីនីក (Dermo Clinic) ៕
ប្រភព៖ PNN
loading...
0 comments:
Post a Comment