អ្នកភូមិ​នៅ​បន្ទាយមានជ័យ​ធ្វើការ​បន់ស្រន់​សុំ​ទឹកភ្លៀង​ខណៈ​អាជ្ញាធរ​បន្ត​រក​វិធី​ទប់​ទល់នឹង​គ្រោះរាំងស្ងួត

loading...
​ភ្នំពេញ​៖ បន្ទាប់ពី​អណ្ដូង​រីងស្ងួត​គ្មាន​ទឹក​ប្រើប្រាស់​អស់​រយៈពេល​ជាច្រើន​ខែ​មក ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ឃុំ​មួយ​នៃ​ខេត្តបន្ទាយមានជ័យ បានស្នើ​សុំ​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច​ស្តារ​ស្រះ​នៅ​ភូមិ​របស់គេ បន្ទាប់ពី​ប្រភព​ផ្ដល់​ទឹក​នៅតែ​បន្ត​រីងស្ងួត​។​
អ្នកភូមិ​រាប់ពាន់​គ្រួសារ​នៅ​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​បន្ត​ទិញ​ទឹក​ពី​អ្នក​ដែលមាន​អណ្ដូងស្នប់​។ ស្របពេល​នេះដែរ​អាជ្ញាធ​រ​មូលដ្ឋាន​កាលពីពេល​ថ្មីៗ​នេះ​ចាប់ផ្ដើម​ដឹកជញ្ជូន​ទឹក​ដើម្បី​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​បន្ទាប់ពី​មាន​គ្រោះរាំងស្ងួត​កន្លងមក​។ កាលពី​ថ្មីៗ​នេះ អ្នកភូមិ​ទាំងនេះ​នាំគ្នា​ប្រមូល​ស្នាម​មេដៃ​ដើម្បី​ដាក់​លិខិតស្នើ​សុំ​ដល់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​សំណូមពរ​ឲ្យ​ក្រសួង​ជួយ​ស្តារ​ស្រះ​ចំនួន​ពីរ​នៅ​សហគមន៍​ដែល​គេ​រស់នៅ​។ តែ​គេ​មិន​រំពឹងថា នឹង​បាន​ទឹក​ប្រើប្រាស់​ភ្លាមៗ​ទេ​។​
​លោក ឃួ ពៅ អភិបាលស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ជា​ស្រុក​ដែលមាន​ប្រជាពលរដ្ឋ​កំពុង​ដាក់​សំណើសុំ​ស្តារ​ស្រះ​ទឹក បាន​ឲ្យ VOA ដឹងថា ប្រជាពលរដ្ឋនៅក្នុង​តំបន់​លោក​កំពុង​ជួបប្រទះ​កង្វះខាត​ប្រភពទឹក​ប្រើប្រាស់​យ៉ាងធ្ងន់ធ្ងរ​។ លោក​បាន​បន្ថែមថា ការជីក​និង​ស្តារ​ប្រព័ន្ធធារាសាស្ត្រ​គឺជា​កត្តា​សំខាន់​សម្រាប់​ផ្គត់ផ្គង់​ទឹក​ជូន​ដល់​កសិករ​នៅតាម​តំបន់​ដាច់ស្រយាល​មួយ​នេះ​។​
​លោក ឃួ ពៅ បញ្ជាក់ប្រាប់ VOA ថា​៖
«​ស្រះ​ហ្នឹង ជីក​ឲ្យ​ប៉ុន្មាន​ក៏​គេ​ត្រូវការ​ដែរ​។ ពលរដ្ឋ​ណាមួយ​មិន​ចង់បាន​ស្រះ​។ ស្រះ​ជីក​ពេល​ហ្នឹង​ក៏​មិន​មានទឹក​ដែរ យើង​ជីក​បម្រុង​ទុក​ក្រែងលោ​ឆ្នាំក្រោយ​វា​មាន​ភ្លៀង ស្តុក​ទឹក​ខ្លាច​ឆ្នាំក្រោយៗ​វា​រាំង អញ្ចឹង​អី​។ បើ​ជីក​ពេលនេះ ភ្លាម​ក៏​អត់​មានទឹក​ស្តុក​ទុក​ដែរ យើង​ជីក​បង្ការ​ទុក​ឲ្យ​ហើយ​។ វា​អត់​ដែល​ទេ ទើបតែ​ឆ្នាំ​ហ្នឹងឯង ព្រោះ​ពីមុន​វា​អត់​ដែល​អត់​ទឹក​ទេ​។ នៅ​តំបន់​ស្លក្រាម ព្រោះ​តំបន់​ហ្នឹង​វា​មិនដែល​អត់​ទឹក​ទេ ទើបតែ​ឆ្នាំ​ហ្នឹងហើយ​។ ឥឡូវ​គាត់​សុំ គឺ​ដើម្បី​ជីក​ឲ្យ​បាន​ដើម្បី​ស្តុក​ទឹក​ទុក​បង្ការ ពេល​ភ្លៀង​ខាងមុខនេះ​បាន​ទឹក​ចូលទៅ ខ្លាច​ឆ្នាំក្រោយៗ​វា​អត់​មានទឹក វា​បាន​អាហ្នឹង​ប្រើ​។​»
​ជា​រៀងរាល់ថ្ងៃ អាជ្ញាធរ​ដឹកជញ្ជូន​ទឹក​ជូន​ដល់​ប្រជាពលរដ្ឋ​ពី​ទី​រួម​ខេត្ត​ទៅ​ចែកចាយ​តាម​ភូមិ​។ សកម្មភាព​ចែកចាយ​ទឹក​នេះ​ធ្វើ​ទៅតាម​បទបញ្ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពី​លោក​ប្រកាស​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក កាលពី​សប្ដាហ៍​កន្លងទៅ​ឲ្យ​អាជ្ញាធរ​ដឹក​ចែកចាយ​ទឹក​ដល់​ប្រជាពលរដ្ឋ​។ នៅ​ស្រុក​ស្វាយចេក លោក​អភិបាលស្រុក​ប្រាប់​ឲ្យ​ដឹងថា នៅ​ស្រុក​លោក​មាន​៨​ឃុំ​ដែល​ត្រូវ​ចែកចាយ​។​
​លោក កុក ហួន មេឃុំ​ស្លក្រាម​នៃ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ VOA ថា ស្រះ​ទាំងពីរ​នេះ​អាច​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ក្នុង​ចំណុះ​ឃុំ​បាន​សឹងតែ​ទាំងអស់​។ តែ​ឥឡូវ​ប្រជាពលរដ្ឋ​មិនអាច​រក​ប្រភពទឹក​ប្រើប្រាស់​បានទេ ពីព្រោះ​ឆ្នាំនេះ​អាកាសធាតុ​ក្ដៅ​ខុសពី​ធម្មតា​។​
​មេឃុំ​រូបនេះ​មានប្រសាសន៍ថា​៖
«​អត់​មាន​ទន្លេ មានអី មាន​បឹង​រីង​អស់ហើយ ស្ទឹង​ខះ​អស់រលីង​ហើយ​។ បឹង​នៅ​ឃុំ​របស់ខ្ញុំ​សុទ្ធតែ​ខះ​អស់រលីង​។ ស្រះ​មាន​ទាំង​ឯកជន​៣០​គុណ​នឹង​៤០ បូកសរុប​ជាង​៣០​ស្រះ តែ​ខះ​រីង​អស់​។ សព្វ​ង៉ៃ ទិញ​គេ​ខ្លះ ទិញ​ពី​អណ្ដូងស្នប់​។ នៅ​ភូមិ​របស់ខ្ញុំ​អណ្ដូងស្នប់​ជីក​អត់​ចេញ​។ កាលពីមុន អាកាសធាតុ​មិន​ដល់​ប៉ុណ្ណឹង​ទេ កាលពី​២០១៥​រាំងស្ងួត ចូលមក​ដល់​២០១៦​ពិបាក​ខ្លាំង​។​»
​លោក​មានប្រសាសន៍ថា អ្នកភូមិ​ទាំងអស់​ត្រូវ​ចំណាយ​ថវិកា​បន្ថែម​ដើម្បី​ទិញ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ហើយ​ប្រជាពលរដ្ឋ​ធ្វើការ​បន់ស្រន់​ដើម្បី​សុំ​ទឹកភ្លៀង​តែ​មិនបាន​សម្រេច​។​
​លោក កុក ហួន បាន​បន្ថែមថា «​ការ​បន់ស្រន់​អ្នកភូមិ​ចេះតែ​ទៅ​បន់ស្រន់ តែ​វា​អត់​មាន​លទ្ធផល​ជាក់ស្ដែង​អី​ទេ​។ យើង​រៀប​សំណែន រៀប​អី សុំ​លោកតា​ទៅតាម​ប្រពៃណី​តាម​កន្លែង​។ បន់​រៀងរាល់ខែ តែ​មិនដឹង​ធ្វើ​ម៉េច ការ​បន់ស្រន់​វា​អាចមក​បាន​ខ្លះ​។​»
​បើតាម​លោក​មេឃុំ ស្លក្រាម​បាន​ប្រាប់ VOA ថា​ប្រជាពលរដ្ឋ​ចាប់ផ្ដើម​ខ្វះ​ទឹក​ប្រើប្រាស់​តាំងពី​ខែមករា​មកម្ល៉េះ​។ ពួកគេ​ត្រូវ​បន្ថែម​ការចំណាយ​លើ​ការទិញ​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ បន្ថែម​លើ​បន្ទុក​ចំណាយ​ប្រចាំថ្ងៃ​ផ្សេងទៀត​។​
​នាង ស្រិ​ប កុសល់ ប្រជាពលរដ្ឋ​មួយរូប​ដែល​ស្នើសុំ​ឲ្យ​ស្តារ​ស្រះ​នៅក្នុង​ភូមិ​របស់​នាង​។ បាន​ប្រាប់​VOA ថា អ្នកភូមិ​នាំគ្នា​ទៅ​បន់ស្រន់​សុំ​ទឹកភ្លៀង​តែ​មិនមាន​ភ្លៀង​ធ្លាក់​ទេ បន្ទាប់ពី​បន់​រួច​។ ផ្ទុយទៅវិញ អណ្ដូង​និង​បឹង​ជាច្រើន​រាំងស្ងួត​។​
«​ទឹក​ទិញ​គេ​រាល់​តែ​ង៉ៃ នៅ​ហ្នឹង​ភូមិ​។ ម៉ា​ខែ​ទិញ​អស់​បួន​ធុង បូម​ធុង​ដាក់​ពាង ម៉ា​ធុង​ពីរ​ម៊ឺ​ន (២០.០០០​រៀល​)​។ បោក​ខោអាវ ជូន​ណា​ដាច់​ប្រាក់​ទៅ​ដាច់ទឹក​ប្រើ​។ ដាច់ទឹក​ទៅ ដង​អណ្ដូងស្នប់​ប្រើ​។​ពីមុន​មិនមាន​ទឹកភ្លៀង​ប្រើ​។ ប្រើ​តាម​នោះឯង​។ បន់​ដែរ តែ​មិនឃើញ​ភ្លៀង​។ ធ្វើ​បាយសី​។​»
​លោក​អភិបាលស្រុក​ស្វាយចេក​លោក ឃួ ពៅ បាន​និយាយថា​៖ «​ស្រះ​ហ្នឹង យើងខ្ញុំ​កំពុងតែ​ស្នើសុំ​ទៅ​ក្រសួង​ធនធានទឹក​ហើយ ដើម្បី​ជួយ​ជីក​។ ជីក​បង្ការ​ទុក​ឲ្យ​ហើយ​។​» ខេត្ត​ភាគច្រើន​នៃ​ប្រទេស​កម្ពុជា​នៅតែ​ជួបប្រទះ​ការរាំងស្ងួត​យ៉ាងធ្ងន់ធ្ងរ​៕
 
ប្រភព៖ VOA
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment