មន្ត្រីសាលារាជធានីភ្នំពេញ ឲ្យដឹងថា ការសម្រេចរបស់សាលារាជធានីភ្នំពេញ គឺផ្អែកលើមូលហេតុមួយចំនួនពាក់ព័ន្ធនឹងការថែរក្សាសណ្ដាប់ធ្នាប់ សាធារណៈ។ ទោះបីជាយ៉ាងណា តំណាងក្រុមពលរដ្ឋទាំងនោះអះអាងថា ពួកគេនឹងនៅតែហែញត្តិតាមគម្រោង បើទោះជាមានការបង្ក្រាបក៏ដោយ។
នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាស ចាន់យ៉ាដា ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅល្ងាចថ្ងៃទី៥ ឧសភា ថា ការសម្រេចរបស់សាលារាជធានីភ្នំពេញ គឺដោយផ្អែកលើមូលហេតុចំនួន៤។
មូលហេតុទីមួយដែលលោក មាស ចាន់យ៉ាដា លើកឡើង គឺដោយសារក្រុមពលរដ្ឋទាំងនោះមិនមានស្នាមមេដៃគាំទ្រពីពលរដ្ឋតាម ចំនួន ដែលបញ្ជាក់ក្នុងលិខិតរបស់ខ្លួន។ មូលហេតុទី២ គឺពលរដ្ឋទាំងនោះមិនបានជូនដំណឹងឲ្យបាន ៥ថ្ងៃមុនថ្ងៃហែញត្តិ។
លោកបញ្ជាក់ថា ថ្ងៃដែលពលរដ្ឋទាំងនោះគ្រោងហែញត្តិ គឺជាន់នឹងថ្ងៃដែលសហភាពអឺរ៉ុប រៀបចំការជិះកង់ហែក្បួន ដែលមានការចូលរួមពីពលរដ្ឋប្រមាណ ៤ពាន់នាក់។ លោកបារម្ភថា ប្រសិនបើអនុញ្ញាតឲ្យព្រឹត្តិការណ៍ទាំងពីរកើតឡើងព្រមគ្នា នោះអាចនឹងធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ៖ «ការជិះកង់ នេះ នឹងកាត់តាមស្ថានទូតផ្សេងៗហើយ ក៏កាត់តាមមហាវិថីព្រះនរោត្ដម ហ្នឹងដែរ។ ដូច្នេះ ប្រសិនបើប៉ះគ្នា តើវាប៉ះពាល់យ៉ាងណា?»។
មូលហេតុចុងក្រោយដែលនាយករដ្ឋបាលសាលារាជធានីភ្នំពេញរូបនេះ លើកឡើង គឺដោយសារលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងអនុប្រធានអង្គភាពនេះ បានបកស្រាយប្រាប់តំណាងក្រុមពលរដ្ឋទាំងនោះក្នុងជំនួបនៅសាលា រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ឧសភា រួចរាល់ហើយ។
ទោះបីជាយ៉ាងណាក៏ដោយ តំណាងក្រុមពលរដ្ឋប្រមាណ ២ពាន់នាក់នោះ អ្នកស្រី មាស លក្ខិណា អះអាងថា ពួកគេនឹងនៅតែប្រមូលផ្ដុំគ្នាហែញត្តិតាមការគ្រោងទុក ទោះក្នុងករណីមានការបង្ក្រាបពីសមត្ថកិច្ចក៏ដោយ៖ «សហភាពអឺរ៉ុប ជិះកង់បាន យើងជាពលរដ្ឋខ្លួនឯងសោះ សុំតែហែដាក់ញត្តិសោះ តើវាមានអីត្រូវខុស? ប្រាប់ទៅ ពួកយើងសុទ្ធតែជាខ្មែរដូចគ្នា។ យើងអាចនិយាយគ្នាបានតើអូន! អ៊ីចឹងយើងអត់មានទៅបង្កទៅជាលក្ខណៈហិង្សា ឬអីទេ។ យើងគ្រាន់តែសុំដើរទៅដាក់ញត្តិជាធម្មតាតែប៉ុណ្ណឹងទេ»។
តំណាងពលរដ្ឋដែលបានផ្ដិតមេដៃលើលិខិតដាក់ទៅសាលារាជធានី ភ្នំពេញ ចុះថ្ងៃទី៤ ឧសភា សុំហែញត្តិ គឺជាពលរដ្ឋដែលមកពីសហគមន៍រងគ្រោះដោយសារទំនាស់ដីធ្លីក្នុងរាជធានី ភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន៕
ប្រភព៖ RFA
loading...
0 comments:
Post a Comment