ប្រដាល់​អន្តរជាតិ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កីឡាករ​កម្ពុជា​ឈ្នះ​ទាំងអស់​គ្នា

loading...
រាជធានី​ភ្នំពេញ ៖  កាលពី​ថ្ងៃអាទិត្យ​ទី​១ ឧសភា នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ មានការ​ប្រដាល់​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​បរទេស​ចំនួន​៤​គូ ។ ក្នុង​ចំណោម​ការ​ប្រកួត​ដែល​បាន​បញ្ចប់​ទៅ គឺ​មិន​មានការ​ប្រកួត​ណាមួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ខកចិត្ត​នោះ​ទេ ដោយ​បាន​ទាំង​ធ្វើ​ឲ្យ​កីឡាករ​ថៃ​៤​រូប​អាម៉ាស់មុខ​ត្រឡប់​ទៅ​វិញទៀត​ផង ។
ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​Ganzburg Top Fighter មានការ​ប្រកួត​អន្តរជាតិ​២​គូ ដោយ​រួម​មាន​កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Yorth Phachngam និង​កីឡាករ​សូត្រ ប៊ុ​ន​ធី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Anou Vath ។ ការ​ប្រកួត​នា​ពេល​នោះ គេ​ចាប់អារម្មណ៍​ថា កីឡាករ​សូត្រ ប៊ុ​ន​ធី និង​គូប្រកួត​ទទួល​បានការ​ចាប់អារម្មណ៍​ជាងគេ​ដោយសារ​តែ​កីឡាករ​ថៃ​គឺជា​ជើង ​ខ្លាំង ហើយ​មាន​សមត្ថភាព​ខ្លាំង​ដែល​គេ​ជឿជាក់​តិច​បំផុត​ថា កីឡាករ​កម្ពុជា​នឹង​ឈ្នះ ។ ការ​ប្រកួត​នៅ​ដើម​ទី កីឡាករ​ថៃ​មាន​សន្ទុះ​ខ្លាំង​ណាស់  ហើយ​បើ​និយាយ​ពី​កែង ម៉ាត់ និង​ទាត់​វិញ គឺ​កីឡាករ​សូត្រ ប៊ុ​ន​ធី ទប់​មិន​ចង់​ជាប់​នោះ​ឡើយ ដោយសារ​តែ​បច្ចេកទេស​របស់​កីឡាករ​ថៃ​ខ្លាំងក្លា ។ ក្នុង​ទឹក​ទី​២ សមត្ថភាព​របស់​កីឡាករ​មក​ពី​ទីក្រុង​បាងកក កាន់តែ​រំលេច​ធ្វើ​ឲ្យ​សង្វៀន​ទាំងមូល​កន្ត្រាក់​អារម្មណ៍ ប៉ុន្តែ​នៅ​ក្នុង​ទឹក​នេះ គេ​ក៏​ត្រូវ​កីឡាករ​កម្ពុជា​បញ្ចេញ​កណ្ដាប់ដៃ និង​ទាត់​សង​វិញ​មក​ណ​យ​ផង​ដែរ​។ ការ​ប្រកួត​ទាំងមូល​ទទួល​បាន​នូវ​សម្រែក​ហ៊ោកញ្ជ្រៀវ និង​ទះដៃ​យ៉ាង​កងរំពង បន្ទាប់​ពី​ចុង​ទឹក​ទី​២ កីឡាករ​ទាំង​ពីរ​ស្ទុះ​វាយ​គ្នា​ទៅ​មក​ៗ ដែល​សឹង​មិន​ចង់​ឲ្យ​អ្នក​ទស្សនា​ដក​ភ្នែក ឬ​ដកដង្ហើម ។ នៅ​ក្នុង​វិនាទី​ដ៏​ក្ដៅ​នោះ​ហើយ​ដែល​កីឡាករ​ថៃ​ត្រូវ​ស្វាគមន៍​ដោយ​មួយ​កែង ​ពេញទំហឹង​ចំ​សៀតផ្កា ហើយ​ដួល​សន្លប់​ភីង​ដោយ​នឹក​ស្មាន​មិន​ដល់​ក្នុង​ពេល​ដែល​ការ​ប្រកួត​ ទាំងមូល គឺ​កីឡាករ​ថៃ​ក៏​ខ្លាំង​ធ្វើ​ឲ្យ​សូត្រ ប៊ុ​ន​ធី ក៏​ប៊ិះ​នឹង​ភ្លាត់​ដូច​គ្នា ។ អ្នក​ទស្សនា​ស្រែក​ហ៊ោ​កញ្ជ្រោល​យ៉ាង​ខ្លាំង បន្ទាប់​ពី​អ្នក​ភ្លាត់​មិនមែន​ជា​កីឡាករ​កម្ពុជា ហើយ​ធ្វើ​ឲ្យ​ជើង​ខ្លាំង​ថៃ​សម្រេចចិត្ត​បោះបង់​ការ​ប្រកួត​នៅ​ចុង​ទឹក​ទី​២ ​ដែល​មិន​នឹក​ស្មាន​ដល់ ។
គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​សូត្រ ប៊ុ​ន​ធី ធ្លាប់​ប្រកួត​៧៣​លើក ឈ្នះ​៦៣​លើក ចាញ់​៩​លើក និង​ស្មើ​១​លើក ឯ​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​ដល់​១០៦​លើក ឈ្នះ​៨៥​លើក ចាញ់​១៧​លើក និង​ស្មើ​៤​លើក ច្រើន​ជាង​ភាគី​ខាង​កម្ពុជា ទើប​លទ្ធផល​ឈ្នះ​របស់​កីឡាករ​កម្ពុជា មានការ​អបអរសាទរ​ខ្លាំងក្លា ។ នៅ​ក្នុង​ការ​ប្រកួត​នោះ​ដែរ​កីឡាករ​សេក គឹ​ម​រួន ក៏​បាន​ទទួល​ជ័យជម្នះ​លើ​គូប្រកួត​ផង​ដែរ ដោយ​បាន​វាយ​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​តែ​ម្ដង ដោយ​គ្រាន់តែ​កីឡាករ​ថៃ​មិន​ទាន់​បាន​បញ្ចេញ​ស្នៀត​ស្រួលបួល​ផង ក៏​ត្រូវ​កីឡាករ​កម្ពុជា​វាយឆ្មក់​ឲ្យ​ដួល​ខណៈ​អ្នក​ទស្សនា​មិន​ទាន់​ជក់​ ភ្នែក​ប៉ុណ្ណោះ ។ កីឡាករ​សេក គឹ​ម​រួន ធ្លាប់​ប្រកួត​៧០​លើក ឈ្នះ​៥៨​លើក និង​ចាញ់​១២​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៥៦​លើក ឈ្នះ​៤៦​លើក ចាញ់​៩​លើក និង​ស្មើ​១​លើក​នៅ​លើ​សង្វៀន ។
ងាក​ទៅ​ដល់​ព្រឹត្តិការណ៍​ប្រដាល់​«​កំពូល​ជើងឯក​របស់​ស្រា​បៀរ​Cambodia Beer» នៅ​រសៀល​ថ្ងៃអាទិត្យ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ​វិញ កីឡាករ​កម្ពុជា​២​រូប ដែល​បាន​ឡើង​ប្រកួត​ប្រដាល់​អន្តរជាតិ​នា​ពេល​នោះ ក៏​ឈ្នះ​កីឡាករ​ថៃ​ទាំង​ពីរ​នាក់​ដែរ ។ កីឡាករ យុគ យក្ស​ផ្លែ មក​ពី​ក្លិប​អប់រំ​កាយ និង​កីឡា​ខេត្តបាត់ដំបង បាន​វាយ​កីឡាករ​ថៃ​ឈ្មោះ Pha Yanorn ឲ្យ​ចាញ់​ពិន្ទុ​ក្នុង​ទឹក​ទី​៥ និង​កីឡាករ​កម្ពុជា​ឈ្មោះ​ព្រំ សំណាង មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ ក៏​វាយ​កីឡាករ​ថៃ​ឈ្មោះ Kamlai Phit ឲ្យ​ចាញ់​ដោយ​ពិន្ទុ​ដូច​គ្នា ។ កីឡាករ​យុគ យក្ស​ផ្លែ ធ្លាប់​ប្រកួត​១៤៣​លើក ឈ្នះ​១២៤​លើក ចាញ់​១៤​លើក និង​ស្មើ​៥​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ប្រកួត​បាន​តែ​៩៣​លើក ឈ្នះ​៧៦​លើក និង​ចាញ់​១៧​លើក អ​ញ្ចឹ​ង​ហើយ​ទើប​លទ្ធផល​ចាញ់​របស់​កីឡាករ​ថៃ ហាក់​មិន​ធ្វើ​ឲ្យ​មានការ​កោតសរសើរ​ចំពោះ​អ្នក​ឈ្នះ ។ ប៉ុន្តែ​សម្រាប់​កីឡាករ ព្រំ សំណាង វិញ​ហាក់​ទទួល​បានការ​សាទរ​ខ្លាំងក្លា ដោយសារ​តែ​គេ​ទើបតែ​បាន​ប្រកួត​៧៨​លើក ឈ្នះ​៦៧​លើក ចាញ់​៩​លើក និង​ស្មើ​២​លើក ហើយ​អាច​ឈ្នះ​ជើង​ខ្លាំង​ថៃ​ធ្លាប់​ប្រកួត​បាន​ដល់​១០០​លើក ឈ្នះ​៧៩​លើក ចាញ់​១៩​លើក និង​ស្មើ​២​លើក​បាន ។ ទោះបី​យ៉ាងណា លទ្ធផល​ឈ្នះ​របស់​ពួក​គេ​ក៏​មើលទៅ​មាន​សភាព​ស្វិតស្វាញ និង​វេទនា​ខ្លួន​ផង​ដែរ ៕
 
ប្រភព៖everyday
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment