ករណីបោកពលករខ្មែរជិត ២០០នាក់ទៅថៃ ៖ ជោគវាសនាមេខ្យល់ម្នាក់ ប្រកាសថ្ងៃ ២៧ឧសភា

loading...
(ភ្នំពេញ)៖ជោគវាសនាមេខ្យល់ម្នាក់ដែលជាបុគ្គលិក អង្គការអភិវឌ្ឍគុណភាពការងារកម្ពុជា ពាក់ព័ន្ធការបោកប្រាស់ពលករ ខ្មែរចំនួន១៩០នាក់ ថានាំទៅធ្វើការងារនៅប្រទេសថៃ តែទីបំផុតនាំយកទៅបំបរបង់ចោល នៅព្រំដែនកម្ពុជា-ថៃនោះ នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោស នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ។

ក្នុងសំណុំរឿងនេះ មានជនជាប់ចោទសរុប ៦នាក់ តែរត់គេចខ្លួនអស់ហើយ នៅសល់តែម្នាក់ប៉ុណ្ណោះ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន។ ជនជាប់ចោទមានឈ្មោះ សេង សាឡែន ភេទប្រុស អាយុ ២៦ឆ្នាំ ជាបុគ្គលិកអង្គការ អភិវឌ្ឍគុណភាពការងារកម្ពុជា ជាប់ចោទពីបទ ការនាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន។

ក្នុងសវនាការ ជនជាប់ចោទបានសារភាពថា ខ្លួនបានចូលបម្រើការនៅក្នុងអង្គការអភិវឌ្ឍគុណភាព ការងារកម្ពុជាបាន៤៥ថ្ងៃប៉ុណ្ណោះ។ លុះដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ អង្គការ បានសហការជាមួយក្រុមហ៊ុនជិនវ៉ាន់ដាមែនផៅវើមានទីតាំងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នាំពលករចំនួន៥៨នាក់ ទៅកាន់ប្រទេសថៃតាមច្រកឡែម ខេត្តបាត់ដំបងឆ្លងដែន ទៅប្រទេសថៃជាមួយនឹងឈ្មោះ ជិន វ៉ាន់ដា។

ជនជាប់ចោទបានសារភាពទៀតថា នៅទីនោះខ្លួនមិនដឹងថាក្រុមហ៊ុន នាំពលករមកធ្វើអ្វីឲ្យប្រាកដទេ ព្រោះមិនមានការងារធ្វើ ហើយត្រូវរង់ចាំយូរទៀត ខ្លួនគេក៏ត្រឡប់មកភ្នំពេញវិញ ដោយមិនឲ្យពលករដឹងឡើយ។ ក្រោយមកក៏មានសមត្ថកិច្ចមកចាប់ខ្លួនតែម្ដង។

ក្នុងសំណុំរឿងនេះ តំណាងពលករ១៩០នាក់ បានប្ដឹងថា ក្នុងអំឡុងកញ្ញា ឆ្នាំ២០១៥ ក្រុមហ៊ុន ជិនវ៉ានដាមែនផៅវើ បានផ្សព្វផ្សាយរើសពលករទៅធ្វើការនៅប្រទេសជប៉ុន។ ពេលនោះពួកគេក៏បានមកចុះឈ្មោះ និងបង់ប្រាក់មុនក្នុងម្នាក់៣០០ដុល្លារ ហើយបានរង់ចាំអស់ជាច្រើនខែ ដើម្បីក្រុមហ៊ុននាំទៅ។ នៅទីបំផុតក្រុមហ៊ុនបាននាំពួកគេចំនួន១៩០នាក់ ទៅប្លុងចោលនៅច្រកឡែមអត់ការងារធ្វើអត់បាយ ក៏ត្រឡប់មកវិញទៅក្រុមហ៊ុន ក៏ឃើញបិទទ្វារចាក់សោ ទម្លាក់ស្លាកយីហោចោលបាត់ ទើបភ្ញាក់ខ្លួនថាចាញ់បោកក្រុមហ៊ុនបាត់ទៅហើយ ក៏ប្ដឹងឲ្យសមត្ថកិច្ចចាប់បានតែឈ្មោះ សេង សាឡែន ចំណែកអ្នកផ្សេងទៀតរត់បាត់អស់។

តំណាងពលករសុំឲ្យតុលាការផ្ដន្ទាទោសជន ជាប់ចោទឲ្យបានធ្ងន់ធ្ងរ និងទាមទារប្រាក់ដែលក្រុមហ៊ុនបោកប្រាស់មកវិញ៕

ប្រភព៖Fresh News
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment