បើតាមការលើកឡើងរបស់លោក កៅ សុវណ្ណតារា ដែលជាសាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៃសកលវិទ្យាល័យភូមិន្ទភ្នំពេញបានអោយដឹងថា តាមការសិក្សារបស់លោក យុវវ័យភាគច្រើនតែងជួបប្រទះនឹងបញ្ហាផ្លូវចិត្តមួយចំនួនដូចជា វិបត្តិស្នេហ៍ ការសិក្សាមិនបានល្អ ធុញថប់នឹងការងារ និង បញ្ហាក្នុងគ្រួសារជាដើម។ លោកបានបន្តថាបញ្ហាទាំងនេះបានជះឥទ្ធិពលអាក្រក់ដូចជា៖
ចំពោះខ្លួនផ្ទាល់
ការសិក្សារបស់យុវជន យុវនារីនឹងត្រូវធ្លាក់ចុះជាមិនខាន។ មិនតែប៉ុណ្ណោះវាបានធ្វើអោយខ្ជះខ្ជាយពេលវេលា អាចធ្វើអោយបាត់បង់ការងារទៀតផង។ មួយវិញទៀតយុវវ័យនឹងអាចប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀនដើម្បីការសប្បាយ។ ជាពិសេសក្នុងលក្ខខ័ណ្ឌធ្ងន់ធ្ងរ ពួកគេអាចនឹងឈានទៅដល់ការធ្វើអត្តឃាតខ្លួនឯងទៀតផង។
ចំពោះគ្រួសារ
សម្រាប់ក្រុមគ្រួសារវិញនឹងត្រូវបាត់បង់សមាជិកម្នាក់ដែលជាកម្លាំងសំខាន់សម្រាប់ជួយដល់ការងារផ្សេងៗ និងសេដ្ឋកិច្ចគ្រួសារផងដែរ។ មិនតែប៉ុណ្ណោះវាក៏អាចធ្វើអោយឪពុកម្ដាយ ឬអាណាព្យាបាលពិបាកចិត្ត និងព្រួយបារម្ភចំពោះកូនៗរបស់ខ្លួនផងដែរ។
សម្រាប់សង្គមជាតិ
ពិតណាស់ យុវជន យុវនារីគឺជាកម្លាំងចលករមួយដ៏សំខាន់សម្រាប់ជាតិ ប៉ុន្តែបើពួកគាត់ត្រូវបានញាំញីដោយស្ថានភាពនេះ នោះវាជាការរំខានមួយដល់ការអភិវឌ្ឍន៍របស់ជាតិផងដែរ។
ជាចុងក្រោយលោកបានផ្ដល់យោបល់ថា នៅពេលដែលយុវវ័យជួបប្រទះនឹងបញ្ហាបាក់ទឹកចិត្ត សូមគិតថាវាជារឿងដែលយើងអាចព្យាបាលបាន។ សំខាន់គឺពួកគាត់ក្លាហានដើម្បីទៅជួបជាមួយអ្នកជំនាញដើម្បីប្រឹក្សាយោបល់ដោយឥតគិតថ្លៃនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការជាដៃគូរនានា ឬស្វែងរកសេវាឯកជននៅតាមមន្ទីរពេទ្យមួយចំនួនក៏បាន៕
ប្រភព៖ sabaynews
loading...
0 comments:
Post a Comment