ខេត្តកំពង់ឆ្នាំង ៖ គ្រួសារមួយរស់នៅភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ មានជីវភាពក្រីក្រយ៉ាងខ្លាំងពេក ហើយឪពុកក៏ធ្លាក់ខ្លួនឈឺជាទម្ងន់ទៀត សព្វថ្ងៃរស់បានដោយសារកូនៗទាំង៥នាក់ដើរជីកជន្លេនលក់យកប្រាក់ទិញអង្ករ និងទិញថ្នាំព្យាបាលជំងឺឪពុក ចំណែកប្រពន្ធធ្វើអំបោសលក់ ។ ស្ថានភាពបែបនេះ ពិតជាគប្បីជួយសង្គ្រោះពន់ពេកណាស់ ។
ស្ត្រីជាប្រពន្ធ ឈ្មោះ រ៉ិត ណាក់ អាយុ៤០ឆ្នាំ រៀបរាប់ថា គាត់មានកូន៧នាក់តែបែកមានគ្រួសារអស់២នាក់ នៅសល់ក្នុងបន្ទុក៥នាក់។ ប្តីគាត់ឈ្មោះ សាន់ សេន អាយុ៤២ឆ្នាំ ។ កាលពី២ឆ្នាំមុន ឪពុកម្តាយគាត់បង្កើតឈឺ គាត់បានលក់ដីស្រែដីភូមិមើលជំងឺឪពុកម្តាយអស់ទៅ ។
ក្រោយមក ពេលគ្មានផ្ទះគ្មានដីជ្រកកោន គាត់ក៏បានមកសុំដីកូនសង់ខ្ទមតូចមួយស្នាក់នៅ។លុះរយៈពេលជាង៣ខែចុងក្រោយនេះ ប្តី គាត់បានជំងឺជាទម្ងន់ ហើយដោយសារជីវភាពខ្វះខាតពេលខ្លះប្តីគាត់សុខចិត្តអត់បាយអត់ម្ហូបឲ្យតែកូនៗបានហូបឆ្អែត ។ ពេលនេះជំងឺរបស់ប្តីគាត់កាន់តែធ្ងន់ ឈឺទន់ដៃទន់ជើងដើរមិនរួច បានអ្នកស្រុកក្នុងភូមិជួយទិញថ្នាំព្យាលបាលជំងឺឲ្យ ។
ចំណែកកូនៗ៥នាក់ ជារៀងរាល់ថ្ងៃពួកគេនាំគ្នាដើររកជីកជន្លេនជាមួយអ្នកស្រុក ដោយក្នុង១ថ្ងៃជីកបានជន្លេន២ទៅ៣គីឡូក្រាម លក់១គីឡូក្រាមបាន១ពាន់រៀល សម្រាប់ទិញអង្ករហូបនិងជួយមើលជំងឺឪពុក ។
ស្ត្រីជាប្រពន្ធរៀបរាប់ទៀតថា រីឯរូបគាត់ធ្វើអំបោសលក់គ្រាន់បានប្រាក់ខ្លះជួយទប់គ្នា ដោយក្នុង១ថ្ងៃអាចធ្វើបានពី៨ទៅ១០អំបោស ហើយលក់បានមួយ៧០០រៀល ។ កន្លងមកកាលមិនទាន់ឈឺ គឺប្តីគាត់ជួយដំគាវត្នោតយកជក់ធ្វើអំបោស និងជួយដើររកកាប់ដើមឈើធ្វើដងអំបោស ។ ប៉ុន្តែឥឡូវនេះពេលប្តីឈឺបន្ទុកខាងលើនេះធ្លាក់មកលើរូបគាត់និងកូនៗទាំងអស់គ្នា ។ ហេតុនេះ រូបគាត់និងកូនៗរួមទាំងប្តី លើកដៃសំពះសុំសប្បុរសជនជិតឆ្ងាយមេត្តាជួយគ្រួសារគាត់ផង ។
បើតាមលោក ស៊ិន យឺន មេភូមិអូរសណ្តាន់ ប្រាប់ថា គ្រួសារខាងលើពិតជាក្រីក្រមែន នៅកូន៥នាក់ រកជន្លេនលក់យកប្រាក់ចិញ្ចឹមឪពុកម្តាយ។ បើនិយាយពីប្តី ឈ្មោះ សាន់ សេន ឈឺយូរដែរហើយ ឯប្រពន្ធក៏ឈឺដែរ តែបានបងប្អូនយកទៅព្យាបាលនៅមន្ទីរពេទ្យ គ្រាន់បានធូស្រាលមកផ្ទះវិញមើលប្តីបន្ត។ សព្វថ្ងៃបានបងប្អូនអ្នកជិតខាងគេជួយខ្លះៗទៅ ៕
loading...
0 comments:
Post a Comment