ខណៈដែលព័ត៌មានចចាមអារ៉ាមកាលពីមួយរយៈមុនបានលើកឡើងថា ចំណងស្នេហារបស់តួឯកស្រីកញ្ញា នី មុន្នីនាថ និងលោក អ៊ុង សូឡាំង អាណិកជនខ្មែរនៅអាមេរិកទំនងជាស្ថិតក្នុងសភាពរង្គោះរង្គើ តារាស្រីរូបនេះបានចេញមុខប្រកាសថាស្នេហារវាងកញ្ញានិងគូដណ្ដឹង គឺមិនត្រឹមតែដដែលនោះទេ គឺកាន់តែល្អលើសដើមនោះផង។ កញ្ញាថាគូស្នេហ៍របស់ខ្លួនបានសុំរៀបមង្គលការនៅអំឡុងឆ្នាំក្រោយនោះផង ទើបកញ្ញារំពឹងថា ទំនងជាមិនអាចគេចផុតពីពិធីមង្គលបានយូរនោះទេ ប្រសិនបើគ្មានការប្រែប្រួល។
នី មុនីនាថ និយាយថា អ្នកធ្លាប់ពោលថារវាងកញ្ញានិងគូដណ្ដឹងទំនាងជាបានផ្ដាច់ពាក្យឬណាយចិត្តចេញពីគ្នា គឺសុទ្ធតែគ្មានមូលដ្ឋានទាំងអស់។ ផ្ទុយទៅវិញ ចំណងស្នេហ៍របស់កញ្ញាអត់មានស្ថានការណ៍ប្រែប្រួលឬបន្ថយទឹកចិត្តស្រឡាញ់គ្នាព្រោះតែគម្លាតនៃការរស់នៅឆ្ងាយគ្នានោះទេ។ កញ្ញាថាលោក អ៊ុង សូឡាំង ក្រៅពីគ្មានរឿងបែកចិត្ត លោកក៏បានទទូចឲ្យកញ្ញារៀបការជាមួយលោកឆាប់ៗ តាមតែអាចធ្វើទៅបាននោះផង ដោយមិនដូចពាក្យថា ព្រោះតែលោកមិនសូវឡើងចុះស្រុកខ្មែរ ក៏មានរឿងបែកចិត្តនោះទេ។
យ៉ាងណាមិញ កញ្ញាហាក់មិនមានប្រតិកម្មចំពោះព័ត៌មានដែលប៉ាន់ស្មានខុសកន្លងមកទេនិងថាអ្វីៗ គឺទោះជាមានអ្នករំលេចដំណឹងអាក្រក់កម្រិតណា ក៏មិនមានឥទ្ធិពលអវិជ្ជមានចំពោះកញ្ញាដែរ។
កញ្ញានិយាយថា៖ «ពួកខ្ញុំរាល់ថ្ងៃ គឺដូចធម្មតាចឹង ចំពោះរឿងបែកគ្នា គឺអត់មាន។ អ្នកថា គឺចេះតែថាចឹង!»។
នី មុនីនាថ បានសរសើរបុរសជាសង្សារថា មានចិត្តទូលាយនិងបានបន្តទំនាក់ទំនងកាន់តែមានទំនុកចិត្តនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលកញ្ញានិងលោកក៏យល់ចិត្តគ្នានិងស្គាល់ចិត្តគ្នាមិនខុសពីមនុស្សរស់នៅមិនឆ្ងាយពីគ្នា។ កញ្ញាមានគម្រោងរៀបការមិនយូរមិនឆាប់ ដើម្បីកុំឲ្យដូចពាក្យចាស់ថា ទុកយូរជូរផ្អូម និងដើម្បីឲ្យមានគោលដៅក្នុងការរៀបចំគូជីវិតកុំអោយតែលតោល។
យ៉ាងណាមិញ កញ្ញាមិនប្រាកដថាពិធីមង្គលការដែលកញ្ញាចង់បានមិនខុសពីនារីទាំងពួង នឹងកើតមានខែណាឆ្នាំអោយច្បាស់នោះទេ ដោយសារតែកញ្ញាក៏រវល់ទទួលថតរឿងដកឃ្លាមិនរួច ដែលអាចនិយាយបានថា ពិបាកឲ្យកញ្ញារកពេលចាត់ចែងពិធីមង្គលមួយនេះមិនទាន់ពេញដៃពេញជើង។ កញ្ញាថាពិធីរៀបការនឹងអាចកើតឡើងមិនយូរមិនឆាប់ ហើយបើគ្មានការប្រែប្រួលគឺអ្វីៗនឹងលេចឡើងឆ្នាំក្រោយក៏ថាបាន។
នី មុនីនាថ ហាក់មានបំណងបិទសិនពីដំណឹងរៀបការ តែពិធីមង្គលការរបស់កញ្ញា នឹងធ្វើឲ្យផ្អើលពិភពសិល្បៈ មិនខុសគ្នាពីតារាស្រីៗរួមជំនាន់ដូចជា សារ៉ាយ សក្ខណា នោះឡើយ។
កញ្ញាថា៖ «រៀបការ ខ្ញុំអត់ទាន់ចង់ប្រាប់ឥលូវទេ ចាំឃើញថ្ងៃណាគឺថ្ងៃហ្នឹង តែមិនយូរទេ ហើយក៏មិនឆាប់ដែរ តិចទៀតដឹងហើយ»។
កញ្ញាបានព្រលយថា មង្គលការរបស់កញ្ញានឹងអាចឡើងក្នុងឆ្នាំ២០១៧ ច្រើនជាងពន្យារពេល ប៉ុន្តែមកពីកញ្ញាមិនទាន់ច្បាស់លាស់នឹងការគ្រោងទុកផងដែរ ទើបមិនទាន់ចង់ប្រាប់។ កញ្ញាថាស្នេហាវាល្មមដល់ពេលដែលកញ្ញាត្រូវគិតនោះហើយ ទើបកញ្ញាមិនសូវទុកចិត្តថា កញ្ញានឹងអាចឃាត់ពេលវេលាមង្គលការអោយបន្តអូសពេលបានយូរប៉ុណ្ណាទៀតទេ ដើម្បីសិល្បៈ។
ជាមួយនឹងការទម្លាយឲ្យដឹងថាគូដណ្ដឹង ក្រៅពីគ្មានផែនការបែកចិត្តដូចការលេចឮ នី មុនីនាថ ក៏បានលើកឡើងពីភាពរីកចំរើននៅក្នុងការងារសិល្បៈរបស់ខ្លួនផងដែរ។ កញ្ញាថាក្នុងឆ្នាំ២០១៦នេះ ការងារបានរត់ចូលច្រើន ដោយរឿងមួយទើបនឹងបញ្ចប់នៅប៉ុស្ដិ៍លេខ៥ ក៏មានរឿងថ្មីចាក់ផ្សាយនៅ CTN ខណៈដែលរឿងថតរួចមិនទាន់ផ្សាយក៏មានច្រើនទៀត។ ជាក់ស្ដែងនៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ ខ្សែរឿង «បណ្ដឹងស្រីទាំង៥» ដែលកញ្ញាថតចប់ នឹងត្រូវដាក់បញ្ចាំង ស្របគ្នាដែលរឿង «នាងនាថបាត់ដំបង» ដែលរឿងភាគរបស់ផលិករថៃនៅប៉ុស្ដិ៍លេខ៥ ក៏នឹងចេញថតផ្លូវការចាប់ពីថ្ងៃទី២២ វិច្ឆិកា ដូចគ្នា។ កញ្ញាចាត់ទុកថា នោះជាខ្សែរឿងធំ ដោយសារតែរឿង «បណ្ដឹងស្រីទាំង៥» និងរឿង «នាងនាថបាត់ដំបង» គឺជារឿងចំណាយទុនច្រើន ហើយជារឿងដែលមានកំរិតស្ដង់ដារធ្វើឲ្យកញ្ញាមានទំនុកចិត្ត។
កញ្ញាប្រកាសប្រឹងសម្ដែងឲ្យបានមួយប្រាវទៀត ទើបឈានគិតគូមង្គលការ ដើម្បីកុំឲ្យស្ដាយក្រោយនៅពេលកាត់បន្ថយ។ កញ្ញាថា ខ្លួនស្រឡាញ់សិល្បៈ ប៉ុន្តែមិនទាន់ច្បាស់ថាក្រោយពេលរៀបការ តើកញ្ញានៅបន្តចុះមកសម្ដែងដូចគ្នានឹងតារាសម្ដែង សារ៉ាយ សក្ខណា ឬបញ្ចប់ទាំងស្រុងនោះឡើយ៕
loading...
0 comments:
Post a Comment