រាជធានីភ្នំពេញ ៖ ដោយសារតែក្ដៅក្រហាយព្រោះតែតាមទាន់លោកប្តីមានស្រី ក៏ទៅផឹកស្រាស្រវឹង ហើយបើករថយន្តទៅបុកប៉ុស្តិ៍យាម២៤ម៉ោងរបស់នគរបាលខណ្ឌសែនសុខ ហើយជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺនៅក្បែរនោះ បណ្តាលឲ្យទ្រេត ។ ប៉ុណ្ណឹងហើយ នាងនៅតែមិនស្ងប់ចិត្តទេ ចិត្តនៅតែក្ដៅលើសប៉ែត ក៏បានបញ្ចេញកំហឹងដាក់សមត្ថកិច្ច និងអ្នកយកព័ត៌មាន ដោយការជេរប្រមាថ និងស្ទុះទៅវាយប្រតាយប្រតប់ទៀតផង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៧ តុលា ត្រង់ចំណុចផ្លូវហាណូយ កែងផ្លូវឧកញ៉ាម៉ុងឬទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ស្ត្រីជាអ្នកបើករថយន្តបញ្ចេញកំហឹងនេះឈ្មោះ ម៉ាន់ ចាន់នី អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅម្ដុំផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បើកបររថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២AA 5676 ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា គេឃើញស្ត្រីវ័យក្មេងរូបនេះបើករថយន្តហាយឡែនឌ័រ តាមផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ប្រៀបដូចបញ្ចេញកំហឹងឱ្យអស់ពីដើមទ្រូង ។ លុះមកដល់ចំណុចកើតហេតុ ដោយសារតែស្រវឹងខ្លាំង ទើបជ្រុលចង្កូតទៅខាងស្ដាំដៃ បណ្ដាលអោយបុកប៉ុស្តិ៍យាម២៤ម៉ោងរបស់នគរបាលខណ្ឌសែនសុខ បណ្តាលឲ្យទ្រេតដំបូលយ៉ាបបន្តិច ដោយបានធ្វើឲ្យនគរបាលដែលប្រចាំការនៅក្នុងប៉ុស្តិ៍នោះ ភ័យលោះព្រលឹងគ្រប់គ្នា ។
ដោយសារមិនទាន់អស់ល្បឿន រថយន្តបានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលអោយបាក់ទ្រេត ទើបទប់ដំណើរទៅមុខលែងរួច ។ ចំណែកឯរថយន្តវិញខូចខាតមុខផ្នែកខាងស្ដាំ តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់ស្ត្រីជាអ្នកបើកបររថយន្តនោះទេ គឺបុកប៉ុណ្ណឹងហើយមុខនៅស្រស់ទៀត ។
បើតាមការនិយាយប្រាប់ពីស្ត្រីខាងលើបានអោយដឹងថា ដោយសារតែប្ដីរបស់នាងមានស្រីលួចលាក់ ហើយនាងបានតាមទាន់ជាន់កែង ទើបធ្វើអោយមានការតូចចិត្តនឹងប្ដីកំហូច ក៏បានទៅផឹកស្រារហូតស្រវឹង ទើបបើករថយន្តជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ដែលនៅក្បែរប៉ុស្ដិ៍សមត្ថកិច្ច២៤ម៉ោងបែបនេះ ។
ក្រោយពេលកើតហេតុ ស្ត្រីជាអ្នកបើករថយន្តបង្ក បានព្យាយាមបើកថយក្រោយបំរុងរត់គេច តែត្រូវសមត្ថកិច្ចនៅក្បែរនោះ ស្ទុះទៅរារាំងឃាត់ជាប់ ។ ពេលនគរបាលឃាត់នោះ ស្ត្រីប្រមឹកខឹងប្ដី ក៏បានបញ្ចេញចរិកមិនសមរម្យជាស្ត្រីខ្មែរ ដោយការជេរប្រមាថសមត្ថកិច្ចពេញមាត់ថែមទៀត ។ លុះពេលអ្នកយកព័ត៌មាន និងទូរទស្សន៍ទៅថតយករូបភាពរថយន្តបុកបង្គោលភ្លើង បែរជាស្ត្រីរូបនោះ ស្ទុះមកចាប់ប្រទាញប្រទង់ក្របួចកអាវអ្នកយកព័ត៌មាន និងវាយអ្នកយកព័ត៌មានដណ្តើមយកម៉ាស៊ីនថតបោកចោល ដោយស្ត្រីរូបនោះនិយាយថា ម៉ាស៊ីនថតនេះថ្លៃប៉ុន្មាន? បោកចោលមួយសង៤វិញ ។ ទោះជាបែបណា អ្នកកាសែតក៏មិនមានការប្រកាន់ខឹងដែរ ដោយសារតែនាងកំពុងខូចចិត្តខ្លាំង និងស្រវឹងវង្វេងស្មារតីផង ។
ហេតុការណ៍ខាងលើនេះ ធ្វើឲ្យផ្អើលមនុស្សម្នាចោមរោមមើល ដោយសារតែស្ត្រីជាអ្នកបើករថយន្តបានបញ្ចេញកំហឹងដាក់សមត្ថកិច្ច និងអ្នកយកព័ត៌មាន ។ បន្ទាប់មក ទាល់តែសមត្ថកិច្ចចុះទៅឃាត់ខ្លួន និងស្ទួចរថយន្តបង្កយកទៅដោះស្រាយនៅអធិការដ្ឋានខណ្ឌសែនសុខ ទើបស្ងប់ចិត្តបន្តិច ៕
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment