ប្រភពព័ត៌មានដដែល បានបង្ហើបឲ្យដឹងថា បន្ទាប់ពីព្រមានប្ដឹងតារាចម្រៀង ខេម រួចហើយ សហព័ន្ធកីឡា បានផ្ញើលិខិតមួយច្បាប់ ទៅដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីឲ្យចេញលិខិតព្រមានមួយ ដល់ផលិតកម្ម ថោន ដែលបានអនុញ្ញាតឲ្យថតបទចម្រៀងនេះ និងចរាចរផ្សាយជាសាធារណៈ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់វិស័យកីឡាប្រដាល់កម្ពុជា។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីព្រមាន និងដាក់បម្រាមចំនួន ៦ចំណុច ជាពិសេស ហាមមិនឲ្យបណ្តាញផ្សព្វផ្សាយ ដូចជា វិទ្យុ និងទូរទស្សន៍ ចាក់ផ្សាយបទចម្រៀង មួយនេះផងដែរ។
បម្រាមទាំង៦ចំណុច របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួមមាន ទី១៖ គឺព្រមានចុងក្រោយ ដល់ផលិតកម្មថោនឲ្យឈប់រំលោភ បំពានលើច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ។ទី២៖ ហាមមិនឲ្យផលិតកម្ម ថោន បន្តធ្វើការចែកផ្សាយបទចម្រៀង «ជីវិតអ្នកប្រដាល់»តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ និងដកបទចម្រៀងនេះចេញពី Youtube ផ្លូវការរបស់ ផលិតកម្មថោន ។ ទី៣៖ ហាមមិនឲ្យប្រព័ន្ធផ្សព្វផ្សាយ ទាំងវិទ្យុ និងទូរទស្សន៍យកបទចម្រៀងនេះ ទៅចាក់ផ្សាយ។ ទី៤៖ ហាមមិនឲ្យអ្នកចម្រៀង ខេម ឬ អ្នកចម្រៀងដទៃទៀតយកបទចម្រៀងនេះ ទៅច្រៀងក្នុងវេទិកាប្រគំតន្ត្រី និងគ្រប់វេទិកាដទៃផ្សេងៗទៀត។ ទី៥៖ ហាមមិនឲ្យផលិតកម្ម ថោន យកបទចម្រៀងនេះ ទៅផលិតជាខារាអូខេ ឬជាចម្រៀងកាយវិការឡើយ និងទី៦៖ បង្គាប់ឲ្យផលិតកម្ម ថោន ធ្វើលិខិតសុំទោសជាសាធារណៈ ជូនចំពោះសហព័ន្ធកីឡា ប្រដាល់កម្ពុជា។
លោក ងួន សុបិន អ្នកនិពន្ធបទចម្រៀង «ជីវិតអ្នកប្រដាល់» បានថ្លែងប្រាប់ Khmertalking នៅមុននេះបន្តថា តាមការពិតបទនេះ លោកនិពន្ធឡើង ចង់ឆ្លុះបញ្ចាំងពីជីវិតពិតរបស់ កីឡាករម្នាក់ គឺកីឡាករ កែវ រំចង់ ដែលលោកបានស្គាល់ច្បាស់ ពីប្រវត្តិ និងការតស៊ូក្នុងវិស័យជាកីឡាប្រដាល់ ពោលពុំបានផ្ចាញ់ផ្ចាល ឬសំដៅដល់កីឡាករដទៃណាម្នាក់ ដែលមានជីវភាពធូរធា ក្នុងវិស័យនេះឡើយ។
យ៉ាងណាមិញ ប្រសិនបើសហព័ន្ធមិនពេញចិត្ត ក៏ដូចជាមានការហាមប្រាម ពីក្រសួងវប្បធម៌នោះ រូបលោក ក៏ដូចជាផលិតកម្មទាំងមូល ក៏បានគោរពតាមបំរាមទាំង៦ចំណូចនោះ រួចរាល់អស់ហើយ ដោយយើងមានការហាមតារាចម្រៀង មិនឲ្យច្រៀងបទនេះ ពេលឡើងឆាកតន្រ្តី និងបានដកចេញពីប្រព័ន្ធផ្សាព្វផ្សាយ ទាំងអស់របស់ផលិតកម្ម ថោន មានដូចជា Youtube , Facebook វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត រួចរាល់ហើយដែរ។ ជាមួយគ្នានេះ ការផលិតជា VCD ក៏មិនត្រូវបានផលិតឡើងឡើយ។
យ៉ាងណាមិញ ខុសផ្ទុយស្រឡះពីការគាំទ្ររបស់មហាជន ទៅលើបទចម្រៀងថ្មីរបស់ផលិតកម្ម ថោន ដែលបកស្រាយយ៉ាងពីរោះ និងពោរពេញទៅដោយអត្ថន័យ នៃសំឡេងរបស់ តារាចម្រៀង លោក ខេម ដែលបង្ហាញពីក្ដីឈឺចាប់ និងទុក្ខលំបាករបស់ជីវិតកីឡាករប្រដាល់កម្ពុជានោះ បែរជាសហព័ន្ធកីឡាប្រដាល់ សម្ដែងនូវការមិពេញចិត្ត ហើយប្ដឹងលោក ខេម ទៅវិញ។
សូមបញ្ជាក់ថា បទចម្រៀង ដែលក្រសួងវប្បធម៌ សម្រេចហាមឃាត់មិនឲ្យចាក់ផ្សាយតាមស្ថានីយវិទ្យុ ទូរទស្សន៍ រួមមានបទ «អាមុំប៉ុមពីត,ស៊ីបានចេះតែស៊ីទៅ,ទាល់តែយូរទើបស៊ីអូនបាន» និងចុងក្រោយនេះ គឺបទ«ជីវិតអ្នកប្រដាល់»៕
ប្រភព ៖ Khmertalking
loading...
0 comments:
Post a Comment