១) គ្មានជំនាញណាមួយច្បាស់លាស់៖ លុយពិតជាសំខាន់សម្រាប់ដំណើរការអាជីវកម្ម ប៉ុន្តែក្នុងជំហានជំនួញដំបូងៗ យើងមិនគួរគិតរឿងចាយលុយច្រើនពេកនោះទេ។ ជម្រើសដ៏ល្អ គឺត្រូវតែរកសមាជិកណាដែលមានជំនាញមួយ ដូចជា ជំនាញទីផ្សារ ជំនាញគ្រប់គ្រង ជំនាញព័ត៌មានវិទ្យា និង ជំនាញទំនាក់ទំនងជាដើម។ នៅពេលសមាជិករបស់អ្នក សុទ្ធតែមានជំនាញច្បាស់លាស់ នោះវានាំឲ្យខ្ទង់ចំណាយរបស់អ្នកគឺតិច ហើយសន្ទុះនៃដំណើរការអាជីវកម្មដឹងតែដើរលឿនទៅមុខ ព្រោះម្នាក់ៗសុទ្ធតែអាចធ្វើវាបាន។ ដូច្នេះ សូមកុំទាន់ជ្រើសរកសមាជិកណាដែលមិនមានជំនាញឲ្យសោះ ដើម្បីជៀសវាងការចំណាយលើសខ្ទង់ ព្រោះអ្នកនឹងត្រូវជួលគេមកកាន់ការងារនោះ។
២) ខ្វះទំនួលខុសត្រូវ៖ មនុស្សមួយចំនួន ទោះបីជាមានចំណេះដឹងខ្ពស់ក៏ដោយ ប៉ុន្តែបើនិយាយអំពីទំនួលខុសត្រូវវិញ គឺនិយាយមិនចេញ។ កាលណាសមាជិកក្រុមរបស់អ្នក គ្មានទំនួលខុសត្រូវ នោះវានាំឲ្យការងារទាំងមូលត្រូវស្ទះដំណើរការជាមិនខាន។ ដូច្នេះមុននឹងសម្រេចចិត្តជ្រើសរើសយកសមាជិកណាមួយដើម្បី រកស៊ីចូលគ្នា ត្រូវគិតលើអត្តចរិតឲ្យច្បាស់លាស់ ជៀសវាងរើសចំមនុស្សធ្វើការឲ្យតែរួចពីដៃ ព្រោះថា ការចាប់ផ្ដើមអាជីវកម្មដំបូង គឺមិនស្រួលនោះឡើយ។
៣) ខ្វះការតស៊ូ៖ មនុស្សមួយចំនួន ខិតខំបានតែដំបូងនោះទេ ប៉ុន្តែនៅពេលដែលជួបបញ្ហាលំបាក ក៏បាក់ទឹកចិត្តលែងចង់បន្តដំណើរទៅមុខទៀត ជាហេតុនាំឲ្យអាជីវកម្មរបស់អ្នកត្រូវបិទទ្វារកណ្ដាលទី។ ដូច្នេះត្រូវគិតឲ្យបានច្បាស់សិន មុននឹងសហការគ្នា ក្រែងទឹកភ្នែកនៅថ្ងៃក្រោយ។
៤) ចារិតតួឯក៖ ក្នុងការដំណើរការអាជីវកម្ម គឺជៀសមិនផុតពីការខ្វែងគំនិតគ្នា ដូច្នេះសមាជិកម្នាក់ៗត្រូវតែចេះសម្របសម្រួលជាជាងប្រកែកយកឈ្នះតែម្ខាងៗ ដែលនាំឲ្យមុខជំនួញនោះត្រូវដួលរលំ។ បើអ្នកមានសមាជិកដែលមានចារិតតួឯកហើយ គឺប្រាកដជាលំបាកមិនខាន ព្រោះមនុស្សប្រភេទនេះមិនព្រមទទួលគំនិតអ្នកដទៃដោយងាយនោះទេ ហើយតែងគិតថា ខ្លួនត្រឹមត្រូវគ្រប់ដប់ជានិច្ច។
៥) ចារិតកេងប្រវ័ញ្ច៖ បើចង់ឲ្យអាជីវកម្មថ្មោងថ្មីរបស់អ្នកអាចដំណើរការទៅយ៉ាងល្អ ទាល់តែសមាជិក ឬ ដៃគូរកស៊ីនីមួយៗ កុំទាន់គិតរឿងផលប្រយោជន៍ខ្លួនឯងជាធំ ពោលគឺមានន័យថា ត្រូវតែលះបង់ដើម្បីអាជីវកម្មនោះឲ្យបានច្រើនបំផុត។ ប៉ុន្តែបើសមាជិកណាម្នាក់ចូលចិត្តគិតរឿងផលប្រយោជន៍ខ្លួនឯង ឬ កេងប្រវ័ញ្ចញើសឈាមរបស់សមាជិកផ្សេងៗទៀតនោះ គឺមិនយូរទេប្រាកដជារលាយ៕
loading...
0 comments:
Post a Comment