ព្រះសីហនុ: យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានអោយដឹងថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅម៉ោងប្រមាណ១រំលងអាធ្រាត្រ មានករណីផ្ទុះអាវុធមួយកើតឡើងនៅចំណុចមុខបុរី ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ។
បើតាមសាក្សី បានអោយដឹងថា បុរស៣នាក់ជិះរថយន្តទំនើប២ គ្រឿងមានទាំងស្លាកលេខនគរបាលផង បានចូលទៅផឹកស៊ីនៅក្នុងក្លឹបកំសាន្ត SEVEN នៅម៉ោងប្រមាណ ១រំលងអធ្រាត្រ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ក្រោយពេលផឹកស៊ីរួច ក៏ហៅនារីចាក់ស្រាបៀរទៅដេកជាមួយ ប៉ុន្តែនារីនោះមិនព្រមទៅក៏ខឹងរួចដកកាំភ្លើងខ្លីទំនើបបាញ់ ១គ្រាប់លេង។សាក្សីបន្ថែមថា មុនពេលបាញ់នោះ បុរសម្នាក់បានហៅនារីជាជនជាតិរុស្ស៊ី ថា តោះទៅៗ តែនារីជនជាតិរុស្ស៊ីនោះគាត់គ្រវីក្បាល។
សាក្សីបន្តថា ក្នុងចំណោមបុរស ៣នាក់មានម្នាក់ អួតប្រាប់ស្រីៗក្នុងក្លឹបខាងលើថា ខ្លួនជាស្នងការរងនគរបាលនៅខេត្តព្រះសីហនុ ទើបតែផ្លាស់មកថ្មី។ យប់នោះមាន បុរស៣នាក់ បានចូលទៅផឹកស៊ី រយៈពេលប្រហែលជាង ១ម៉ោង ពួកគាត់ក៏ដើរចេញក្រៅ ស្រែកឡូឡាទាំងខឹងសម្បា។ ចំណែកបុរស២នាក់ផ្សេងទៀតបានបើករថយន្ត១គ្រឿងមិនចាំស្លាកលេខចេញទៅមុន។
ចំណែកបុរសម្នាក់ទៀតមានវ័យចំណាស់ អាយុប្រហែល៥០ឆ្នាំ សក់វែងបន្តិចមុខដូចជនជាតិវៀតណាម បើករថយន្តម៉ាក លុចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល ព្រមទាំងមានបិតឡូហ្គូ Police សង្ខាងទ្វាររថយន្តនោះ បានដកកាំភ្លើងខ្លីទំនើបបាញ់ ១គ្រាប់ ហើយក៏ប្រញាប់ប្រញាល់បើករថយន្តចេញទៅ។ លុះដល់ច្រកចេញ សន្តិសុខបុរី ក៏បានបិតកុងត្រូលមិនឲ្យចេញ តែត្រូវបុរសនោះ ដកកាំភ្លើងខ្លីភ្ជង់សំឡុតរកបាញ់ក្បាល ស្ថិតក្នុងស្ថានភាពបែបនេះធ្វើឲ្យអ្នកយាមកុងត្រូល រត់គេចខ្លួនរកទីសុវត្ថិភាព ហើយរថយន្តនោះក៏បានបើកបុកបារាស់ ទំលុះគេចខ្លួនដោយសុវត្ថិភាពបាត់ទៅ។ ក្រោយកើតហេតុការបន្តិច អ្នកនៅក្នុងក្លឹបក៏បានចេញសួរដេញដោលគ្នាទើបដឹងថា បុរសនោះខឹងរឿងហៅស្រីខ្មែរលើកស្រាម្ហូបម្នាក់ទៅដេកជាមួយ តែនាងមិនទៅតែប៉ុណ្ណោះ។
បើតាមប្រភពពីមន្ត្រីនគរបាលបាន ប្រាប់អ្នកសារព័ត៌មានថា ខ្លួនកំពុងធ្វើការស្រាវជ្រាវ និងតាមដានរកជនដែលប្រព្រឹត្តរូបនេះហើយ។ ប៉ុន្តែបើតាមភិនភាគរថយន្ត និងរូបរាងស្នងការរងរូបនេះ ត្រូវបានមន្ត្រីនគរបាលតូចតាចអះអាងប្រាប់ថា រថយន្តទំនើបម៉ាក លុចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល ព្រមទាំងមានបិតឡូហ្គូ Police សង្ខាងទ្វាររថយន្តនោះនៅខេត្តព្រះសីហនុ គឺមានតែម្នាក់ប៉ុណ្ណោះ គឺលោកវរសេនីយ៍ឯក បែន ដារា ស្នងការរងទទួលផែនការិយាល័យសុខាភិបាល និងផ្សព្វផ្សាយអប់រំ។
ជុំវិញបញ្ហានេះ អ្នកយកព័ត៌មានយើង មិនអាចសុំការបញ្ជាក់ពីលោក បែន ដារា ស្នងការរងនគរបាល ខេត្តព្រះសីហនុ បាននៅឡើយទេ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ ដោយមិនមានលេខទូរស័ព្ទ។ ប្រជាពលរដ្ឋមន្ត្រីរាជការ ខេត្តព្រះសីហនុ សូមសំណូមពរថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលមេត្តាពិនិត្យករណីនេះផង។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ករណីនេះលោកកំពុងចាត់វិធានការតាមផ្លូវច្បាប់ និងបានរាយការណ៍ទៅកាន់ថ្នាក់លើផងដែរ។
សូមបញ្ជាក់ថា លោក បែន ដារា ទើបផ្លាស់ចេញពីអនុប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ទៅជាស្នងការរង នគរបាលខេត្តព្រះសីហនុ ហើយត្រូវបានគេស្គាល់ថា ជាកូនប្រសាររបស់លោកស្រី ឧកញ៉ាដ៏ល្បីឈ្មោះម្នាក់ រកស៊ីខាងផ្ទះល្វែង និងបុរី៕
loading...
0 comments:
Post a Comment