ដំណឹងស្នេហារវាងតារាចម្រៀង និងតារាសម្ដែង សូដា នីតា និងបុរសម្នាក់រស់នៅសហរដ្ឋអាមេរិកដែលត្រូវគេផ្គូរផ្គងឡើង កំពុងធ្វើឲ្យតារាស្រីរូបនេះ ប្រឈមនឹងការសម្ភាសន៍ធ្លាក់ក្នុងពេលសំណើចេញរបស់នាងត្រូវបានធ្វើឡើងទៅកាន់ទីផ្សារអាមេរិក។ សូម្បី តែអ្នកធានានាងឲ្យចេញទៅច្រៀង ក៏បានប្រកាសថា គេខ្លាចនាងរត់ក្រោយពីបានទៅដល់ទឹកដីអាមេរិកដោយបានជួបគូស្នេហ៍នោះដែរ។
សូដា នីតា បានអះអាងថានៅអំឡុងដើមឆ្នាំ២០១៧ខាងមុខ នាងនឹងត្រូវចេញទៅសម្ដែងជាថ្មីម្ដងទៀតនៅលើទឹកដីអាមេរិក។ ប៉ុន្តែនាថា គម្រោងចេញច្រៀងមិនមានសង្ឃឹមច្រើនទេ គឺអាចនឹងធ្លាក់ច្រើនជាងបានទៅ ដោយសារតែមុននេះបន្តិចមានការភ្ញាក់ផ្អើលឡើងផ្អើលមួយចំហៀងបងប្អូនខ្មែររស់នៅអាមេរិកនោះដែរថា នាង និងបុរសជាជនជាតិអាមេរិកម្នាក់មានស្នេហាល្អូកល្អិននឹងគ្នា។
នាងថា ខ្លួនមិនបានដឹងថាបុរសណាម្នាក់រស់នៅប្រទេសនោះ ហើយជាប់ចំណងស្នេហាជាមួយនាងក្នុងនាមជាគូស្នេហ៍នោះទេ ដោយសារតែបុរសភាគច្រើនគឺនាងគ្រាន់តែរាប់អាន និងមានប្រាស្រ័យទាក់ទងមិនខុសពីអ្នកស្គាល់គ្នា។ ក្នុងនោះនាងថា បើសំដៅដល់ទំនាក់ទំនងជិតស្និទ្ធគឺ នាងមានសម្ព័ន្ធភាពជាមួយបុរសក្នុងស្រុកច្រើន ជាងបុរសក្រៅស្រុកនោះផង ប៉ុន្តែអ្នកតាមដានហាក់ផ្ដោត ចំពោះនាងទៅកាន់ប្រុសអាមេរិក ដោយសម្អាងថានាង និងបុរសម្នាក់ក្នុងចំណោមអ្នករស់នៅអាមេរិកឧស្សាហ៍ឆ្លាតឆ្លងឆ្លើយគ្នាជាសាធារណៈ។
នាង សូដា នីតា មានអារម្មណ៍ភ្ញាក់ផ្អើលបន្ទាប់ពីមានការលើកឡើងថានាង និងប្រុសអាមេរិកបង្កាត់ភ្លើងស្នេហ៍ ដែលការរំលេចចំណងស្នេហ៍នោះ គឺត្រូវចំបរិបទដែលខាងសមាគមខ្មែរនៅក្នុងប្រទេសនោះ រត់ការធានាយកទៅច្រៀងនៅអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខ។ នាងថា ការរំលេចដំណឹងស្នេហារវាងនាង និងបុរសអាមេរិកបានក្លាយជារឿងចម្រូងចម្រាស់ធំ ដោយសារតែអ្នកធានាក៏មានមន្ទិលខ្លាចនាងទៅដល់អាមេរិក ហើយរត់គេចក្រោមការជ្រោមជែងរបស់សង្សារ លែងត្រឡប់មកវិញ។
នាងនិយាយថា៖ «ដោយសារតែម្នាក់ៗ ចោទខ្ញុំរឿងហ្នឹង (មានស្នេហាជាមួយបុរសនៅអាមេរិក) ទើបឥឡូវមិនមែនតែខាងអ្នកឧបត្ថម្ភទេ ដែលខ្លាចខ្ញុំទៅដល់អាមេរិក រត់លែងមកវិញ គឺសូម្បីតែមន្ត្រីទូតក៏ប្រហែលជាដឹង និងអត់ចេញវីហ្សាឲ្យដែរ ដោយសារតែតារាសិល្បៈធ្លាប់ធ្វើឲ្យគេឈឺក្បាលរឿងហ្នឹង!»។
នាង សូដា នីតា បានសារភាពថា ខ្លួនស្គាល់បុរសមួយចំនួនរស់នៅអាមេរិក ប៉ុន្តែក្នុងចំណោមពួកគេអត់មានបុរសណា គឺជាគូស្នេហ៍របស់នាងលើសពីការរាប់អាននោះឡើយ។ នាងទទូចកុំឲ្យមានការផ្គូរផ្គងចំពោះរូបនាងជាមួយបុរសអាមេរិកណាម្នាក់បន្តទៀត ដើម្បីបន្សាបព័ត៌មានដែលបានលេចឡើង និងយល់ថាដំណឹងស្នេហាឆ្លងទ្វីប មិនមែនជួយឲ្យនាងចំណេញការចាប់អារម្មណ៍នៅក្រៅប្រទេសនោះទេ ប៉ុន្តែនឹងក្លាយជាជន្ទល់ធ្វើអោយនាងធ្លាក់សម្ភាសន៍ដោយស្វ័យប្រវត្តិនៅពេលព័ត៌មានចូលដល់ត្រច្រៀកមន្ត្រីខ្មែរ ឬបរទេស ដែលកាន់ការងារឯកកសារផ្ដល់ទិដ្ឋាការឲ្យតារាទៅសម្ដែងនៅទីនោះ។
នាងថាមិនត្រឹមតែនាងម្នាក់ទេ ដែលមិនសង្ឃឹមជាប់ក្រោយមានដំណឹងនោះ គឺតារាមួយចំនួនឲ្យតែមានលេច ឮថាតារាសិល្បៈណាម្នាក់ មានការរាប់អានលើសពីមិត្តភាពជាមួយអាណិកជនអាមេរិកក៏ទទួលលទ្ធផលធ្លាក់សម្ភាសន៍កាលពីមុនផងដែរ។ នាងថា ខ្លួនពិតជាមានអ្នកស្រឡាញ់ តែមិនមែនអ្នកអាមេរិកនោះទេ ដោយនាងទទូចឲ្យបញ្ចប់ការយល់ឃើញមួយនេះ ដើម្បីនាងមានឱកាសបានចេញច្រៀងនៅលើទឹកដីអាមេរិកនៅអំឡុងបុណ្យចូលឆ្នាំខ្មែរនៅឆ្នាំ២០១៧។
នាងថា មានគម្រោងទៅច្រៀងទីនោះ បន្ទាប់ពីខកខានទៅអាមេរិកយូរ តែក្ដីរំពឹងមិនមានច្រើនទេ ក្នុងពេលជាប់មន្ទិលស្រឡាញ់គ្នាជាមួយអ្នកអាមេរិកដែលនាងមិនបានដឹងបែបនេះ។ នាងថាអ្នកធានាកាន់តែខ្លាចរអារជាងមុន ដោយបានទាំងសុំអោយនាងធ្វើកិច្ចសន្យាមិនរត់ចោលកម្មវិធីច្រៀងរាំ និងមិនឲ្យពន្យារពេលក្រោយអស់ទិដ្ឋាការ ទើបបន្តធានារត់ច្បាប់យកនាងទៅច្រៀង។ អ៊ីចឹងហើយទើបនាងនៅតែមានសង្ឃឹមតិច បើទោះជាខាងអ្នកធានានៅតែបន្តការងារ ជាពិសេសគឺ ក្នុងកាលៈទេសៈដែលទីផ្សារអាមេរិកកាន់តែតឹងជាងមុនសម្រាប់គម្រោងចេញច្រៀង។
នាងនិយាយថា៖ «ទូតអាមេរិកឲ្យតែមានរឿង (ដំណឹង) ចឹងៗ ដឹងថាតែពិបាកចេញ ខាងអ្នកឧបត្ថម្ភ គាត់ថា គាត់នៅតែបន្តធានាទៅដដែលទេ ប៉ុន្តែគាត់នៅតែនិយាយដដែលៗ ខ្លាចខ្ញុំរត់និងគេចអត់មកវិញ ពេលទៅដល់អាមេរិក!»។
សូដា នីតា បានអះអាងថាបើទោះទីផ្សារសិល្បៈក្នុងស្រុកមិនដូចមួយរយៈមុន តែនាងមិនសុខចិត្តខូចឈ្មោះដោយការរត់ចោលអ្នកឧបត្ថម្ភ ដើម្បីបានបន្តជីវភាពរស់នៅសហរដ្ឋអាមេរិកនោះទេ ដោយសារតែនាងក៏មិនចង់ឲ្យមានរឿងរ៉ាវ នាំឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់ខ្លួនដូចគ្នា។
នាងថា ទឹកដីប្រទេសទំនើបអ្នកណាក៏ចង់រស់នៅ តែបើឲ្យរស់នៅក្នុងស្ថានភាពបែបរត់គេច ហើយមានការឆោរឡោ ឬ ប្ដឹងផ្ដល់ពីក្រុមអ្នកធានា គឺនាងសុខចិត្តបន្តជីវភាពនៅលើទឹកដីកំណើត៕
ប្រភព៖ VOD
loading...
0 comments:
Post a Comment