ការ​ប្រកួត​កីឡា​ជាតិនឹង​បើក​ពិធី​ជា​ប្រវត្តិសាស្រ្ត នៅ​ថ្ងៃសុក្រ​នេះ [មានវិដេអូ]

loading...
ភ្នំពេញៈ ​ការប្រកួត​កីឡា​ជាតិ លើកទី ១ ប្រចាំ​ឆ្នាំ​២០១៦ ដែល​ត្រូវបាន​ស្ថាប័ន​ជំនាញ​របស់​កម្ពុជា គឺ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ក្រសួង​អប់រំ យុវជន និងកីឡា បានចាត់​ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្រ្ត ដើម្បី​រៀបចំ​ខ្លួនធ្វើ​ជាម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម ឆ្នាំ ២០២៣ នោះ នឹងត្រូវ​ប្រារព្ធពិធី​បើកការ​ប្រកួត​នៅ​ថ្ងៃសុក្រ​នេះ ក្រោម​អធិបតី​ភាព​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។
ការ​រៀបក្បួន​បើក​កម្មវិធី​ប្រកួត ជា​ប្រវត្តិសាស្រ្ត​នេះ នឹងត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ហ្មត់ចត់ ព្រោះវា​បាន​ឆ្លុះ​បញ្ចាំង​ឲ្យឃើញ​ពីមុខ​មាត់​របស់​ប្រទេស​ជាតិ ខណៈ​ភ្ញៀវជាតិ និង​អន្តរជាតិ ថ្នាក់​ដឹកនាំ មន្រ្តី​រាជការ ស៊ីវិល និង​តំណាង​ស្ថាប័ន​រាប់ពាន់​នាក់ ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ហើយ​តារា​កំប្លែង​ជើង​ចាស់​លោក ព្រហ្ម ម៉ាញ រួម​ជាមួយ​តារា​ចម្រៀង​មាន​ឈ្មោះ​បោះសម្លេង​លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា និង​កញ្ញា ស៊ុន ស្រីពេជ្រ ក៏នឹង​ត្រូវ​ចូលរួម​បង្ហាញ​វោហារស័ព្ទ នឹង​ទឹកដម​សំឡេង​អបអរ​​ពិធី​បើក​នេះដែរ។​​
ចំណែក​ក្រុម​ចូលរួម​សម្តែង​រួមមាន​ក្រុមកង​យោធពល​ខេមរភូមិន្ទ ក្រុម​ល្បុក្កតោ ​ ក្រុម​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​ និង​កីឡា ក្រុម​សិល្បៈ​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ អ្នក​កាន់​ភ្លើងគុប ​ក្រុម​លោត​ឆត្រយោង រួមជាមួយ​អ្នកពាក់​ព័ន្ធ​ផ្សេងៗ​ទៀត រាប់ពាន់​នាក់ សុទ្ធតែ​ត្រូវ​បានហៅ​ឲ្យមក​ហាត់​សម នៅ​ពហុកីឡដ្ឋាន​ជាតិ​ខណៈការ​ហាត់សម​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃពុធ ត្រូវបាន​អ្នក​គ្រប់គ្រង​កម្មវិធី​នេះ លើក​ឡើងថា ធ្វើបាន​ល្អ​ប្រសើរ​ច្រើន​ហើយ គឺនៅ​មាន​ចំណុច​ខ្វះខាត​តិចតួច។
លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC បាន​ថ្លែង​កាល​ពីល្ងាច​ថ្ងៃពុធ​នោះថា៖ «ពិធីបើក​ការ​ប្រកួត​នេះ ត្រូវ​ធ្វើឲ្យ​ហ្មត់ចត់​បំផុត ហើយ​នៅថ្ងៃ​នេះយើង​បាន​ហាត់សម​ផ្តាច់ព្រ័ត្រ ដោយមាន​ការពិនិត្យ និងការ​ណែនាំ​ដោយ​ផ្ទាល់ពី​ឯកឧត្តម​បណ្ឌិត ថោង ខុន ដើម្បី​ធ្វើឲ្យ​ចង្វាក់​នៃ​ការសម្តែង​នីមួយៗ កាន់តែ​សុកឹត​ទៅៗ ប៉ុន្តែ​យើង​នៅមាន​ចំណុច​ខ្វះខាត​តិចតួច»លោក​បន្តថា៖ «ការប្រើ​ភ្លើងពណ៌ និង​សំឡេង បានល្អ​ហើយ ចំណែក​អ្នក​សម្តែង​គ្រប់ផ្នែក​ទាំង​អស់ ក៏បាន​រៀបរយ​ស្រប​តាម​កម្មវិធី​ហើយ​ដែរ គឺយើង​គ្រាន់តែ​ចាំកែ​លម្អ​ចំណុច​ខ្វះខាត​បន្តិច​បន្តួច។ អ្នកហាត់​សម​ទាំង​អស់ មានការ​ហត់​នឿយហត់​ខ្លាំង ព្រោះរយៈ​ពេល ៣ ថ្ងៃនេះ​យើង​ហាត់សម​រហូត ប៉ុន្តែ​ដោយនេះ​ជា​កម្មវិធី​ជាតិ អ៊ីចឹង​យើង​ត្រូវ​ប្រឹងប្រែង ធ្វើ​យ៉ាង​ណាឲ្យ​បានល្អ ស្រប​តាមស្តង់​ដារ ដែល​យើង​ចង់បាន»។
តាម​កម្មវិធី​បើកការ​ប្រកួត​នេះ គឺជួបជុំ​ទស្សនិកជន និង​ប្រតិភូ​រាជធានី-ខេត្ត ​ម៉ោង ៣:៣០ ហើយ​ចាប់ពី​ម៉ោង ៤:៣០ ជា​កម្មវិធី​កម្សាន្ត ដោយ​មាន​អាយ៉ៃ​លោក​ព្រហ្ម ម៉ាញ ​៣០ នាទី និងការ​ច្រៀង​របស់​លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា និង ស៊ុន ស្រីពេជ្រ ម្នាក់ ១ បទ។
ចំណែក​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹងអ​ញ្ជើញ​មកដល់​ម៉ោង ៥:៣០ បន្ទាប់មក​ចាប់ផ្តើម​កម្មវិធី ដោយ​មាន​ចម្រៀង​កីឡា ១ បទ ​ការ​សម្តែង​លោត​ឆត្រយោង​នាំទង់​ជាតិ ទង់​កីឡាជាតិ និង​ទង់​អូឡាំពិក រួចមាន​សម្តែង​ក្បាច់គុន​កង​យោធពល​ខ.ភ.ម និងក្រុម​ល្បុក្កតោ សម្តែង​ចលនា​ស្រប​អប់រំកាយ និង​កីឡា សម្តែង​ទស្សនីយភាព​សិល្បៈ​វប្បធម៌។
ក្រោយ​មក​ដង្ហែ​ក្បួន​ព្យូហយាត្រា​ប្រតិភូ​កីឡា ដង្ហែ​ទង់ជាតិ ទង់​កីឡាជាតិ និងទង់​អូឡាំពិក រួចធ្វើ​ការ​គោរព​ទង់ជាតិ មុនពេល​លោក ថោង ខុន និង​លោក ហង់ ជួនណារ៉ុន ថ្លែង​សុន្ទរកថា និង​សុន្ទរកថា​បើកការ​ប្រកួត​របស់​លោក ហ៊ុន សែន។ បន្ទាប់មក​បាញ់​កាំជ្រួច ២ នាទី មុនពេល​តំណាង​របស់​អត្តពលិក និងមន្រ្តី​កីឡា ធ្វើសច្ចា​ប្រណិធាន រួច​ពិធីរត់​ភ្លើងគុប និងដុត​ភ្លើងគុប (ទទួល​ភ្លើង​កីឡាជាតិ​ពីលោក ហ៊ុន សែន រួចរត់​ដង្ហែជុំ​វិញ​ទីលាន​បាល់ទាត់ ដោយ​អត្តពលិក​ល្បីៗមក​ដុតថាស​ភ្លើងគប់) និង​បាញ់​កាំជ្រួច ៥ នាទី បិទ​កម្មវិធី៕
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment