ហ៊ុន សែន សុំទោស​ប្រជាជន​លើការ​រៀបចំ​ស៊ីហ្គេម

loading...
ភ្នំពេញៈ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ថ្លែង​សុំទោស​ទៅដល់​អត្តពលិក និង​ប្រជាជន​កម្ពុជា ជា​សាធារណៈ​ជាលើក​ដំបូង ជុំវិញ​ភាព​យឺតយ៉ាវ​ក្នុងការ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​ស៊ីហ្គេម ក្នុងពេល​លោក​បាន​អញ្ជើញ​ចូលរួម​បើក​ពិធីការ​ប្រកួត​កីឡាជាតិ លើកទី ១ ឆ្នាំ ២០១៦ ដែល​កំពុង​ដំណើរ​ការ​ប្រកួត​ដោយ​ភាព​រកាំរកូស​មួយ​ចំនួន។​
នៅក្នុង​ពិធី​បើកការ​ប្រកួត ដែល​មាន​អ្នក​ចូលរួម​រាប់ម៉ឺន​នាក់​ នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពីថ្ងៃ​សុក្រ​នោះ លោក​នាយក​រដ្ឋមន្រ្តី​បាន​ថ្លែងថា៖ «ខ្ញុំសូម​យក​ឱកាស​នេះ ដើម្បី​ថ្លែង​កោត​សរសើរ​ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា NOCC ដែល​បាន​ខិតខំ​រៀបចំ​ពិធី​ដ៏​ធំនេះ​ឡើង ហើយ​ព្រឹត្តិការណ៍​កីឡា​នេះ វាបាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញពី​ដំណើរ​ឈាន​ទៅមុខ​នៃ​វិស័យ​កីឡា​កម្ពុជា ហើយការ​ប្រកួត​តាម​ភូមិភាគ និង​តាម​ខេត្ត​មកកាន់​ការ​ប្រកួត​ថ្នាក់​ជាតិ គឺជា​កំណែ​ ទម្រង់​ ដើម្បីឆ្ពោះ​ទៅកាន់​ស៊ីហ្គេម លើកទី ៣២ ក្នុង​ឆ្នាំ ២០២៣»។
នៅត្រង់​ចំណុច​នេះ​លោក ហ៊ុន សែន បាន​សង្កត់​ធ្ងន់ថា៖ «នៅ​ក្នុង​កាលៈទេសៈ​នេះ អនុញ្ញាត​ឲ្យខ្ញុំ បាន​សុំ​អភ័យទោស​ពី​សំណាក់​កីឡាករ កីឡា​ការិនី និងប្រជា​ជន​កម្ពុជា​ទាំងមូល ថាហេតុ​អ្វីទៅ បានជា​ការប្រកួត​ស៊ីហ្គេម​នៅ​កម្ពុជា ត្រូវធ្វើ​ដល់ឆ្នាំ ២០២៣? នៅ​ក្នុង​ប្រទេស​អាស៊ាន​ទាំង ១០ គឺ​មានតែ​ប្រទេស​កម្ពុជា​ទេ ដែល​មិនទាន់​បានធ្វើ​ស៊ីហ្គេម​នៅ​ឡើយ ខណៈ​ប្រទេស ៩ ទៀត បានធ្វើ​ច្រើន​ដង ហោច​ណាស់​មួយ​ដងរួច​ទៅហើយ»។
លោក​បាន​ពន្យល់ថា៖ «ដោយសារ​ធនធាន​របស់​យើង​មាន​កម្រិត ខ្ញុំ​បាន​សុំទៅ​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន សុំឲ្យ​មានការ​យោគ​យល់​ចំពោះ​កម្ពុជា ក្នុង​ពេល​ដែល​កម្ពុជា នៅ​មាន​ធនធាន​ដ៏​តិចតួច ដែល​ត្រូវ​ចែក​រំលែក​ទៅកាន់​ការ​កសាង​ជាហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ ផ្លូវថ្នល់ ជា​ស្ពាន ជា​ប្រឡាយ​ទឹក ជា​សាលា​រៀន និង​តម្រូវ​ការផ្សេងៗ​ទៀត។ ក្នុងន័យ​នេះ ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន សុទ្ធតែ​មានការ​យោគ​យល់​ចំពោះ​កម្ពុជា ហើយ​ការកែ​ទម្រង់​របស់​យើង សំដៅ​ឆ្ពោះ​ទៅរក​ស៊ីហ្គេម​ឆ្នាំ ២០២៣»។
លោក​បញ្ជាក់ថា៖ «នេះជា​រយៈពេល ​ដែល​យើង​ត្រូវ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ផង និង​កសាង​ធនធាន​មនុស្ស ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ ទៅ​នឹងការ​ប្រកួត​ប្រជែង​នៅ​ក្នុង​តំបន់ ដែល​យើង​ត្រូវ​ចំណាយ​យ៉ាង​ខ្ពស់ មិន​តិច​ជាងការ​កសាង​ស្ពាន ២ កាត់​ទន្លេ​មេគង្គ​នោះទេ។ ក្នុង​ន័យនេះ​ហើយ ដែល​ខ្ញុំសូម​ការ​យោគ​យល់ និង​អធ្យាស្រ័យ​ពីសំណាក់​ប្រជាពល​រដ្ឋ ព្រោះ​ធនធាន​មានកំណត់​របស់​យើង ត្រូវបែង​ចែកទៅ​លើ​វិស័យ​ជាអាទិភាព​មុន សម្រាប់​ដោះ​ស្រាយនូវ​តម្រូវការ​នៃ​ជីវភាព​របស់​ប្រជាជន​កម្ពុជា»។
នៅក្នុង​ឱកាស​នោះ​ដែរ លោក ហ៊ុន សែន ក៏បាន​លើក​ទឹក​ចិត្តឲ្យ​ពលរដ្ឋ​ម្នាក់​លេង​កីឡា ១ យ៉ាង​តិចផង​ដែរ ពិសេស យុវជន និង​កុមារ​ ដើម្បី​សុខភាព និងចៀស​វាង​ការសេព​គ្រឿងញៀន ឬ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​នានា។​ លើសពី​នេះ​លោក​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នានា ជួយ​ដល់​វិស័យ​កីឡា​នៅ​កម្ពុជា។
លោក​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំសូម​អំពាវ​នាវ​ចំពោះ​ក្រុមហ៊ុន​នានា ក៏ជា​ស្ថាប័ន សូម​ចង​សម្ព័ន្ធភាព​ជាមួយ​កីឡា​ណាមួយ ឬ​ច្រើន តាម​លទ្ធភាព​របស់​ខ្លួន ដើម្បី​លើក​ទឹកចិត្ត ជួយ​ឧបត្ថម្ភ​ទៅ​ដល់​កីឡា​ជាតិ​របស់​យើង ហេតុនេះ​ខ្ញុំសង្ឃឹម​ថា គ្រប់​បណ្តា​ក្រុមហ៊ុន និងស្ថាប័ន​របស់​រដ្ឋ នឹង​ជ្រើស​រើស វិស័យ​កីឡា​ណាមួយ ដើម្បី​ចង​សម្ព័ន្ធភាព ជួយ​ទ្រទ្រង់​ដល់​វិស័យ​កីឡា​របស់​យើង ​ក្នុងនោះលើក​ទឹកចិត្ត ដើម្បី​ជំរុញ​ឲ្យ​កីឡា​របស់​យើង​ឈាន​ទៅមុខ»។
ដោយ​ឡែក សម្រាប់​ការប្រកួត​កីឡា​ជាតិ​ ដែល​កំពុង​ដំណើរ​ការ​នៅពេល​នេះ ត្រូវបាន​មន្រ្តី​មួយ​ចំនួន​ប្រាប់​ថា កំពុង​មាន​ភាព​រកាំ​រកូស​មួយ​ចំនួន ខណៈ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត-ក្រុង​មួយ​ចំនួន មិនបាន​ផ្តល់ប្រាក់​ដល់​ប្រតិភូ និងគ្រូ​បង្វឹកឲ្យ​បាន​សមរម្យ​នោះ។
គ្រូបង្វឹក​មកពី​ខេត្ត​ពោធិ៍សាត់ ១ រូបបាន​ប្រាប់​ពី​ម្សិលមិញ ដោយ​សុំ​មិនបញ្ចេញ​ឈ្មោះថា៖ «ខាង​ខេត្តឲ្យ​ខ្ញុំតែ ៤ ម៉ឺន​រៀល​លើ​សោហ៊ុយ​ដែលខ្ញុំ​បាន​រត់ការ​រឿង​ប្រកួត​កីឡាជាតិ​នេះ តែថ្លៃ​ធ្វើ​ដំណើរ ការ​ហូបចុក និង​ស្នាក់នៅ​ប្រចាំ​ថ្ងៃ​​ពេល​ខ្ញុំមក​ប្រកួត​នេះ គេ​អត់ឲ្យ​ខ្ញុំទេ ហេតុ​នេះ​ខ្ញុំគិត​ថា គេអត់​ឲ្យតម្លៃ​គ្រូបង្វឹក គ្រូ​បង្វឹក​គ្មានន័យ គឺគេ​ស្គាល់​តែ​កីឡាករ កីឡាការិនី ដែល​ទទួល​បានការ​ឧបត្ថម្ភ​ទាំង​ស្រុងពី​ក្រសួង​អប់រំ យុវជន និង​កីឡា»៕
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment