ប្តី​ជា​ប៉ូលិស​ព្រហ្មទណ្ឌ ឯ​ប្រពន្ធ និង​កូន​សង្ស័យ​ជា​ចោរ

loading...
ខេត្តរតនគិរី ៖ សមត្ថកិច្ច​ប៉ូលិស​ស្នងការ​ខេត្ត​ចាប់​ក្រុម​ចោរលួច​សត្វ​គោ និង​សត្វ​ក្របី​បាន​១​គ្រួសារ​ចំនួន​៣​នាក់ ក្រោយ​ពី​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ បាន​បាត់​សត្វ​គោ ក្របី​ជា​ញឹកញាប់​នៅ​រយៈពេល​កន្លង​មក ។

ទើប​នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​ដោយ​លោក ម៉​ម វ៉ា​ន់​ដា ព្រះរាជអាជ្ញា​រង​ខេត្ត បាន​ចុះ​ចាប់ និង​ឆែកឆេរ​ផ្ទះ​អ្នកលក់​សាច់​គោមួយ​កន្លែង ស្ថិត​នៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

ទាក់ទិន​ករណី​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​ចាប់​បាន​ជនសង្ស័យ​ខាងលើ បាន​ដោយសារ​មាន​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ បាន​មក​ប្តឹង​សមត្ថកិច្ច​ថា ពួក​គាត់​បាត់​ក្របី​ចំនួន​៤​ក្បាល និង​បាត់គោ​ចំនួន​៣​ក្បាល ទើប​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ ហើយ​សមត្ថកិច្ច​ក៏​ប្រទះ​ឃើញ​សត្វ​ក្របី​១​ក្បាល​នៅ​រស់ ដោយ​ក្រុម​ចោរ​មិន​សម្លាប់ ដោយ​ចង​លាក់​ទុក​នៅ​ក្បែរ​ផ្ទះ​ជនសង្ស័យ ហើយ​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​ទៅ​លើ​ម្ចាស់ផ្ទះ​មានឈ្មោះ ហ៊ី​ម សុះ ភេទ​ស្រី អាយុ​៥១​ឆ្នាំ ដែល​មាន​ប្តី​ឈ្មោះ ឯក សុ​ផាត ជា​មន្ត្រី​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ តែ​ប្តី​អត់​នៅផ្ទះ​ទេ ។ ចំណែក​២​នាក់​ទៀត គឺ​ឈ្មោះ ផា ដេ​វិត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​កូនប្រុស និង​ឈ្មោះ លី សា​កី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កូនប្រសារ ។

ប៉ូលិស​បាន​បញ្ជាក់​ថា ក្នុង​ការ​ឆែកឆេរ រឹបអូស​បាន​វត្ថុ​តាង​សាច់សត្វ​ក្របី​ជាង​១០០​គីឡូក្រាម ក និង​ក្បាល​ក្របី​ចំនួន​៣​ផង​ដែរ ទើបនឹង​កាប់​ថ្មី​ៗ និង​រឹបអូស​បាន​សាច់សត្វ​គោ​បាន​ជាង​១០០​គីឡូក្រាម និង​ក្បាល​គោ​ចំនួន​៣ ព្រមទាំង​កូន​ចំនួន​៣​ក្បាល ដែល​នៅ​ក្នុង​ពោះ​មិន​ទាន់​កើត ។

ប៉ូលិស​បាន​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​២​គ្រួសារ​ដែល​មក​ដាក់​ពាក្យបណ្តឹង ១-​ឈ្មោះ សុំ វ៉​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ (​ម្ចាស់​គោ​) រស់នៅ​ភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ២-​ឈ្មោះ ក្រ​ទុ​ត ហ្វឿ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​គ្រឹ​ង រស់នៅ​ភូមិ​ធួ​យ​ទុំ ឃុំ​ចា​អ៊ុ​ង ស្រុក​អូរ​ជុំ ។ សមត្ថកិច្ច​ដដែល​បាន​បន្ត​ទៀត​ថា សត្វ​ក្របី​១​ក្បាល​ដែល​នៅរ​ស់បាន​ប្រគល់​ជូន​ម្ចាស់​វិញ​ហើយ ដោយឡែក​សាច់សត្វ​គោ ក្របី​នៅ​សល់​ប៉ុន្មាន សមត្ថកិច្ច​បាន​ប្រគល់​ជូន​ម្ចាស់​ទាំង​២​គ្រួសារ មូលហេតុ​ក្រុម​ចោរ​យក​ទៅ​លក់​នៅ​ផ្សារ​បាន​លុង​អស់​ខ្លះ​ហើយ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ម្តាយ និង​កូនបង្កើត ព្រមទាំង​កូនប្រសារ​ប្រុស សមត្ថកិច្ច​កំពុង​សួរ​ចម្លើយ និង​ចាត់ការ​តាម​នីតិវិធី​បញ្ជូន​ខ្លួន​ឱ្យ​តុលាការ​តាម​ផ្លូវច្បាប់ ។ ដោយឡែក​លោក ឯក សុ​ផាត ជា​ម្ចាស់ផ្ទះ និង​ជា​មន្ត្រី​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ផង​ដែរ​នោះ ខាង​សមត្ថកិច្ច​មិន​បាន​ផ្តល់​ព័ត៌មាន​ដល់​អ្នកកាសែត​ថា មាន​ពាក់ព័ន្ធ​ឬ​យ៉ាងណា​នោះ​ទេ ដោយ​លោក​មិន​បាន​ស្ថិត​នៅ​ក្នុងផ្ទះ​ពេល​សមត្ថកិច្ច​ចុះ​ចាប់ ៕




ប្រភព៖ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment