ខេត្តសៀមរាប ៖ ក្មេងប្រុស២នាក់បាននាំគ្នាទៅមើលទ្រូដែលបានដាក់តាមអូរក្នុងព្រៃចម្ងាយប្រហែល៣០០ម៉ែត្រពីភូមិ ស្រាប់តែប្រទះសាកសពឡើងស្អុយរលួយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៤០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងកើតអូរឫស្សី ស្ថិតក្នុងភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ។
លោកអនុសេនីយ៍ត្រី ជិក សាខេម អធិការរង ទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌស្រុកបន្ទាយស្រី បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ា ស៊ីធួន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរនៅរង្វង់មូលធំ ស្រុកបន្ទាយស្រី មានទីលំនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ប្រភពព័ត៌មានពីក្មេងៗទាំង២នាក់បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនដំបូងពួកគេបាននាំគ្នាដើរទៅមើលទ្រូដែលខ្លួនបានដាក់នៅតាមអូរក្នុងព្រៃ ស្រាប់តែប្រទះឃើញសាកសពម្នាក់ រួចក៏រត់ទៅប្រាប់អុំនៅជិតភូមិនោះដឹង ទើបអុំនោះបានរាយការណ៍បន្តទៅសមត្ថកិច្ចមូលដ្ឋាន សន្ទុះក្រោយមកសមត្ថកិច្ចចម្រុះទៅដល់និងធ្វើការពិនិត្យសាកសពនោះតែម្តង ។
លោកអនុសេនីយ៍ត្រី ជិក សាខេម បានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍មកថា មានករណីក្មេងប្រទះឃើញសាកសពនៅក្នុងព្រៃ លោកចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ។ ក្រោយពីបានចុះទៅដល់កន្លែងកើតហេតុ លោកបានសហការជាមួយកម្លាំងនគរបាលបច្ចេកទេសខេត្តសៀមរាប ដើម្បីធ្វើការត្រួតពិនិត្យទៅលើសាកសព ឃើញថា ជនរងគ្រោះអាចស្លាប់៥-៦ថ្ងៃមុនដោយសពឡើងហើមស្អុយនិងមានសុទ្ធតែដង្កូវទៀតផងម្យ៉ាងទៀតនៅលើដងខ្លួនសពពុំឃើញមានស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ ដូច្នេះសន្និដ្ឋានបានថា សពស្លាប់ដោយសារខ្យល់គរ ។
តាមការរៀបរាប់ពីក្រុមគ្រួសារនៃសពបានប្រាប់សមត្ថកិច្ចដឹងថា មុនពេលកើតហេតុឪពុកម្តាយជនរងគ្រោះសម្រេចចិត្តឲ្យជនរងគ្រោះបួសក៏ពឹងបងប្អូនឲ្យដឹកយកទៅឱ្យបួសនៅវត្តភ្នំហប់ក្បែរជើងភ្នំគូលែន ស្ថិតក្នុងភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ព្រោះជនរងគ្រោះផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment