ព្រះអង្គម្ចាស់ ធម្មិកោ ព្រមាន​ចាក​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បើ​គ្មាន​ការ​កែ​ទម្រង់​ផ្ទៃក្នុង

loading...
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ព្រមាន​លា​ឈប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​សំណូមពរ​សុំ​ឲ្យ​មាន​ការ​កែទម្រង់​ផ្ទៃក្នុង​បក្ស​មិន​ត្រូវ​បាន​ ដោះស្រាយ។
ព្រះអង្គ​មាន​បន្ទូល​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​តុលា ថា ព្រះអង្គ និង​សមាជិក​សមាជិកា​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន យល់​ស្រប​ចង់​ឲ្យ​មាន​ការ​កែទម្រង់​នេះ​ដែរ។ ការ​កែទម្រង់​នេះ ព្រះអង្គ​ចង់​សំដៅ​លើ​ទម្លាប់​ធ្វើ​ការ​បែប​បក្ស​ពួក​និយម ហើយ​គណបក្ស​ត្រូវ​ហ៊ាន​ទទួល​យក​យោបល់ និង​ការ​​បញ្ចេញ​មតិ​របស់​មន្ត្រី​ក្នុង​បក្ស៖ «តាម​ការ​ពិត ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ មាន​យន្តការ​ដើម្បី​ជជែក​គ្នា។ ក៏ប៉ុន្តែ ក្នុង​ការ​ពិសោធ​ដែល​ខ្ញុំ​មាន​ក្នុង​រយៈពេល​បី​ឆ្នាំ បាន​ចូល​ជា​សមាជិក​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ពេល​ណា​ដែល​លើក​បញ្ហា​អី​នៅ​ក្នុង​យន្តការ​ហ្នឹង ចេះ​តែ​ស្ដាប់​ចេះ​តែ​អឺ​អ៊ីចឹង តែ​អត់​មាន​ការ​អនុវត្ត​ទៅ​លើ​ការ​សម្រេច ទៅ​លើ​សំណូមពរ​របស់​សមាជិក​នីមួយៗ»
​ព្រះអង្គម្ចាស់​ក៏​ស្នើ​ឲ្យ​គណបក្ស​យកចិត្តទុកដាក់​ក្នុង​ការ​បញ្ចេញ​ មតិ​របស់​កញ្ញា កឹម មនោវិទ្យា កាល​ពី​ពេល​ថ្មីៗ​នេះ  ពាក់ព័ន្ធ​ករណី​ការ​ធ្វើ​អត្ថាធិប្បាយ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ជុំវិញ ​រឿង​លោក សម រង្ស៊ី ព្រោះ​បញ្ហា​នេះ​មិន​មែន​ជា​បញ្ហា​បុគ្គល​នោះ​ទេ ប៉ុន្តែ​ជា​បញ្ហា​នយោបាយ​ជ្រៅ​ដែល​ត្រូវ​ដោះស្រាយ៖ «ឯកឧត្តម សម រង្ស៊ី មិន​មែន​ជា​បុគ្គល​សាមញ្ញ​ទេ។ ឯកឧត្តម សម រង្ស៊ី ជា​មេ​បក្ស។ អ្វី​ដែល​ឯកឧត្តម សម រង្ស៊ី សម្រេច គឺ​មាន​ផលប្រយោជន៍ ឬ​ផល​វិបត្តិ​ធ្លាក់​ទៅ​លើ​គណបក្ស​ផង និង​ជះ​ទៅ​លើ​ជាតិ​ផង»
​កាល​ពី​ថ្ងៃ​២៣ ខែ​តុលា កញ្ញា កឹម មនោវិទ្យា កូនស្រី​ច្បង​របស់​លោក កឹម សុខា មាន​តួនាទី​ជា​អនុ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ធ្លាប់​បញ្ចេញ​សារ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ធ្វីតធឺ (Twitter) បែប​រិះគន់ និង​វាយ​ប្រហារ​លើ​លោក សម រង្ស៊ី ថា "ការ​ដែល​រដ្ឋាភិបាល​បិទ​ផ្លូវ​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ខ្មែរ​វិញ គឺ​បាន​ជួយ​ជា​លេស​ផ្លូវការ​ឲ្យ​លោក សម រង្ស៊ី បន្ត​នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស"។ កញ្ញា​ថា ធ្វើ​បែប​នេះ លោក សម រង្ស៉ី ក៏​ជា​អ្នក​ឈ្នះ ឯ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ជា​អ្នក​ឈ្នះ។ មុន​នេះ កញ្ញា​ក៏​ធ្លាប់​សរសេរ​សារ​ឌឺដង​ដាក់​លោក សម រង្ស៊ី ថា "មាន​អ្នក​ខ្លះ​មាន​ពេល​ទំនេរ​មើល​កុន​ច្រើន​ពេក​ហើយ បើ​លោក​គោរព​រាស្ត្រ សូម​កុហក​យ៉ាង​ណា​ឲ្យ​ទំនង​គេ​អាច​ជឿ​បាន​ខ្លះ​ផង"
​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រមាន​លាលែង​ពី​តំណែង​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​តុលា។
ព្រះអង្គម្ចាស់ ធម្មិកោ បញ្ជាក់​ថា ការ​លើក​ឡើង​របស់​ព្រះអង្គ​នៅ​ពេល​នេះ មិន​មែន​ជា​ចេតនា​អាក្រក់​ដើម្បី​បង្ខូច​កេរិ៍្តឈ្មោះ​របស់​គណបក្ស​សង្គ្រោះ ​ជាតិ នោះ​ទេ។ ព្រះអង្គ​មាន​សង្ឃឹម​ថា គណបក្ស​នឹង​អាច​កែប្រែ​សំណើ​ព្រះអង្គ​បាន ទើប​ព្រះអង្គ​ទុក​ពេល​វេលា​គ្រប់គ្រាន់​ឲ្យ​គណបក្ស​នេះ​មាន​ឱកាស​កែទម្រង់​ ផ្ទៃ​ក្នុង៖ «បើសិនជា​ខ្ញុំ​ធ្វើ​ការ​ព្រមាន​ហ្នឹង​មួយ​សប្ដាហ៍ ឬ​ប៉ុន្មាន​ថ្ងៃ​មុន​បោះឆ្នោត អា​ហ្នឹង​បាន​ន័យ​ថា ខ្ញុំ​ចង់​ពន្លិច ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចាញ់។ តែ​នេះ​ខ្ញុំ​ទុក​ពេល​វេលា​នៅ​សល់ ៩-​១០​ខែ​ទៅ​ទៀត មុន​បោះ​ឆ្នោត​ឃុំ​សង្កាត់។ ខ្ញុំ​លើក​ឡើង​ដូច្នេះ ដោយសារ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ជួរ​បក្ស​មាន​ភាព​រឹងមាំ។ ខ្ញុំ​សង្ឃឹម​ថា ក្នុង​កាលៈទេសៈ​ដែល​យើង​ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ​មូលដ្ឋាន​ឲ្យ​រឹងមាំ គឺ​គេ​អាច​នឹង​យក​ពាក្យ​ខ្ញុំ​ទៅ​ថ្លឹង និង​ពិចារណា»។ព្រះអង្គម្ចាស់​មាន​បន្ទូល​ទៀត​ថា ព្រះអង្គ​នឹង​លើក​យក​សំណូមពរ​នេះ​ទៅ​ជជែក​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​នៅ​សប្តាហ៍​ក្រោយ៕
ប្រភព៖ វិទ្យុអាស៊ីសេរី
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment