សព​ព្រះសង្ឃ សំ ប៊ុនធឿន ដែល​ត្រូវ​ឃាតក​បាញ់​កាល​ជាង​១០​ឆ្នាំ​មុន​នឹង​បូជា​នៅ​ចុង​ឆ្នាំ​នេះ

loading...
សព​ព្រះតេជព្រះគុណ ព្រះ​ធម្មវិបស្សនា សំ ប៊ុនធឿន ដែល​ត្រូវ​ឃាតក​បាញ់​សម្លាញ់​កាល​ពី​ជាង​១០​ឆ្នាំមុន នឹង​ត្រូវ​បូជា​រំលាយ​ព្រះកាយ នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦។
បងស្រី​ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោកស្រី សំ គង់ ឲ្យ​អាស៊ីសេរី​ដឹងនៅ​ថ្ងៃ​ទី​៣១ តុលា ថា ពិធី​បុណ្យ​បូជា​ព្រះ​សព​នេះ នឹង​ត្រូវ​ប្រគេន​ភ្លើង​បូជា​ដោយ​សម្ដេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ។
លោកស្រី សំ គង់ បញ្ជាក់​ថា មូលហេតុ​ដែល​សម្រេច​បូជា​ព្រះ​សព​នៅ​ពេល​នេះ ដោយសារ​មូលហេតុ​៤​យ៉ាង​សំខាន់ៗ៖ «ទី១ ខ្ញុំចាស់ហើយ អត់មានអ្នកណាថែទាំទេ! អត់ពីបងទៅសួរថា សិស្ស​ចៅ​ទៀត​អាចមើល​ថែបានអត់? ទី២ ការ​ចំណាយ​លុយ​ធំណាស់ ​ម៉ាស៊ីនត្រជាត់​១ឆ្នាំ ​រហូត១០ម៉ឺន​ដុល្លារ។ ពេញពុទ្ធមណ្ឌលហ្នឹង ការចំណាយ​ទឹកភ្លើង​​វា​ចូល​១០ម៉ឺន​ដុល្លារ​ហើយ! ចឹង​យើង​មិន​អាចទុក​សព​បាន។ ទី២ ព្រះអង្គគ្រូ (សំ ប៊ុនធឿន) ប្រាថ្នា ​ពុទ្ធភូមិ ព្រោះព្រះពុទ្ធ​ពីបរមបុរាណ​មិន​ដែល​ទុក​បាន​១​ខែ​ទេ។ និង​ទី៤ ព្រះអង្គគ្រូ​អត់ពេញចិត្ត​ឲ្យ​ទុក​ទេ។ មុន​៧ថ្ងៃ​សុគត លោក​បាន​ដឹកដៃ​ជាង​(ភក្តិ) ឲ្យ​ធ្វើ​ចេតិយឲ្យ​លោក ហើយ​បាន​ប្រាប់​ជាង​ថា ជាង​ឯង​ធ្វើ​មិន​ទាន់​ទេ តែ​អាត្មា​រៀបចំ​ផែនដីឲ្យ​ហើយ​ទុក​ឲ្យ​អាត្មា (សំ ប៊ុនធឿន) »។
កម្មវិធី​បុណ្យ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៦ នា​ពុទ្ធ​មណ្ឌល​សន្តិវ័ន្ត ក្បែរ​ភ្នំព្រះរាជ្យទ្រព្យ ឬ​ហៅ​ភ្នំ​ឧត្ដុង្គ ក្នុង​ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ ហើយ​ការ​បូជា​ព្រះសព នឹង​ធ្វើ​នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​ធ្នូ។
ព្រះតេជព្រះគុណ សំ ប៊ុនធឿន ជា​សង្ឃ​លេច​ធ្លោ​មួយ​អង្គ​នៅ​ កម្ពុជា ក្នុង​ការ​បដិបត្តិ និង​អប់រំ​ព្រះធម៌​ពុទ្ធសាសនា នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ ហើយ​ព្រះ​អង្គ​បាន​ផ្ដួចផ្ដើម​កសាង​មជ្ឈមណ្ឌល​សម្រាប់​ធ្វើ​សមាធិ​អប់រំ​ ចិត្ត​ដ៏​ធំ​មួយ មាន​ឈ្មោះ​ថា ពុទ្ធ​មណ្ឌល​វិបស្សនា​ធុរៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ស្ថិត​នៅ​ខាង​លិច​ភ្នំ​ឧត្ដុង្គ និង​មណ្ឌល​វិបស្សនា​ធុរៈ​ចំនួន​១៦ ទៀត នៅ​តាម​បណ្ដា​ខេត្ត។ ពាក់​កណ្ដាល​នៃ​ជីវិត​របស់​ព្រះអង្គ គឺ​បួសជា​ព្រះ​សង្ឃ។ ការ​បង្រៀន​របស់​ព្រះអង្គ​សុទ្ធ​តែង​​ឆ្លុះ​បញ្ចាំង​ការ​ពិត​ក្នុង​សង្គម​ ខ្មែរ ដែល​ពោរពេញ​ដោយ​អំពើ​ពុក​រលួយ និង​អំពើ​បាប។
ព្រះអង្គ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​មុខ​ពីរ​នាក់​បាញ់​ប្រហារ នៅ​ ព្រឹក​ថ្ងៃ​សៅរ៍​ទី ៨ ខែ​កុម្ភៈ ឆ្នាំ ២០០៣ ក្នុង​បរិវេណ​វត្ត​លង្កា នា​រាជធានី​ភ្នំពេញ។ ព្រះអង្គ​បាន​សុគត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់ ក្នុង​​ព្រះជន្ម ៤៧​ព្រះវស្សា។
ព្រះ​សព​ត្រូវ​បាន​សិស្សគណ និង​ពុទ្ធបរិស័ទ តម្កល់​ទុក​ក្នុង​មឈូស​កញ្ចក់ ដើម្បី​គោរព​បូជា​នៅ​ពុទ្ធ​មណ្ឌល​សន្តិវ័ន្ត រហូត​មក​ដល់​ពេល​នេះ។
ជាង​១០​ឆ្នាំ​មក​នេះ គ្មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន ឬ​នាំ​ខ្លួន​មក​កាត់​ទោស ទាក់​ទង​នឹង​ការ​ធ្វើ​គត់​ព្រះ​អង្គ​ឡើយ ​មិនខុសពី​ឃាតកម្ម​​ដទៃ​ទៀតទេ  ដូចជា​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព លោក ជា វិជ្ជា តារា​សម្ដែង​អ្នកស្រី ពិសិដ្ឋ ពីលីកា សកម្មជន​ព្រៃឈើ​និង​បរិស្ថាន លោក ឈុត វុទ្ធី និង​ឃាតកម្ម​លើ​អ្នកវិភាគ​ដ៏​ល្បី​មួយ​រូប​គឺ​លោក បណ្ឌិត កែម ឡី ជាដើម សុទ្ធ​តែ​មិន​ទាន់​បាន​ទទួល​យុត្តិធម៌​រហូត​មក​ដល់​បច្ចុប្បន្ន៕
សព​ព្រះធម្មវិប្បសនា សំ ប៊ុនធឿន អធិបតី​ពុទ្ធមណ្ឌល និង​ជា​អគ្គនាយក​​វិបស្សនាធុរៈ​សិក្សា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តម្កល់​នៅ​​ពុទ្ធមណ្ឌល​​សន្តិវ័ន្ត ក្បែរ​ភ្នំព្រះរាជ្យទ្រព្យ ឬ​ហៅ​ភ្នំ​ឧត្ដុង្គ ក្នុង​ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ រូបថត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth


ប្រភព៖ អាសុីសេរី
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment