ក្រុម​គ្រួសារ​នៅ​ខេត្ត​ស្ទឹងត្រែង​ប្ដឹង​នគរបាល​បី​នាក់​ចោទ​ថា​ប្រើ​ហិង្សា​លើ​កូន​ប្រុស​ឲ្យ​របួស​ធ្ងន់

loading...
ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ឃុំ​កោះព្រះ ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង ចោទ​នគរបាល ៣​រូប និង​ប្រជា​ការពារ​ភូមិ​ម្នាក់ ថា​បាន​ប្រើ​ហិង្សា​ដោយ​ចេតនា​លើ​យុវជន​ម្នាក់​របួស​ធ្ងន់​កាល​ពី​យប់​ថ្ងៃ​ ទី​២៩ តុលា។ ក្រុម​គ្រួសារ​ជន​រងគ្រោះ កំពុង​ដង្ហោយ​រក​យុត្តិធម៌។
ក្រុម​គ្រួសារ​ជន​រងគ្រោះ​នៅ​ថ្ងៃ​ទី​៣១ តុលា បាន​ប្ដឹង​សមត្ថកិច្ច​ទាំងនោះ​ទៅ​តំណាង​អយ្យការ​ខេត្ត​ស្ទឹងត្រែង ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា។ លើស​ពី​នេះ យុវជន​ឈ្មោះ ឌីម កវី ដែល​ត្រូវ​សមត្ថកិច្ច​ព្រួត​គ្នា​វាយ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្ទឹងត្រែង ពុំ​ទាន់​ធូរ​ស្រាល​ទេ។
ឪពុក​ជន​រងគ្រោះ លោក ហៀង ខន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ តុលា ថា កូន​ប្រុស​របស់​លោក​ឈ្មោះ ឌីម កវី អាយុ ១៨​ឆ្នាំ បាន​ទៅ​រាំ​ធុងបាស​នៅ​វត្ត​កោះព្រះ កាល​ពី​យប់​ថ្ងៃ​ទី​២៩ តុលា ក្មេង​ស្ទាវ​ម្នាក់​មក​វាយ​ឆ្មក់​កូន​របស់​លោក​ពី​ក្រោយ ហើយ​កូន​របស់​លោក​មិន​បាន​ត​ដៃ​វិញ​ទេ ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ដើរ​ដល់​ខ្លោងទ្វារ​វត្ត ត្រូវ​បាន​នគរបាល ៣​នាក់ និង​ប្រជា​ការពារ​ភូមិ​ម្នាក់​ដឹកនាំ​ដោយ​មេ​ប៉ុស្តិ៍​កោះព្រះ ឈ្មោះ អ៊ុំ សុគុណ ស្ទាក់​វាយ​ទាត់​ធាក់ និង​ដាក់​ខ្នោះ​បណ្ដាល​ឲ្យ​កូន​របស់​លោក​ជាំ​ភ្នែក​សងខាង និង​ឈាម​ច្រមុះ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់។ លោក​បញ្ជាក់​ថា កូន​របស់​លោក​ពុំ​បាន​បង្ក​របួស​ស្នាម​ដល់​នរណា​ម្នាក់​ឡើយ​ក្នុង​រឿង​ ជម្លោះ​នោះ៖ «មុន​ដំបូង​ក្មេងៗ​វ៉ៃ​គ្នា​ពីរ​ដៃ វា​ក៏​អត់​ចង់​ត​ដៃ ដោយ​ដើរ​ទៅផ្ទះ​បាន ១០០​ម៉ែត្រ វា​ក៏​តាម​វ៉ៃ​កូន​របស់​ខ្ញុំ​ដូច​ក្របី​ដូច​គោ។ វ៉ៃ​ហើម​មុខ​ជាំ​ភ្នែក ហើយ​ដាក់​ខ្នោះ ហើយ​វ៉ៃ​ថែម​ទៀត»
បុរស​ដដែល​សម្ដែង​ការ​ខក​ចិត្ត​លើ​សមត្ថកិច្ច​រដ្ឋាភិបាល ថា​ជា​អ្នក​អនុវត្ត​ច្បាប់ បែរ​ជា​វាយ​ធ្វើ​បាប​កូន​របស់​លោក​តាម​អំពើ​ចិត្ត​ក្នុង​រឿង​ជម្លោះ​តិចតួច ដោយ​មិន​បាន​ដោះស្រាយ​បញ្ហា​នេះ​ផ្អែក​តាម​ច្បាប់។ លោក​កត់​សម្គាល់​ថា កន្លង​ទៅ ​មេ​ប៉ុស្តិ៍​កោះព្រះ ឈ្មោះ អ៊ុំ សុគុណ ក៏​ធ្លាប់​បាន​វាយ​បុរស​ម្នាក់​ក្នុង​ភូមិ​ឈ្មោះ នួន ឆេង បង្ក​ឲ្យ​របួស​ធ្ងន់​រហូត​ដល់​ធ្លាក់​ឈាម​ទៀត​ផង៖ «និយាយ​ហ្នឹង​ដើម្បី​ចោទ​ប្រកាន់រក​ហេតុ​រក​ផល​ដើម្បី​បង្ក​ហេតុផល។ ការ​ពិត​ស្លាកស្នាម​កូន​ខ្ញុំ​ទៅ​វ៉ៃ​គេ វា​អត់​មាន​ផង យក​ហេតុផល​ហ្នឹង​មក​និយាយ​មក​ថា ដើម្បី​ជា​ចំណូល​របស់​គេ​ឲ្យ​តែ​ប្រជាជន​មានការ​ជឿជាក់»
អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ប៉ុស្តិ៍​កោះព្រះ លោក អ៊ុំ សុគុណ ដើម្បី​បំភ្លឺ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣១ តុលា។
ស្នងការ​ខេត្ត​ស្ទឹងត្រែង លោក ម៉ៅ តារា បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​ពុំ​ទាន់​ទទួល​ដំណឹង​នេះ​ទេ។ លោក​សន្យា​ថា លោក​នឹង​ស្រាវជ្រាវ​ករណី​នេះ៖ «មិន​អី​ទេ ខ្ញុំ​នឹង​ស្រាវជ្រាវ​មើល​វា​មាន​ព័ត៌មាន​ចឹង​មែន​អត់
មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ ស្ទឹងត្រែង លោក ហូ សំអុល ដែល​បាន​ចុះ​អង្កេត​រឿង​នេះ ឲ្យ​ដឹង​ថា ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​បណ្ដាល​ឲ្យ​របួស​ធ្ងន់ ជា​អំពើ​ល្មើស​ច្បាប់​ព្រហ្មទណ្ឌ និង​ជា​ទម្រង់​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​ពុំ​មាន​សិទ្ធិ​ប្រើ​ហិង្សា និង​បង្ក​របួស​ស្នាម​នោះ​ទេ ហើយ​ការ​ប្រើ​ហិង្សា​ដោយ​អាង​អំណាច​ជា​នគរបាល ក៏​ជា​ករណី​ខុស​វិជ្ជាជីវៈ​របស់​នគរបាល​ដែរ។ លោក​ថា សមាគម​អាដហុក នឹង​ត្រៀម​ផ្តល់​មេធាវី​ដល់​គ្រួសារ​ជន​រងគ្រោះ ប្រសិន​បើ​ជន​រងគ្រោះ​ពុំ​ទទួល​បាន​យុត្តិធម៌​នោះ​ទេ៖ «ឃើញ​ថា​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ចឹង​វា​ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ណាស់។ វា​ពាក់ព័ន្ធ​មន្ត្រី​ប៉ូលិស ៤​នាក់​ទៅ​វ៉ៃ​ក្មេង​ម្នាក់​អ៊ីចឹង។ យើង​ឃើញ​ថា​មាន​ភាព​សាហាវ​មែន​ទែន ដោយសារ​យើង​ឃើញ​ស្ថានភាព​ចឹង។ ហើយ​តាមការ​ឆ្លើយ​បំភ្លឺ​របស់​ជន​រងគ្រោះ​ហ្នឹង ឃើញ​វ៉ៃ​ហើយ​អូស​ទៀត»
អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ធ្លាប់​ណែនាំ​ឲ្យ​នគរបាល​ទាំងអស់​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​លោក​ក៏​ជំរុញ​ឲ្យ​នគរបាល​អនុវត្ត​ច្បាប់​ដោយ​យុត្តិធម៌ ស្មោះ​ត្រង់ និង​មាន​វិជ្ជាជីវៈ។
ច្បាប់​ព្រហ្មទណ្ឌ​មាត្រា​២១៧ ចែង​ថា អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​ចេតនា​លើ​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ទៅ ៦​លាន​រៀល៕
យុវជន​ឈ្មោះ ឌីម កវី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Men Sothyr
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment