បន្ទរដោយក្តីអាណិតមេត្តា និងភាពសង្វេគភ្នែកពីគណនីហ្វេសប៊ុក ឈ្មោះ JJ Lin Heart Dy ផូស្តរកជំនួយជួយដល់ក្មេងប្រុសម្នាក់នេះ ក៏បានឲ្យដឹងថា៖ «ក្មេងម្នាក់នេះកើតមកមានជំងឺបេះដូងចំហ រហូតដល់អាយុ ៣ ឆ្នាំ ដោយសារម្តាយឪពុកក្រីក្រទើបគ្មានលុយព្យាបាល»។
បន្ថែមពីសំណេរទាក់ទាញការចាប់អារម្មណ៍ ដែលថា ៖ «សូមកុំអូសរំលងអី ហើយជួយស៊ែរតៗគ្នាផង ក្មេងប្រុសម្នាក់នេះ កំពុងតែត្រូវការជំនួយជាបន្ទាន់ និងការបញ្ជាក់បន្ថែមថា តាំងពីកើតមកគ្នាមានជំងឺ «បេះដូងចំហ» រហូតមកដល់អាយុ ៣ ឆ្នាំហើយនៅមិនទាន់ទទួលបានការព្យាបាលទេ ដោយសារតែគ្រួសារខ្វះខាតថវិកា ទើបចេះ តែបណ្តោយឲ្យក្មេងនេះរស់នៅតាមយថាកម្ម រស់បាន ១ ថ្ងៃគិត ១ ថ្ងៃ ដូច្នេះហើយបើបងប្អូនសប្បុរសជនណាបានឃើញសូមមេត្តាជួយគាត់ផង។ ក្មេងប្រុសនេះមានគ្រួសាររស់នៅក្នុង ភូមិកណ្តាល ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ»។
គ្រួសារក្មេងប្រុសអាយុ ៣ ឆ្នាំ ពិតជាមានលំនៅដ្ឋានក្នុងភូមិខាងលើ និងថា លោកក៏បានចេញប័ណ្ណក្រីក្រឲ្យផងដែរនោះ លោក មេភូមិ ភូមិកណ្តាល ក៏បានឲ្យដឹងបន្តថា៖ «ដើមឡើយក្មេងម្នាក់នេះ ពេទ្យថា មានជំងឺបេះដូងចំហ មហារីកបេះដូងឯណា។ តែឥឡូវក៏នាំទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញនោះ ពេទ្យថាក្មេងប្រុសនេះ មានជំងឺទឹកនោមប្រៃវិញ»។
បន្ថែមពីសម្តីបញ្ជាក់ថា ពេលនេះមិនទាន់មានដំណឹងវិវឌ្ឍថ្មី ពីជំងឺក្មេងនេះពី គ្រួពេទ្យកំពុងតាមដាននោះទេ លោក មេភូមិ ភូមិកណ្តាល ដែលមានវ័យ ៧៥ ឆ្នាំ ឈ្មោះ ផាន់ ភន ក៏បានឲ្យដឹងដែរថា៖ «ក្មេងប្រុសវ័យ ៣ ឆ្នាំ ជាកូនទី ៤ ក្នុងគ្រួសារក្រីក្រណាស់ ដែលមានសមាជិកទាំងម្តាយ ជីដូនជីតា មានគ្នាដល់ទៅ ៨ នាក់ ហើយគ្រួសារនេះ ក្រៅពីគ្មានដីស្រែមួយដុំសម្រាប់ធ្វើរបរកសិកម្មសោះ ក៏គ្មានសមាជិកណាម្នាក់ មានរបរគត់មត់ ជាជំហគ្រួសារដែរ»។
លោកមេភូមិ ភូមិកណ្តាលរូបនេះបានប្រាប់ពីគ្រួសារកុមារាកម្សត់ថា៖ «ឪពុកគេធ្វើជាកម្មករសំណង់ រកបានមួយថ្ងៃដោះស្រាយមួយថ្ងៃ ចំណែកឯម្តាយក្មេងក៏មានជំងឺរ៉ាំរ៉ៃប្រចាំកាយផង គ្មានធ្វើអ្វីកើតទេ ចំណែកយាយតានោះ ក៏ចាស់ៗអស់ហើយដែរ ហើយថែមបន្ទុកកូនទី ៤ កើតមកក៏មានជំងឺអ៊ីចឹងទៀត»។ លោក មេភូមិ បានបញ្ជាក់ទៀតថា៖ «ក្មេងនេះដឹងថាឈឺយូរហើយ តែម៉ែឪ មិនមានលុយព្យាបាលក៏ចេះតែពន្យារៗរហូត ៣ ឆ្នាំ ពេលនេះទៅព្យាបាលនោះក៏សង្ឃឹមលើជំនួយសប្បុរសធម៌ដែរ បើម៉ែឪគ្មានអ្វីសោះ»៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏
loading...

0 comments:
Post a Comment