លោក ហង្ស វិទូ ក្រុមអ្នកវិភាគវ័យក្មេង និងជាអ្នក កែម ឡី និយម បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ក្នុងរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ សៀវភៅរបស់លោក កែម ឡី លក់អស់គ្មានសល់។ សៀវភៅមួយក្បាលត្រូវបានគេលក់ក្នុងតម្លៃ ៣ដុល្លារ។ តែសម្រាប់អ្នកគ្មានថវិកា ក្រុមការងារផ្តល់ជូនឲ្យដោយមិនគិតថ្លៃ។
អ្នកវិភាគវ័យក្មេងរូបនេះបន្តទៀតថា អ្នកមានធនធានខ្លះបានបន្ថែមប្រាក់របស់គេលើសពីតម្លៃ៣ដុល្លារទៅទៀត។ ចំនួនទឹកប្រាក់ដែលបានពីការលក់ត្រូវបានក្រុមការងារយកទៅចំណាយសម្រាប់កិច្ចការបោះពុម្ព។
សៀវភៅ អ្នករូតវាំងននសង្គម បង្កប់អត្ថន័យរិះគន់សង្គមតាមរយៈរឿងកំប្លែង ឬរឿងខ្លីៗដែលបង្កើតឡើងដោយផ្នែកលើស្ថានភាពជាក់ស្តែងរបស់សង្គមពិតនាពេលបច្ចុប្បន្ន។ រឿងទាំងនោះ មានដូចជា អ្នកវិភាគអត់ចេះអ្វីទេ។ មន្ត្រីស្អាតស្អំមានរាងបែបណា?។ តើយួនបោះឆ្នោតឲ្យគណបក្សណា?។ល។ ម្យ៉ាងទៀត សៀវភៅនេះ ក៏បានចងក្រងពាក្យស្លោករបស់លោក កែម ឡី ផងដែរ ដូចជា ជូតទឹកភ្នែករបស់អ្នករួចបន្តដំណើរទៅមុខទៀត។ ពាក្យស្លោកនេះ ត្រូវបានយុវជន និងប្រជាពលរដ្ឋដឹងថាជាបណ្ដាំចុងក្រោយរបស់លោក កែម ឡី។ សៀវភៅភាគពីរបស់លោក កែម ឡី និយាយពីទស្សនសង្គម និងនយោបាយរបស់លោក។
ហេតុអ្វីបានជាពលរដ្ឋមួយចំនួនណាមួយនោះស្រឡាញ់លោក កែម ឡី ខ្លាំងម្ល៉េះ?
ចម្លើយដែលសារព័ត៌មានថ្មីៗទទួលបាន និងធ្លាប់លឺគេបញ្ចេញមតិនោះ គឺថា ទី១ លោក កែម ឡី គឺជាអ្នកចេះដឹង រៀនដល់ថ្នាក់បណ្ឌិត ដូច្នេះ ឃាតករមិនគួរបាញ់សម្លាប់អ្នកចេះដឹងឡើយ។ ទី២ លោក កែម ឡី គឺជាអ្នកហ៊ានតស៊ូមតិ ហ៊ានបញ្ចេញមតិនិយាយពីចំណុចអវិជ្ជមានរបស់សង្គម។ ទី៣ លោក កែម ឡី គឺជាមនុស្សស្លូតត្រង់ សម្តីនិយាយចេញទៅងាយយល់ ស្រួលស្តាប់។ ទី៤ លោក ឡី គឺជាមនុស្សមានគំនិតជួយសង្គម ជួយអ្នកដទៃ ជាជាងគិតតែពីគ្រួសារ ឬបក្សពួកខ្លួនឯង។ យោងតាមមិត្តភក្តិរបស់លោក កែម ឡី, លោក កែម ឡី មានជីវភាពសាមញ្ញ ធម្មតា ពោល គឺមិនមែនជាអ្នកមានទ្រព្យធនហូរហៀនោះទេ និងទី៥ អ្នក កែម ឡី និយមច្រើនគិតថា លោក ឡី គឺជាអ្នកស្រឡាញ់ជាតិ៕ ប្រភព៖ ថ្មីៗ
loading...

0 comments:
Post a Comment