លោក ញាណ សុធី អ្នករៀបចំកម្មវិធីប្រដាល់ប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថា «ប្រដាល់អន្តរជាតិ ជើងឯកខ្សែក្រវាត់ខារ៉ាបាវ» កាន់តែធ្វើឱ្យទាក់ទាញទ្វេដង បន្ទាប់ពីបើកការប្រកួតបាន៤សប្ដាហ៍ដណ្ដើមពិន្ទុគ្នាមក ។ ការប្រកួតមួយនេះលោកថា កីឡាករទាំងខ្មែរ និងបរទេស នៅមិនទាន់ប្រាកដថាអ្នកណាខ្លះនឹងបានឡើងនៅឡើយទេ បើទោះជាក្នុងចំណោមនោះគឺកីឡាករកម្ពុជាទទួលពិន្ទុតិចជាងកីឡាករថៃក្ដី ។
សមាសភាពគូប្រកួតនៅរសៀលថ្ងៃសៅរ៍ស្អែកនេះរួមមាន កីឡាករ ឯម សុធី មកពីក្លិបរិទ្ធីពោធិ៍សែនជ័យ ប្រកួតជាមួយកីឡាករថៃឈ្មោះ A Norn និងកីឡាករ សេក គឹមរួន មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ប្រកួតជាមួយកីឡាករថៃឈ្មោះ Ek Mousalim ។ ជំនួបរបស់ពួកគេមានការចាប់អារម្មណ៍យ៉ាងពេញទំហឹង ដោយសារតែម្នាក់ៗចង់ដឹងថាសមាសភាពកីឡាករកម្ពុជានឹងមានលទ្ធផលបែបណាសម្រាប់ជំនួបប៉ះគ្នាជាគូកិត្តិយសក្នុងពេលកីឡាករ៨រូបដែលត្រូវប្រកួតគ្នាសម្រាប់ដណ្ដើមពិន្ទុត្រូវអនុញ្ញាតឱ្យសម្រាក។
កីឡាករឯម សុធី បានអះអាងថា គេនឹងប្រឹងប្រែងប្រកួតឱ្យអស់លទ្ធភាពដើម្បីយកឈ្នះកីឡាករថៃឱ្យខាងតែបាន ។ គេមានបំណងតែមួយគត់ គឺចង់បង្កើនក្រេឌីត និងធ្វើឱ្យអ្នកទស្សនាមើលឃើញពីការប្រឹងប្រែងរបស់គេនៅលើសង្វៀន ។ លោក ញាណ សុធី ហាក់មិនហ៊ានរំពឹងថា ការប្រកួតរបស់កីឡាករទាំងពីរនឹងវាយគ្នាអស់ដៃ និងខ្លាំងក្លាដូចគ្នានឹងការប្រកួតសន្សំពិន្ទុឈានទៅដណ្ដើមខ្សែក្រវាត់នោះទេ ។ មិនខុសគ្នាដែរ គ្រូបង្វឹករបស់កីឡាករ ឯម សុធី ក៏មិនសូវមានជំនឿចិត្តច្រើនដែរសម្រាប់ការប៉ះប្រកួតជាមួយកីឡាករថៃដែលមានសមត្ថភាពខ្លាំងបែបនេះ ។ លោកបានត្រឹមតែអះអាងថា នឹងពង្រឹងសមត្ថភាពកូនសិស្សបន្ថែមប៉ុន្តែបើឱ្យជឿជាក់គឺមានតែរង់ចាំអ៊ុតមើលប៉ុណ្ណោះ។ រីឯកីឡាករថៃវិញ ដ្បិតថា ការប្រកួតរបស់គេកន្លងមកមានលទ្ធផលល្អខ្លះ និងមិនល្អខ្លះ ក៏លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃមកប្រកួតបានកោតសរសើរថា ខ្លួនដាក់កីឡាករថៃសមនឹងឈ្មោះព្រឹត្តិការណ៍របស់ខារ៉ាបាវ ដើម្បីជំនួសកីឡាករកម្ពុជា និងថៃ ដែលដាក់ឱ្យសម្រាកពីការប្រកួតសន្សំកម្លាំងនោះ។
ងាកទៅកាន់កីឡាករ សេក គឹមរួន ឯណោះវិញ ក៏បានបង្ហាញពីការត្រៀមខ្លួនក្នុងជំនួបជាមួយកីឡាករថៃនៅថ្ងៃសៅរ៍ ទី១៧ កញ្ញា ស្អែកនេះដែរ ។ លោក ញាណ សុធី បញ្ជាក់ថា ការប្រកួតនៅថ្ងៃសៅរ៍ស្អែកនេះ នឹងនៅតែមានមនុស្សកកកុញ បើទោះជាមានព្រឹត្តិការណ៍ធំមួយផ្សេងទៀតត្រូវចំថ្ងៃនោះដែរក្ដី ។ លោកថា កីឡាករ សេក គឹមរួន បានហ្វឹកហាត់ជាប់លាប់មុនពេលដាក់ឱ្យប្រកួតជាមួយកីឡាករថៃនៅរសៀលល្ងាចស្អែកនេះ ។
គួរបញ្ជាក់ថា ឯម សុធី ធ្លាប់ប្រកួតបាន៦៩លើក ឈ្នះ៥៩លើក ចាញ់១០លើក និងស្មើ១លើក ក្នុងពេលកីឡាករថៃធ្លាប់ប្រកួតបាន៦៣លើក ឈ្នះ៥៥លើក ចាញ់៦លើក និងស្មើ២។ មួយគូទៀត កីឡាករសេក គឹមរួម ធ្លាប់ប្រកួតបាន៧២លើក ឈ្នះ៥៩លើក និងចាញ់១៣លើក ក្នុងពេលកីឡាករថៃធ្លាប់ប្រកួតបាន៧៩លើក ឈ្នះ៦២លើក ចាញ់១៦លើក និងស្មើ១លើក ៕
loading...
0 comments:
Post a Comment