រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ចាត់ទុកថា ការផ្ទុះធ្វើបាតុកម្មយកស្រូវចាក់បិទផ្លូវនៅខេត្តបាត់ដំបង គឺធ្វើឡើងគ្រាន់តែដើម្បីកេងចំណេញផ្នែកនយោបាយប៉ុណ្ណោះ។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅពេលនេះ ធ្វើឡើងក្រោយបញ្ចប់កម្មវិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ ស្ដីពីការបង្កើតមជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ នៅថ្ងៃទី២២ ខែកញ្ញា។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា កសិករផ្ទុះធ្វើបាតុកម្មយកស្រូវចាក់បិទផ្លូវនៅខេត្តបាត់ដំបង បង្ហាញថា ទិន្នផលកសិកម្មរបស់ប្រជាកសិករនៅឆ្នាំនេះទទួលផលល្អ និងលើសពីផែនការកំណត់។ ជាងនេះ ដោយកិច្ចខិតខំរបស់ក្រសួងកសិកម្ម បានជំរុញឲ្យទិន្នផលស្រូវរបស់កសិករនៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តពោធិ៍សាត់ សម្រេចបានផលខ្ពស់លើសពីការរំពឹងទុក៖ «»។
បន្ថែមពីនេះទៀត រដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រសាសន៍បន្តថា ការកើតមានបាតុកម្មតវ៉ាចាក់ស្រូវបិទផ្លូវនៅខេត្តបាត់ដំបង កន្លងទៅ មិនមែនជាឆន្ទៈពិតប្រាកដនោះទេ គឺមកពីការញុះញង់ និងរងសម្ពាធនយោបាយណាមួយ ព្រោះសកម្មភាពតវ៉ានេះកើតឡើងក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបញ្ចេញថវិកាប្រមាណ ២៧លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយអន្តរាគមន៍ពាក់ព័ន្ធការធ្លាក់ចុះនៃតម្លៃស្រូវរបស់ប្រជាកសិករបច្ចុប្បន្ន៖ «»។
យ៉ាងណា រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន មិនបានបញ្ជាក់ច្បាស់ថា តើបាតុកម្មតវ៉ាចាក់ស្រូវបិទផ្លូវនៅខេត្តបាត់ដំបង រងការញុះញង់ផ្នែកនយោបាយពីប្រភពណានោះឡើយ?
ទាក់ទិននឹងបញ្ហានេះដែរ អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន យល់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម គឺមិនបានឆ្លុះបញ្ចាំងស្ថានភាពជាក់ស្តែងរបស់ប្រជាកសិករ និងគ្រាន់តែជាការគេចវេះពីការទទួលខុសត្រូវប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ ការតវ៉ារហូតចាក់ស្រូវចោលរបស់កសិករ គឺសារបង្ហាញថា ពួកគាត់ចង់ទទូចឲ្យមានការយកចិត្តទុកដាក់លើបញ្ហាទីផ្សារលក់ទិន្នផលកសិកម្មប៉ុណ្ណោះ៖ «»។
កាលពីថ្ងៃទី១៨ កញ្ញា ប្រជាកសិករប្រមាណ ១ពាន់នាក់ បានយកគោយន្តដឹកស្រូវ និងស្រូវទៅចាក់បិទផ្លូវជាតិលេខ៥ នៅចំណុចមុខសាលាឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ទាមទារឲ្យអាជ្ញាធរដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ចុះ និងរកទីផ្សារលក់ផលិតផលកសិផលរបស់ពួកគាត់។ កាលណោះ ការតវ៉ាបិទផ្លូវ បានបណ្ដាលឲ្យកកស្ទះចរាចរណ៍ប្រមាណ ១០គីឡូម៉ែត្រនៅលើផ្លូវជាតិលេខ៥ ដោយរថយន្តជាច្រើនគ្រឿងត្រូវឈប់មិនអាចបន្តដំណើរទៅមុខបាន។ ពួកគាត់បានយល់ព្រមបើកផ្លូវឲ្យរថយន្តធ្វើដំណើរឡើងវិញ បន្ទាប់ពីអភិបាលខេត្តបាត់ដំបង បានចុះទៅជួបដោះស្រាយជាមួយពួកគាត់។
កសិករដែលចូលរួមបាតុកម្ម ធ្លាប់អះអាងថា មូលហេតុបាតុកម្ម គឺមកពីតម្លៃស្រូវធ្លាក់ចុះថោក និងគ្មានទីផ្សារ ស្របពេលដែលពួកគាត់ចាប់ផ្ដើមប្រមូលផលកសិផល។ មិនតែប៉ុណ្ណោះ ដោយសារខ្វះអន្តរាគមន៍ពីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ក៏បានធ្វើឲ្យកសិករខ្លះក្លាយជាកូនបំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏មាន។
យ៉ាងណា នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ក៏បានជំរុញឲ្យវិស័យឯកជនត្រូវតែដើរតួនាទីសំខាន់ក្នុងការជួយរកទីផ្សារ និងផ្តល់បច្ចេកទេសជូនប្រជាកសិករ ដើម្បីជួយជំរុញបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ លោកថា ក្នុងកាលៈទេសៈនេះ រដ្ឋាភិបាលមិនអាចកំណត់តម្លៃស្រូវជាក់លាក់នោះទេ ព្រោះកម្ពុជា ជាសង្គមប្រជាធិបតេយ្យ និងជាទីផ្សារសេរី៕
ប្រភព៖ វិទ្យាអាស៊ីសេរី
loading...
0 comments:
Post a Comment