លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាកទីកូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2C-3974 បើកទៅបុករថយន្ដ១គ្រឿងទៀតម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រឹទ្ធសភា ៣-២-០៤៦ ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ។
លោកអធិការបន្តទៀតថា នៅយប់នោះរថយន្តទីកូបើកបរដោយឈ្មោះ ម៉ាត់ តុលលាស់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរអិស្លាម រស់នៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ធ្វើដំណើរពីកើតទៅលិច ដោយពុំមានអ្នករួមដំណើរជាមួយទេ លុះទៅដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងម៉េចស្រាប់តែរេចង្កូតឆ្លងគំនូសថ្នល់ទៅបុករថយន្តម៉ាកឡិចស៊ីស៤៧០ដែលកំពុងធ្វើដំណើរមកពីមុខទាំងកំរោលបណ្ដាលឲ្យរថយន្ដទីកូរួញចូលគ្នាកៀបអ្នកបើកបរស្លាប់ក្នុងរថយន្តតែម្ដង ។ ចំណែករថយន្ដឡិចស៊ីសក៏ខូចខាតមួយចំហៀងឆ្វេងខាងមុខយ៉ាងដំណំដែរ តែអ្នកបើកបរនិងរួមដំណើរគ្រាន់តែរបួសស្រាលប៉ុណ្ណោះដោយសាររថយន្តមិនក្រឡាប់ ។
លោកអធិការឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ាត់ តុលលាស់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរអិស្លាម ជាអ្នកបើកបររថយន្ដទីកូ រីឯជនរងគ្រោះដែលរបួសស្រាល៤នាក់ទៀតជិះក្នុងរថយន្តឡិចស៊ីសមាន ១-ឈ្មោះ ឃឹម ឃុនឃឿន ភេទប្រុស អាយុ៦០ឆ្នាំ សមាជិកព្រឹទ្ធសភា(គណកម្មការទី៧) ជាអ្នកបើកបរ, ២-ឈ្មោះ ជា ស៊ីណា ភេទប្រុស អាយុ៣៤ឆ្នាំ, ៣-ឈ្មោះ ហុង នឿន ភេទប្រុស អាយុ៣២ឆ្នាំ និង ៤-ឈ្មោះ កែវ ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ ទាំងអស់គ្នារស់នៅរាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ រីឯសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ដទាំង២គ្រឿងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីដោះស្រាយទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក ៕
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment