ថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង ១៥:១៥ (23-09-2016 15:15)
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅនាយកដ្ឋានគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានរៀបចំធ្វើសន្និសិទសារព័ត៌មាន បង្ហាញមុខក្រុមជនសង្ស័យពាក់ព័ន្ធករណីបោកគ្រាប់បែកកាលពីវេលាម៉ោងប្រមាណ៧ និង៤០នាទីយប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។សន្និសីទកាសែតនេះធ្វើឡើងក្រោមអធិបតីយភាពលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ ង៉េង ជួរ អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងកិច្ចបង្ក្រាបមួយចំនួនទៀត ក្រោមការចូលរួមពីសំណាក់លោក ហឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានរៀបរាប់ពីកិច្ចការដែលសមត្ថកិច្ចបាន និងខិតខំប្រឹងប្រែងស្រាវជ្រាវបង្ក្រាបករណីបំផ្ទុះគ្រាប់បែក និងបានទម្លាយចេញមួយករណីទៀតតាមបាញ់ជនរងគ្រោះ ក្នុងរឿងសេ្នហាត្រីកោណតែមួយនោះ ។
លោកឧត្តមសេនីយ៍ ង៉េង ជួ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌដែលដឹកនាំកម្លាំងសហការបង្ក្រាបលើករណីនេះ បានបញ្ជាក់ថា ជនសង្ស័យដែលសមត្តកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែក និងការតាមបាញ់ប្រហាជនរងគ្រោះគឺមានបក្សពួកទាំង៨នាក់ ក្នុងចំណោម៩នាក់(គេចខ្លួនម្នាក់) ដែលមាន ១-ឈ្មោះ សុខ គឹមលី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម ជាមេខ្លោង ២-ឈ្មោះ ប៊ុន ភក្តី ហៅ ភ័ក្រ ហៅ វ័ន ភេទប្រុស អាយុ៣២ឆ្នាំ ៣-ឈ្មោះ នូ សំបាន ហៅ ខេន ភេទប្រុស អាយុ៣៣ឆ្នាំ ៤-ឈ្មោះ ប៊ូ សុភាព ហៅ តឿ ភេទស្រី អាយុ២៥ឆ្នាំ ៥-ឈ្មោះ សាក់ ម៉ាប់ ហៅ ចាប ភេទប្រុស អាយុ៣០ឆ្នាំ ៦-ឈ្មោះ នី ស័រប៊ិញ ភេទប្រុស អាយុ៣៦ឆ្នាំ ៧-ឈ្មោះ ចាំង ធីវ៉េ ភេទស្រី អាយុ៤៦ឆ្នាំ និង ៨-ឈ្មោះ ឡេ យ៉ាំងយ៉ុង ភេទប្រុស អាយុ៤២ឆ្នាំ ។
លោកឧត្តមសេនីយ៍ ង៉េង ជួ បន្តថា ចំណែកជនរងគ្រោះក្នុងអំពើប៉ុនប៉ងធ្វើឃាតកម្មនេះមានឈ្មោះ អៀ លីហួរ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់សម្ភារៈម៉ូតូធំ ស្នាក់នៅផ្ទះលេខ៤២២ ផ្លូវលេខ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកមានម៉ូតូជិះធ្វើសក្មភាព៣គ្រឿង កាំភ្លើងខ្លីម៉ាកកា៥៩មួយដើម និងគ្រាប់ ។
លោកអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជាក់ថា ឈ្មោះ សុខ គឹមលី មានប្តីឈ្មោះ តាន់ ឆាយម៉េង អាយុប្រមាណជាង៥០ឆ្នាំ ជាជនជាតិចិនសាំងហ្គាពួរ និងមានមុខរបរបើកក្រុមហ៊ុននៅទីនោះ ។ ឈ្មោះ សុខ គឹមលី នៅស្រុកខ្មែរនេះ បានលួចលាក់សហាយស្មន់ជាមួយឈ្មោះ អៀ លីហួរ អស់រយៈពេល៤ឆ្នាំហើយ រហូតបានកូនស្រីម្នាក់ទៀតផង ។ បើតាមចម្លើយឈ្មោះ សុខ គឹមលី បានសារភាពប្រាប់សមត្តកិច្ចថា ពេលខ្លួនស្រឡាញ់ អៀ លីហួរ ធ្លាប់បានលួចលាក់លុយប្តីយកទៅទិញម៉ូតូធំ១គ្រឿងតម្លៃ១ម៉ឺនដុល្លាអាមេរិក និងទិញរថយន្តឡិចស៊ីស១គ្រឿង ម៉ាក ជីអិច៣៣០ ពណ៌ស តម្លៃ៨ពាន់ដុល្លារអាមេរិកឲ្យឈ្មោះ អៀ លីហួរ ប្រើប្រាស់ជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ ក្រោយមកឈ្មោះ អៀ លីហួរ តែងតែមានស្រីផ្សេងបញ្ឈឺចិត្តខ្លួន ហើយដើម្បីឲ្យឈ្មោះ អៀ លីហួរ នៅស្រឡាញ់ខ្លួន(សុខ គឹមលី)សុខចិត្តទិញផ្ទះ១កន្លែងតម្លៃ១៣ម៉ឺនដុល្លារ នៅផ្លូវលេខ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងដាក់ឈ្មោះ អៀ លីហួរ ស្នាក់នៅជាកម្មសិទ្ធិទៀត ក្រោយមកឈ្មោះ អៀ លីហួរ នៅតែដើរនិយាយមើលងាយខ្លួនថា គេ អៀ លីហួរ ស្រឡាញ់នាងដោយសារមានលុយទេ មិនមានអារម្មណ៍ស្រឡាញ់ស្មោះនោះឡើយ ។ ចាប់ពីពេលឮពាក្យសំដី អៀ លីហួរ និយាយដូច្នេះខ្លួនមានគំនុំក្នុងចិត្តរហូតមានបំណងសម្លាប់ អៀ លីហួរ ឲ្យខាងតែបាន ។
ឈ្មោះ សុខ គឹមលី បានសារភាពប្រាប់សមត្ថកិច្ចទៀតថា នៅថ្ងៃខែមិនចាំ ឆ្នាំ២០១៥ ខ្លួនបានទិញកាំភ្លើងខ្លី១ដើម ម៉ាកកា៥៩ គ្រាប់១បង់ តម្លៃ១.៨០០ដុល្លារអាមេរិក ពេលទិញកាំភ្លើងបានហើយរកជួលឃាតករឲ្យតាមសម្លាប់ប្រុសស្នេហ៍បណ្តូលចិត្តដែលបានបោកប្រាស់ស្នេហារបស់ខ្លួន និងបានដើរនិយាយមើលងាយខ្លួន ។
ក្នុងសន្និសីទសារព័ត៌មានសមត្ថកិច្ចមិនបានរៀបរាប់ឲ្យអស់អង្គសេចក្តីទេ តែទោះជាយ៉ាងណាប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេបង្ហើបឲ្យដឹងបន្ថែមទៀតថា ឈ្មោះ សុខ គឹមលី ពិតជាអ្នកផ្តើមគំនិត រួមជាមួយជនដៃដល់ ប៉ុនប៉ងសម្លាប់ឈ្មោះ អៀ លីហួរ មែន ដែលនោះផ្តើមចេញពីរឿងស្នេហាត្រីកោណពិតប្រាកដ ។
ប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញ បន្តថា លើកដំបូងកាលពីជាង១ឆ្នាំមុន ស្ត្រីជាមេក្លោងបានជួលឃាតករស្ទើរភ្លើង១ក្រុមជនជាតិវៀតណាមដូចគ្នា និងសុទ្ធតែជាងសំណង់ ឲ្យតម្លៃ១ម៉ឺនដុល្លារអាមេរិកទៅតាមបាញ់សម្លាប់ប្រុសស្នេហ៍នោះឲ្យខាងតែបាន ។ ស្ត្រីជាមេខ្លោងបានរៀបចំផែនការសម្លាប់តាមកំហឹង និងបានផ្តល់រូបថតប្រុសស្នេហ៍ឲ្យទៅជនដៃដល់ ដើម្បីធ្វើការសិក្សា និងរកពេលវេលាសម្លាប់ ។ ចៃដន្យក្រុមឃាតករបានស្គាល់អ្នកបម្រើនៅផ្ទះជនរងគ្រោះក៏ទាក់ទងគ្នាយករឿងនេះទៅប្រាប់ជនរងគ្រោះយកប្រាក់ចែកគ្នាចាយវិញ មិនបានទៅសម្លាប់ទេ ដូច្នោះការប៉ុនប៉ងសម្លាប់ប្រុសស្នេហ៍លើកទី១ត្រូវរលាយខ្សុល ។ ក្រោយពីផែនការនោះមិនបានសម្រេច ស្ត្រីជនជាតិវៀតណាមឈ្មោះ សុខ គឹមលី បានផ្តើមគំនិតរកជួលឃាតករក្រុមថ្មីបន្តទៀត ដើម្បីទៅសម្លាប់ប្រុសស្នេហ៍នោះឲ្យទាល់តែបាន ។ លើកនេះបានឲ្យតម្លៃឈ្នួលឃាតករដល់ទៅ៣ម៉ឺនដុលា្លរអាមេរិកជាថ្នូរតាមផ្តាច់អាយុជីវិតប្រុសស្នេហ៍ឲ្យបានសម្រេច ។
លើកទី២នេះក្រុមឃាតករមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង និងប្រើប្រាស់គ្រាប់បែកដៃ១គ្រាប់ បំផ្ទុះនៅវេលាម៉ោងប្រមាណ៧ និង៤០នាទីយប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ពួកគេបានតាមជនរងគ្រោះ(ប្រុសស្នេហ៍ម្ចាស់ប្រាក់)ឃើញកំពុងបើកទ្វាររបងបំណងចូលផ្ទះនៅផ្លូវលេខ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយ២នាក់ជិះម៉ូតូ១គ្រឿងខាងមុខ និងជាអ្នកកាន់គ្រាប់បែក ពេលឃើញជនរងគ្រោះភ្លាមក៏ចោលគ្រាប់បែកវឹងដើម្បីសម្លាប់ ប៉ុន្តែនៅពេលពួកគេ២នាក់នោះបានចោលគ្រាប់បែកទៅ បែរជាទៅត្រូវចំទ្រូងម្នាក់ជិះម៉ូតូឌុបគ្នាបិទគូទខាងក្រោយ ធ្លាក់នៅកណ្តាលផ្លូវបណ្តាលឲ្យផ្ទុះរងរបួសអ្នកដំណើរ៤នាក់ និងរថយន្ត៤គ្រឿង ខណៈពួកគេទាំង៤នាក់ជិះម៉ូតូផុតពីគ្រាប់ផ្ទះនោះទៅ ។
កន្លះខែក្រោយមក នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យម្នាក់ដែលរត់គេចខ្លួនទៅខេត្តសៀមរាប និងបើកការស៊ើបអង្កេតបន្តរហូតយប់ថ្ងៃទី២០កញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងសំបុក ខណៈកំពុងស្នាក់នៅសំណង់ក្នុងបុរីចំការមន ខណ្ឌចំការមន រាជធានីភ្នំពេញ សរុប៨នាក់ រត់គេចខ្លួនបាត់ម្នាក់ ៕
loading...
0 comments:
Post a Comment