ក្រុមហ៊ុនអ៊ីនធ័រនែតអាមេរិក Yahoo! បានប្រកាសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ថាខ្លួនបានរងការវាយប្រហារតាមអ៊ីនធ័រនែត កាលពីចុងឆ្នាំ២០១៤ ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន។ ការវាយប្រហារនេះ អាចជាស្នាដៃរបស់ចោរអ៊ីនធ័រនែតមួយក្រុម ដែលមានរដ្ឋនៅពីក្រោយខ្នង។ ជាផលវិបាក មានអ៊ីមែល Yahoo! របស់អ្នកប្រើប្រាស់ប្រមាណ៥០០លាននាក់ នៅទូទាំងពិភពលោករងផលប៉ះពាល់។
នេះជាការវាយប្រហារជាធំបំផុតមួយ ប្រឆាំងនឹងក្រុមហ៊ុនអាមេរិក។ ក្រុមហ៊ុនដែលក៏ធ្លាប់រងការវាយប្រហារតាមអ៊ីនធ័រនែតម្តងហើយកាលពីឆ្នាំ២០១២ តែកាលណោះ ឈ្មោះនិងពាក្យសម្ងាត់របស់អ្នកប្រើប្រាស់អ៊ីមែល Yahoo! ជិតកន្លះលាននាក់ ត្រូវបានគេលួចយកបាននិងទៅបង្ហោះផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធ័រនែត។
នៅលើកនេះ បើតាមសេចក្តីថ្លែងការណ៍របស់ ក្រុមហ៊ុន Yahoo! ពួកចោរអ៊ីនធ័រនែត លួចបាននូវ អត្តសញ្ញាណបុគ្គល ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាស័យដ្ឋានអេឡិចត្រូនិក លេខទូរស័ព្ទ ឬ ពាក្យសម្ងាត់។ ក្រុមហ៊ុនបានធានាអះអាងថា ទិន្នន័យព័ត៌មានទាក់ទងធនាគារមិនត្រូវបានរបូតធ្លាយ ឬប៉ះពាល់ទេ។
លក់ទិន្នន័យYahoo! តម្លៃ ១៩០០ដុល្លារ
ប៉ុន្តែក្រុមហ៊ុន Yahoo! មិនបញ្ចេញឈ្មោះក្រុមចោរដែលខ្លួនសង្ស័យថា ជាអ្នកធ្វើសកម្មភាពវាយប្រហារតាមអ៊ីនធ័រនែតនិងជ្រៀតចូលលួចទិន្នន័យរបស់ក្រុមហ៊ុនទេ។ ក្រុមហ៊ុនគ្រាន់តែបានអះអាងថា ក្រុមចោរនោះ បានទទួលការគាំទ្រពីរដ្ឋមួយ មិនមែនជាក្រុមក្មេងតូចតាចទេ។ ហើយការឧបត្ថម្ភគាំទ្ររបស់រដ្ឋ ចំពោះក្រុមចោរ ដើម្បីវាយប្រហារតាមអ៊ីនធ័រនែត និងលួចព័ត៌មានមានកាន់តែច្រើនឡើងៗ នាពេលបច្ចុប្បន្ននេះ។
ក្រុមហ៊ុនអ៊ីនធ័រនែត Yahoo! បានចាប់សង្ស័យថាអំពីករណីវាយប្រហារតាមអ៊ីនធ័រនែតជាទ្រង់ទ្រាយធំ កាលពីខែសីហាកន្លងទៅថ្មីៗនេះ។ ក្រុមចោរអ៊ីនធ័រនែតមួយ ដែលប្រកាសប្រសិទ្ធិនាមខ្លួនឯងថា Peace ទើបលេចមុខជាថ្មី នៅតាមForumជាច្រើន លើប្រព័ន្ធអ៊ីនធ័រនែត។ នៅដើមខែប្រាំបីនោះ Peace បានទាក់ទងវិបសៃត៍ឯកទេសមួយឈ្មោះ Matherbaord ដើម្បីលក់ទិន្នន័យព័ត៌មានរបស់អ្នកប្រើប្រាស់ Yahoo! ចំនួន២រយលាននាក់ ក្នុងតម្លៃសរុវ១៩០០ដុល្លារ។ នេះបើតាម Matherboard។ ទិន្នន័យព័ត៌មានមានជាអាទិ៍ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាស័យដ្ឋានអេឡិចត្រូនិក ឬពាក្យសំងាត់ Password របស់អ្នកប្រើប្រាស់អ៊ីមែល Yahoo! ។
Peace នេះ ក៏ធ្លាប់បានប្រើល្បិចតែមួយ ពពាយនាយលក់ទិន្នន័យព័ត៌មានមួយភាគរបស់អ្នកប្រើប្រាស់ប្រព័ន្ធសង្គម LinkedIn ចំនួន ១១លាននាក់ និង អ្នកប្រើប្រាស់ គណនី MySpace ជាង៤០០លាននាក់ កាលពីខែឧសភា ទៅឱ្យវិបសៃត៍ឯកទេសផ្សេងៗ។
តាមរយៈការស៊ើបអង្កេត ដែលក្រុមហ៊ុនសហការយ៉ាងស្អិតល្មួតជាមួយនឹងអាជ្ញាធរអាមេរិក គេរកពុំឃើញមានសញ្ញាអ្វីមួយបញ្ជាក់ថា ក្រុមចោរជាប់សង្ស័យនោះកំពុងបន្តវត្តមាននៅក្នុងប្រព័ន្ធព័ត៌មានវិទ្យារបស់ Yahoo! ទៀតទេ។ ក្រុមហ៊ុន Yahoo! បានអះអាងថា បានទាក់ទងអ្នកប្រើប្រាស់ដែលរងការវាយប្រហារលួចទិន្នន័យរួចហើយ។
ប្តូរPassword
ក្រុមហ៊ុន Yahoo! បានប្រកាសថា បានចាត់វិធានការចាំបាប់សម្រាប់ការពារគណនីដែលរងការវាយប្រហារហើយ។ ប៉ុន្តែ Yahoo! បានផ្តល់អនុសាសន៍ដល់អ្នកប្រើប្រាស់ទូទៅទាំងអស់ ឱ្យគិតគូរប្តូរ Password ភ្លាម ប្រសិនបើអ្នកមិនដែលប្តូរពាក្យសម្ងាត់នោះតាំងពីឆ្នាំ២០១៤មក។ ទន្ទឹមគ្នានេះដែរ យើងត្រូវតែប្តូរ ឬកែប្រែសំណួរចម្លើយសុវត្ថិភាព ដើម្បីបានពាក្យសម្ងាត់ ឱ្យបានកាន់ឆាប់កាន់តែល្អ។ ព្រោះបើតាមសេចក្តីថ្លែងការណ៍ Yahoo! ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់មួយភាគ មិនទាន់ត្រូវបានពួកចោរវិភាគរកចេញទេ ឬក៏រកឃើញដែរតែនៅមានកំរិតទាប។ សំណួរចម្លើយសុវត្ថិភាពនេះ ច្រើនតែជាព័ត៌មានដ៏រសើបពាក់ព័ន្ធនឹងបុគ្គលបំផុត។
ក្រុមហ៊ុនក៏សូមអំពាវនាវឱ្យអ្នកប្រើប្រាស់អ៊ីមែល Yahoo! ទាំងអស់ ត្រួតពិនិត្យគណនីរបស់ខ្លួនឡើងវិញ ថាគ្មានសកម្មភាពឬសារអ្វីមួយប្លែកគួរឱ្យសង្ស័យទេ និងស្នើសុំឱ្យអ្នកប្រើប្រាស់ Flickr វិបសៃត៍ចែកចាយរូបភាពរបស់ Yahoo! ត្រូវតែប្តូរ Password ដូចគ្នា។
ជាចុងក្រោយ Yahoo! សំណូមពរសុំកុំឱ្យអ្នកប្រើប្រាស់ចេះតែចុចលើ Link ឬ Downlaod ឯកសារភ្ជាប់ដែលមិនស្គាល់អ្នកផ្ញើ ឬផ្ញើចេញពីAddressមិនគួរឱ្យទុកចិត្ត។ សូមប្រុងប្រយ័ត្នជាប់ជានិច្ចនៅពេលមានការស្នើសុំផ្តល់ព័ត៌មានផ្ទាល់ខ្លួន។
Yahoo! បានរំលឹកថាការវាយប្រហារតាមអ៊ីនធ័រនែត ពីសំណាក់ក្រុមចោរគាំទ្រដោយរដ្ឋ មានកាន់តែច្រើនឡើង នាពេលថ្មីនេះ។ ក្រុមហ៊ុន Yahoo! ផ្ទាល់ ក៏បានដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០១៤មក (ក្រោយការទម្លាយព័ត៌មានរបស់អេវ៉ាត ស្នូដិនអំពីប្រព័ន្ធតាមដានអ៊ីនធ័រនែត របស់ភ្នាក់ងារសន្តិសុខអាមេរិក) នូវវិធានការពង្រឹងសន្តិសុខការពារអ្នកប្រើប្រាស់អ៊ីមែល Yahoo! ទាំងអស់ ប៉ុន្តែការការពារនោះទំនងជាមិនអាចទប់ឈ្នះ នៅពេលចោរអ៊ីនធ័រនែត វាយលុកចូលដល់មូលដ្ឋានផ្ទុកទិន្នន័យរបស់ក្រុមហ៊ុន៕
ប្រភព៖ វិទ្យុបារ៉ាំង
loading...
0 comments:
Post a Comment