ភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ» ដែលឮល្បីថា បានចំណាយទុនផលិតអស់ជាង ៣០ លាន ដុល្លារ ដឹកនាំដោយកំពូលតារាស្រីហូលីវូដ និងផលិតករស្រីអាមេរិក អ្នកនាង អេនជេលីណា ជោលី បានថតចប់សព្វគ្រប់ហើយ ដែលបានមកផ្តិតយកទិដ្ឋភាពនៃឈុតឆាក ទីកន្លែងសម្តែងនៅស្រុកខ្មែរគឺខេត្តសៀមរាប និងខេត្តបាត់ដំបង ខណៈតួសម្តែងសំខាន់ៗក៏ជាខ្មែរ តែមិនទាន់បានចាក់បញ្ចាំងនៅឡើយនោះទេ។
ក្នុងបណ្ដឹងលែងលះរបស់ប្ដីប្រពន្ធកំពូលតារាហូលីវូដតម្លៃខ្លួនខ្ពស់ដែលល្បីមានទ្រព្យសម្បត្តិ ៣០០ លានដុល្លារ នោះមិនមានលើកពីហេតុផលលម្អិតដែលឈានដល់ការចែកផ្លូវគ្នានោះឡើយ។ ប៉ុន្តែយោងតាមគេហទំព័រ TMZ របស់អាមេរិក មូលហេតុដែលអ្នកនាង អេនជេលីណា ជោលី សម្រេចចិត្តលែងលះស្វាមីគឺដោយសារតែលោក ប្រេត ភីត មានស្នេហ៍លួចលាក់ជាមួយនឹងតារាភាពយន្តស្រី ជាតិបារាំងមិនទាន់លែងប្តីវ័យ ៤០ ឆ្នាំនាង ម៉ារីយ៉ាន ខ័រធីឡាដ។
ទី១ អ្នកនាង ជោលី និងតារាស្រីខ្មែរ ស្វែង សុជាតា ទី២ ជោលី និងតារាប្រុសខ្មែរលោក សាវិន ហ្វីលីព ។ ហ្វេសប៊ុក
អ្នកនាង ស្វែង សុជាតា ជាតារាសម្តែងស្រីខ្មែរ ដែលបានសម្តែងក្នុងរឿង និងជាតារាស្រីមានភាពស្និទ្ធស្នាលនឹងអ្នកនាង អេនជេលីណា ជោលី បានសម្តែងការភ្ញាក់ផ្អើល និងសោកស្តាយថា៖ «ខ្ញុំគ្រាន់តែបានជ្រាបដំណឹងនេះតាមបណ្តាញហ្វេសប៊ុក តែមិនច្បាស់លាស់ថាលែងលះមែនឬទេ។ តែប្រសិនបើជាដំណឹងពិតមែននោះ នាងខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ហើយក៏មិនចង់ជឿដែរថាម៉េចពួកគាត់បែកគ្នាឆាប់យ៉ាងនេះព្រោះពួកគាត់ទើបតែមកដឹកនាំថតរឿងនៅស្រុកខ្មែរយើងនាពេលប្រមាណបួនប្រាំខែចុងក្រោយនេះសោះ!»។
ចំណែកតារាសម្តែងប្រុសខ្មែរលោក សាវិន ហ្វីលីព ដែលបានសម្តែងជាមេទាហានខ្មែរក្រហមនោះបង្ហោះសារតាមហ្វេសប៊ុកលោកថា៖ «សូមចូលរួមសោកស្តាយចំពោះការលែងលះលើកនេះរបស់កំពូលតារាហូលីវូដទាំង ២ ព្រោះរបត់ជីវិតគ្មានអ្វីទៀងទាត់នោះឡើយ សូម្បីតែរូបកាយរបស់យើងផងដែរ!»។
រីឯម្ចាស់គេហទំព័ររបស់ផលិតករ និងអ្នកនិពន្ធខ្មែរវ័យក្មេងវិញក៏បានបង្ហោះសារដែរថា៖ «ខ្ញុំចង់ឃើញពួកគាត់ដឹកដៃគ្នាមកសម្ពោធរឿង ជាមួយនឹងម៉ាដុក។ តែឥឡូវនេះពួកគាត់បានប្តឹងលែងលះគ្នាហើយ។ តើធ្វើម៉េចទៅ? ពិតជាខកចិត្តណាស់»៕
ជោលី បណ្ដើរ ភីត ចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំមុន។ CIFF
ប្រភព៖ ភ្នំពេញប៉ុស្ត៏
loading...
0 comments:
Post a Comment