ប្រេតទី១-ឈ្មោះវន្តាស ៖ ប្រេតនេះមានភ្នែកគ្រលួង មានមុខក្រញូវ ដុះរោមច្រើនស្រមូវ មាត់វៀចកំប៉ូវ ខ្នងកោងកំពួរ សក់រួញក្រញង់ ដោះប៉ោង ខ្លួនធុំក្លិនខ្មួរ ដៃជើងក្រញង់ ធ្មេញដុះខុសជួរ មានរូបរាងខ្ពស់ជង្គ្រោង ស្គមដូចកុកគ្រោង ដំបៅពេញកាយ រាប់រយលានឆ្នាំមិនដែលស្គាល់បាយ ស៊ីតែកំហាកដែលស្តោះចេញពីមាត់គេ ។ ចំពោះប្រេតទាំងនេះមកពីមិនបានធ្វើបុណ្យដោយ ចិត្តជ្រះថ្លាស្តោះដាក់អាហារឲ្យអ្នកមានសីលខ្ពស់ ។
ប្រេតទី២-ឈ្មោះកុណបាស ៖ គឺមានពោះធ្លាក់ត្រយោក មុខខ្លីកំប៉ុក ភ្នែកប៉ុនត្រឡោក ចង្កាយារស្តោក ធ្មេញធំប៉ុនដប សក់វែងអូសដី ច្រមុះខើចខ្លី កស្តួចដូចដប ក្បាលធំជាងខ្លួនមិនសមប្រកប ។ ធុំក្លិនខ្លួនស្អុយអសោចិ៍ ស៊ីតែសពខ្មោច ។ ប្រេតនេះអត់បាយរាប់កោដិឆ្នាំ ស៊ីតែខ្ទុះឈាមនៃសពខ្មោចឥតបានប្រយោជន៍ទេ បើស៊ីណាស់កាន់តែឃ្លានណាស់ ព្រោះមានផលកម្មចាស់ដែលខ្លួនបានសាងឡើង ។
ប្រេតទី៣-ឈ្មោះគូថខាទក៖ ប្រេតនេះភ្នែករឹលទទឹង មាត់ខើចសំញេញ ដុះរោមជិតឈឹង ច្រមុះត្រង់ភ្លឹង កខ្លីដូចហ៊ីង ។ ក្បាលធំត្រមោង សក់ដុះខាងៗ កណ្តាលរលីង ត្រចៀកកំប៉ិត ពោះធំកំភ្លឹងរូបរាងស្គមកំព្រឹង ស៊ីតែលាមក ក្លិនស្អុយ ខ្មោះៗសាច់ស្រែងកក្រោះ ដៃជើងធំស្ទក់ ខំដើរស្កាត់រកគំនរលាមកមកធ្វើចំណី ។ ចំពោះប្រេតនេះ គឺរស់នៅរបៀបនេះរាប់រយកោដិឆ្នាំ រស់ដោយផលកម្ម គឺពៀរវេរាពីជាតិមុន ជាជនពាលអត់មានសទ្ធាកោងកាចអប្រិយ។
ប្រេតទី៤-ឈ្មោះអគ្គិជាលមុខ ៖ មានភ្លឺងឆេះរោលរាលពេញខ្លួនប្រាណ ភ្នែកហើមលៀន ភ្លើងឆេះរន្ធមាត់មានដំបៅខ្លាំងស្រែកយំ គគ្រក់ ហុយផ្សែងព័ន្ធព័ទ្ធសាច់ស្បែកឡើងរលួយ ភ្លើងឆេះទាំងយប់ទាំងថ្ងៃ។ ពួកប្រេតនេះគឺចង្រៃព្រោះមានកម្មសាងពីជាតិមុន គឺជាមនុស្សប៉ោឡែលេងនឹងព្រះសង្ឃបញ្ឆោតលេងសប្បាយ ។ ប្រេតនេះច្រើនតែរស់នៅដងព្រៃជ្រៅ ញកបព្វតាក្បែរមាត់សមុទ្រលើដុំសិលា ស្រេកឃ្លានអាហារ ស្រេកទឹក ពុំអាចឆីចំណីបាន ។
ប្រេតទី៥-ឈ្មោះសូចិមុខ៖ មុខមាត់ស្រួចដូចម្ជុល ក្បាលធំត្រមោង រន្ធមាត់ប៉ុនរន្ធគូទម្ជុល ដៃជើងធំបែករាងទុលមុល ធំប៉ុនភ្នំ ភ្នែកលៀនក្រឡោត ក្រចកដៃសោតស្រែងស៊ីសុសដុំ ដុះវែង ក្រាស់ចោតដូចជើងភ្នំ សក់ក្បាល ពុកមាត់ ពុកចង្កាដុះដូចព្រឹក្សា ។
ពួកប្រេតនេះច្រើនរស់នៅបព្វតាព្រៃជ្រៅ ភ្នំគិជ្ឈកូដ ហើយប្រេតនេះស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះតែរស់នៅដោយផលកម្មដែលខ្លួនបានសាង ។ កាលពីជាតិមុនមិនបានធ្វើបុណ្យ មានទ្រព្យច្រើនតែចិត្តកំណាញ់មិនដាក់ទានឲ្យអ្នកក្រខ្សត់ សូម្បីតែមាតាបិតាក៏មិនឲ្យលោកពិសាគ្រប់ដែរ ។
ប្រេតទី៦-ឈ្មោះតណ្ហដិ្ឋត ៖ មានរូបរាងធំខ្ពស់ពេញចិត្ត ដៃជើង ធំៗ ខ្លួនធំដូចយក្ស សាច់ពព្លាក់ពពាល ឡើងចាង កវែង ក្បាលផ្អៀង ភ្នែកស្រលៀង ច្រមុះធំខ្លី រោមដុះស្រមាង ដៃជើងក្រញាង ធ្មេញសំញេញ បបូរមាត់ស្ពែះយារធ្លាក់សំយេះ ពោះប៉ោងក្រអាញ ធំវែងដូចភ្នំ សាច់ស្បែកស្ពោតសាញដុះស្លែស្រមាញ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅដាច់ពីគេឯង ហើយស្រេកឃ្លានអាហារ ព្រោះស៊ីមិនបាន ស្រេកទឹកខ្លាំងណាស់ឃើញបឹង ស្រះស្ទុះទៅរក ប៉ុន្តែបានប្រែក្លាយទៅជាក្រួសថ្មទៅវិញ ។
ប្រេតទី៧-ឈ្មោះសុនិជ្ឈាមក ៖ មានរូបរាងកាយគ្រាំគ្រាគ្មានពេលស្បើយទេ ។ ប្រេតនេះគឺមានកម្មក្រាស់ណាស់ បើមានចំណីគឺពុំអាចស៊ីបានទេ គឺមាត់ដុះកន្ទុយ។ ចំពោះរូបរាងវិញគឺអាក្រក់ ពោះប៉ោងកំប៉ិត ផ្ចិតទុលលៀនស្អុយ ច្រមុះកញ្ឆត ភ្នែកដូចទីទុយ ដុះរោមច្រើន មាត់ស្អុយខ្មួរខ្មោះ សាច់ខ្មៅក្ងិត រាងខ្ពស់ស្គមស្វិតដៃជើងក្រោះ ម្រាមដៃដុះចង្កា ។ ត្រចៀកបាក់ធ្លាក់យារដាបដល់ស្មា សក់ក្បាលវែងអាក្រក់ពេកក្រៃ ។
ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅឆ្ងាយដាច់ពីគេ ឬនៅលើកោះតែម្នាក់ឯង ព្រោះខ្លួនចង្រៃប្រព្រឹត្តតក់ម៉ក់ពេលឃើញសាមណៈ ឬស្មូមយាចក ប្រើពាក្យអាក្រក់ ជេរស្តីឲ្យលោក និយាយពាក្យចាក់ដោតឡកឡាយ បញ្ឆោតអ្នកមានសីលឲ្យអាប់កិត្តិយស ។
ប្រេតទី៨-ឈ្មោះសត្ថង្គ ៖ មានដំបៅពេញរាងកាយ ក្នុងសាច់សុទ្ធតែពងរុយ មានខ្ទុះពាសពេញខ្លួនប្រាណ ក្លិនស្អុយគគ្រុក ភ្នែកធំលៀន ច្រមុះធំវែង ពោះធ្លាក់ទ្រយុក ស្រែកថ្ងូររងទុក្ខ ។ ដោយមានសេចក្តីស្រេកឃ្លាន ខំយកដៃខ្វារពាសពេញប្រាណ ក្រចកវែងមុត ខ្វេះហែកសាច់បានគឺសាច់ខ្លួនឯង យកមកស៊ីជាអាហារ ប៉ុន្តែបើស៊ីណាស់រឹតតែឃ្លាន ព្រោះវាមានកម្មក្រាស ណាស់។ នៅក្នុងព្រៃជ្រៅលើកោះ ក៏មានច្រើនណាស់ គគោករាប់ម៉ឺនសែនលាន កាលពីជាតិមុនអត់បានធ្វើបុណ្យ មានចិត្តកាច ។ ប្រេតនេះច្រើនរស់នៅឫស្យា ប្រកែកជាមួយម៉ែឪ ព្រមទាំងវាយគាត់ ប្រើពាក្យប្រមាថជីដូន ជីតា ឬញាតិសន្តានបំភ្លេចគុណគេ បែរជាឲ្យទោសគេទៅ វិញ។
ប្រេតទី៩-ឈ្មោះបព្វតង្គ ៖ មានដៃខ្លីជើងខ្លី ខ្លួនវែងជ្រងក់ ធំខ្ពស់ដូចភ្នំ ក្បាលតូច កខ្លី សាច់រឹងដូចដំរី ។ ចំពោះខ្លួនប្រាណវិញ គឺមានភ្លើងឆេះរងំឆេះទាំងយប់ទាំងថ្ងៃ ដូចភ្លើងឆេះភ្នំ ។ ស្រេកឃ្លានអាហាររាប់កោដិឆ្នាំ ឃ្លានឥតមានស្រាក តែមិនស្លាប់ព្រោះបានធ្វើបាបកម្មច្រើន និងទ្រាំរស់នៅបែបបនេះរាប់រយឆ្នាំទៀតលុះអស់កម្មពៀរ។ ប្រេតនេះច្រើនរស់នៅក្នុងដងព្រៃជ្រៅនាហេមពាន្តភ្នំគិជ្ឈកូដ កាលពីជាតិមុនគឺមនុស្សទុរជន មានចិត្តរឹងរូសចងគំនុំឈ្លោះប្រកែក និងតាមព្យាបាទគេឯងឥតកោតក្រែងអំពើអាក្រក់ដែលខ្លួនបានសាង ។
ប្រេតទី១០-ឈ្មោះអជគរង្គ ៖ មានក្បាលច្រើនប្រភេទ ដូចជាពស់ថ្លាន់ សត្វខ្លា ឆ្មា គោ ក្របី...។ ប្រេតនេះចម្លែកមានរូបរាងប្លែកខុសប្រក្រតី ខ្លួនជាពស់ថ្លាន់ធំវៀនលើដី ធំវែងដូចភ្នំ។ ភ្លើងឆេះព័ទ្ធរុំទាំងយប់ទាំងថ្ងៃ ស្រេកឃ្លានអាហារគ្រប់ពេលវេលា ចេះតែថ្ងូរស្រែក ទុក្ខខ្លាំងពេកក្រៃ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅ ឬបុព្វតា ក្បែរសមុទ្រលើដុំសិលា ។
ប្រេតនេះពីជាតិមុនមិនបានធ្វើបុណ្យ ប្រព្រឹត្តប៉ោឡែ មិនខ្លាចម៉ែឪ ជីដូនជីតា ជេរអ្នកមានគុណថាឆ្កែឆ្មា ។ ចំពោះព្រះសង្ឃក៏មិនខ្លាចប្រើពាក្យប្រមាថទៅទៀត ទើបធ្វើឲ្យប្រេតនេះមានក្បាលច្រើនបែបនេះឯង មានភ្លើងគ្រប់ពេលវេលាបែបនេះ ។
ប្រេតទី១១-ឈ្មោះវិមានិក ៖ មានរូបធំទ្រមឹង រាងធាត់ក្រអាញ ដុះរោមជិតឈឹង ពោះប៉ោងត្រង់ភ្លឹងសម្បើមអស្ចារ្យ ប៉ុន្តែសុខ ទុក្ខស្មើគ្នា ។ តាមធម្មតាដៃកាន់អាវុធ ចិត្តកាចក្លៀវក្លា ។ ប្រេតនេះគេហៅថាយមរាជទៅកាប់សត្វនរកឈាមប្រឡាក់ព្រាច ពីព្រឹកដល់ល្ងាចអត់បាយអត់ទឹកវាយសួរចម្លើយ កាត់ទោសគ្រប់នរក ត្រួតត្រាលើគេទាំងអស់ ។ ពេលដែលសោយសុខ គឺក្លាយខ្លួនទៅជាទេវបុត្រកម្លោះ មានរូបល្អឥតខ្ចោះនៅក្នុងឋានសួគ៌ ស្រីទេពអប្សរចោមរោមសុំស្នេហ៍។ ដល់ពេលសោយទុក្ខកើតជាប្រេតចង្រៃរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ។ ប្រេតនេះកាលពីជាតិមុនជាមនុស្សស៊យប្រព្រឹត្តលេលា បានធ្វើទានខ្លះធ្វើតាមទម្លាប់ គឺបុណ្យក៏ធ្វើបាបក៏ធ្វើក្នុងន័យប្រមាថ ដូចនេះហើយទើបផលកម្មសងទាំងពីរបែបនេះ ។
ប្រេតទី១២-ឈ្មោះមហិទ្ធិក ៖ រូបល្អពេញទីជាស្តេចនៃប្រេតអ្នកមានឫទ្ធីល្អឥតមានពីរស្មើរូបទេព្តា មានគ្រឿងស្លៀកពាក់ស្រស់ស្អាតពេកក្រៃទាស់តែស្រេកឃ្លានអាហារ អ្វីៗត្រេកអរលើសលន់ខំស្ទុះទៅចាប់ភ្លើងឆេះពេកពន់ បើមិនដូចនោះទេ ឃើញហើយខំស្ទុះចាប់កើបស្រវាបានដាក់ក្នុងមាត់លេបទៅកាលណាស្រាប់តែក្លាយជាដុំដែកក្រហមច្រាលឆ្អៅ ឆេះឆាបក្នុងមាត់ស្រេកឃ្លានណាស់ ព្រោះមានកម្មច្រើន ក្លិនស្អុយអស្ចារ្យ ល្អតែរូបកាយ ។ ប្រេតនេះកាលពីជាតិមុនបួសក្នុងសាសនាប្រមាថសុសសាយ បួសមិនប្រព្រឹត្តវិន័យ បួសឆាន់តែបាយ ប្រព្រឹត្តអាក្រក់ធ្វើមិច្ឆាចារ ឆបោកគ្រហស្ថ ប្លន់លាភសាសនាវិន័យសិក្ខាមិនប្រតិបត្តិ ។
ព្រះមហាគង់ ផែង មានថិរដីកាថា ពិធីបោះបាយបិណ្ឌគឺជាពិធីមានន័យណាស់ តែបែរជាមានយុវវ័យមួយចំនួនយក ពិធីនេះទុកជាការលេងសើចដោយខ្លះបានយកបាយបិណ្ឌគប់គ្នាលេង ។ ខ្លះទៀតនោះយកលេសថាទៅបោះបាយបិណ្ឌ តែបែរជាណាត់ជួបគ្នា និងទុកជាកន្លែងទាក់ទងស្នេហាទៅវិញ ។ យុវជន យុវនារីទាំងអស់ដែលទៅបោះបាយបិណ្ឌ ត្រូវតែស្តាប់ឱវាទព្រះសង្ឃ និងអាចារ្យ និងត្រូវបោះដោយសេចក្តីគោរពទើបជាការប្រសើរ ៕
ប្រភព៖ facebook ពុម ពន្លឺ
loading...
0 comments:
Post a Comment