ឧបករណ៍ក្មេងលេងដ៏ពេញនិយមបំផុតសម្រាប់កុមារសម័យបច្ចេកវិទ្យាពត៌មាននេះដែលគ្មាននរណាអាចបដិសេធបានគឺ ទូរស័ព្ទស្មាតហ្វូននិងថេប្លីត (Smartphones & Tablets) របស់ឪពុកម្តាយពួកគេ ឬដែលឪពុកម្តាយទិញឱ្យកូនៗធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតែម្តង។
ទន្ទឹមនឹងការប្រើប្រាស់ថេប្លីតនិងទូរស័ព្ទស្មាតហ្វូនធ្វើជាវត្ថុសូកប៉ាន់កូនៗឱ្យមានឥរិយាបថល្អនិងនៅស្ងៀមស្ងាត់ ឪពុកម្តាយទាំងឡាយក៏មានក្តីបារម្ភផងដែរអំពីផលប៉ះពាល់មិនល្អនៃឧបករណ៍អេឡិចត្រូនិកចុចអេក្រង់ទាំងនេះចំពោះកូនៗជាទីស្រលាញ់របស់ពួកគេដូចជាធ្វើឱ្យភ្នែកអន់ខ្សោយ និងធ្វើឱ្យញៀនជាដើម។
ជាការពិតណាស់ ថេប្លីតនិងទូរស័ព្ទស្មាតហ្វូនផ្តល់ទាំងអត្ថប្រយោជន៍និងផលអាក្រក់ចំពោះទាំងកុមារនិងមនុស្សពេញវ័យ។ បញ្ហាសំខាន់នៅត្រង់ថា តើយើងគួរប្រើប្រាស់វាយ៉ាងណាដើម្បីបង្កើនអត្ថប្រយោជន៍ជាអតិបរមានិងកាត់បន្ថយផលអាក្រក់ជាអប្បបរមា?
ការណែនាំសម្រាប់កុមារប្រើប្រាស់ថេប្លីតនិងទូរស័ព្ទស្មាតហ្វូន
ខាងក្រោមនេះគឺជាគោលការណ៍ណែនាំខ្លះៗសម្រាប់កូនៗលោកអ្នកដែលប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកចុចអេក្រង់៖- បណ្ឌិតសភាអាមេរិកផ្នែកឱសថនិងជម្ងឺកុមារ (American Academy of Pediatrics) ណែនាំឱ្យកំនត់រយៈពេលលេងជាមួយអេក្រង់ត្រឹម២ម៉ោងក្នុងមួយថ្ងៃសម្រាប់កុមារអាយុចន្លោះពី៣ទៅ១៨ឆ្នាំ។ សម្រាប់កុមារអាយុ២ឆ្នាំចុះក្រោម មិនគួរឱ្យលេងទេពីព្រោះអាចនឹងមានផលប៉ះពាល់អាក្រក់ទៅលើខួរក្បាលរបស់ពួកគេដែលកំពុងតែលូតលាស់យ៉ាងឆាប់រហ័ស។
- បង្កើតច្បាប់វិន័យសម្រាប់ការប្រើប្រាស់ស្មាតហ្វូននិងថេប្លីត ហើយធានាឱ្យបានថាកូនៗលោកអ្នកប្រតិបត្តិតាម។ ឧទាហរណ៍ អានសៀវភៅមួយម៉ោង ឬលេងកីឡាហាត់ប្រាណមួយម៉ោងដោះដូរជាមួយនឹងការលេងស្មាតហ្វូននិងថេប្លីតមួយម៉ោង អនុញ្ញាតឱ្យលេងតែ១ម៉ោងនៅថ្ងៃរៀន ឬ៣ម៉ោងនៅថ្ងៃចុងសប្តាហ៍ ។ល។
- កុំអនុញ្ញាតឱ្យកូនតូចរបស់លោកអ្នកឈ្ងោកមុខមមាញឹកជាមួយអេក្រង់នៅពេលដែលពួកគេចេញទៅខាងក្រៅ
- ប្រសិនបើអាច សូមជ្រើសរើសកម្មវិធីអប់រំដែលក្មេងៗនៅតែអាចលេងយ៉ាងសប្បាយរីករាយដូចជាការលេងហ្គេមអញ្ចឹងដែរ។
- កូនៗលោកអ្នកយកគំរូតាមឥរិយាបថរបស់លោកអ្នក។ ប្រសិនបើពួកគេមើលឃើញលោកអ្នកប្រើទូរស័ព្ទស្មាតហ្វូននិងថេប្លីតច្រើនម៉ោងខ្លាំងពេក ពួកគេអាចនឹងយកតម្រាប់តាម។ ចូរបង្ហាញកូនៗលោកអ្នកឱ្យបានឃើញថា ពួកគេគឺជាអាទិភាពសំខាន់ជាងទូរស័ព្ទស្មាតហ្វូនដោយការចំណាយពេលវេលាច្រើនជាមួយពួកគេ ឬដោយការជជែកលេងជាមួយកូនៗនៅពេលដែលពួកគេត្រឡប់មកពីសាលារៀន។
- ជម្រុញកូនៗលោកអ្នកឱ្យប្រាស្រ័យទាក់ទងក្នុងសង្គមជាមួយក្មេងៗដទៃទៀតមិនត្រឹមតែតាមរយៈអេក្រង់ប៉ុណ្ណោះទេ ប៉ុន្តែក្រៅពីអេក្រង់ផងដែរ។
loading...
0 comments:
Post a Comment